យោងតាមភ្នាក់ងារសារព័ត៌មាន Channel News Asia ដែលបានរាយការណ៍កាលពីថ្ងៃសៅរ៍ កន្លងមកបានឲ្យដឹងថា លោក Jean-Claude Juncker ដែលជាប្រធានគណៈកម្មាធិការអ៊ឺរ៉ុបបាននិយាយថានៅតែមានកង្វល់ថាប្រទេសអង់គ្លេសនឹងចាកចេញពីសហភាពអ៊ឺរ៉ុប (EU) ដោយមិនមានកិច្ចព្រមព្រៀងដដែល ហើយលោកបានជំរុញដល់ប្រទេសអង់គ្លេសឲ្យទាញអត្ថប្រយោជន៍ពីការពន្យាពេលរយៈពេល៦ខែដើម្បីធ្វើការលើព័ត៌មានលម្អិតទាក់ទិននឹងការចាកចេញ ។
លោកបាននិយាយថា «មិនមាននរណាដឹងថា Brexit នឹងត្រូវបានបញ្ចប់ដោយយ៉ាងដូចម្តេចទេ។ វាកំពុងតែបង្កើតភាពមិនប្រាកដប្រជា»។
បើទោះជាការពន្យាពេលដល់ថ្ងៃទី៣១ ខែតុលា មិនអាចផ្តល់ភាពប្រាកដប្រជាទាក់ទិននឹងកាលបរិច្ឆេទ និងវិធីនៃការចាកចេញឬថាតើ Brexit អាចនឹងកើតមានឡើងឬទេពិតមែន ប្រទេសអង់គ្លេសនៅតែគួរប្រើពេលវេលាឲ្យបានល្អ ។
លោក Juncker បានបន្ថែមថា«ខ្ញុំសង្ឃឹមថាប្រទេសអង់គ្លេសនឹងប្រើពេលវេលាឲ្យបានល្អនិងមិនខ្ជះខ្ជាយវាសាជាថ្មីម្តងទៀត។ ពួកយើងមិនអាចបន្តពន្យាពេលកាលបរិច្ឆេទនៃការចាកចេញរហូតបានទេ។ ដំណោះស្រាយល្អបំផុតគឺប្រទេសអង់គ្លេសត្រូវសម្រេចលើកិច្ចព្រមព្រៀងចាកចេញមួយក្នុងកំឡុងពេលដែលត្រូវបានព្រមព្រៀងនេះ»។
កិច្ចព្រមព្រៀងសម្រាប់ការចាកចេញដែលអ្នកស្រីនាយករដ្ឋមន្ត្រី Theresa May បានចរចាជាមួយនឹង EU ត្រូវបានបដិសេធ ៣ដងមកហើយដោយសភាអង់គ្លេស ។ ជាមួយគ្នានេះផងដែរ លោក Juncker នឹងជួបជាមួយនឹងលោកប្រធានាធិបតីដូណាល់ត្រាំ (Donald Trump) របស់សហរដ្ឋអាមេរិកនៅកិច្ចប្រជុំ G20 ក្នុងប្រទេសកាណាដានាខែមិថុនាខាងមុខផងដែរ ហើយលោកគិតថានឹងមានការចរចាគ្នាច្រើន ។
ទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិង EU បានជួបនឹងបញ្ហាជាច្រើនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបន្ទាប់ពីសហរដ្ឋអាមេរិកដាក់ពន្ធលើក្រុមប្រទេសនេះ ក៏ដូចជាគម្រាមកំហែងថានឹងដាក់បន្ថែមផងដែរ ៕
ចែករំលែកព័តមាននេះ