ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តុកក្តួល​ណាស់​! ពាក្យ​ពេចន៍​ដ៏​កំសត់​របស់​នាយ​តាក់ស៊ី ប្រាប់​លោក អុឹម ជីវ៉ា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ប្រចាំ​ស្ថានីយទូរទស្សន៍ CTN នាយ តាក់ស៊ី បាន​ប្រកាស​ជំហរ​ក្នុង​បំណង​ចេញ​ទៅ​បួស​ជា​លោកសង្ឃ ដោយ​សុខចិត្ត​លះបង់​សិល្បៈ និង​ប្រពន្ធ កូន…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ប្រចាំ​ស្ថានីយទូរទស្សន៍ CTN នាយ តាក់ស៊ី បាន​ប្រកាស​ជំហរ​ក្នុង​បំណង​ចេញ​ទៅ​បួស​ជា​លោកសង្ឃ ដោយ​សុខចិត្ត​លះបង់​សិល្បៈ និង​ប្រពន្ធ កូន ព្រោះតែ​អស់សង្ឃឹម​នឹង​ជំងឺ​ទឹកនោមផ្អែម​ដ៏​រាំ​រ៉ៃ​ព្យាបាល​មិនជា​។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក អ៊ឹម ជីវ៉ា ដែល​បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩​នេះ បន្ទាប់​ពី​បាន​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​តារា​កំប្លែង​ខាងលើ​នេះ​។

ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នេះ បាន​ក្លាយ​ជាទី​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​សម្រាប់​មហាជន​គាំទ្រ​តារា​កំប្លែង​រូប​នេះ ក្នុង​ពេល​ដែល​លោក អ៊ឹម ជីវ៉ា បាន​លាតត្រដាង​នូវ​រឿងរ៉ាវ​ពិត​ដែល​ស្ថិត​នៅ​ពីក្រោយ​ភាព​កំប្លុកកំប្លែង​របស់​នាយ តាក់ស៊ី ដែល​ស្តាប់​ទៅ​គួរ​ឲ្យ​អាណិតអាសូរ​។

បើ​យោង​តាម​អ្វី​ដែល​លោក អ៊ឹម ជីវ៉ា បាន​សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ដឹង​ថា អាណិត​តារា​កំប្លែង​នាយ​តាក់ស៊ី​ណាស់ ផ្អាក​ពី​សិល្បៈ​បែរជា​ទៅ​បួស​ជា​ព្រះសង្ឃ​រហូត ដោយសារ​តែ​ជំងឺ​រ៉ាំរ៉ៃ​ខ្លាំង​ពេក ។

លោក​បញ្ជាក់​ថា ខ្ញុំ​ស្គាល់​បង​តាក់ស៊ី​១៤​ឆ្នាំ​ហើយ ក្នុង​ឆ្នាំ​២០០៥ គឺ​តាំងពី​គាត់​កំប្លែង​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ម្ល៉េះ គាត់​ខំប្រឹង​ប្រែង​តស៊ូ​នឹង​សិល្បៈ​ណាស់ បាន​តិចតួច​គាត់​មិន​ដែល​មាត់​.​ក​ដូច​គេ​ទេ ឱ្យ​តែ​ហៅ​គាត់​ទៅ​កំប្លែង​! ។

កន្លង​មក ខ្ញុំ​និង​គាត់​មិនសូវ​ជា​បាន​ជួប​គ្នា​ទេ​ដោយសារ​រវល់​រៀង​ៗ​ខ្លួន តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​នោះ គឺ​ខ្ញុំ​កំពុង​តែ​អង្គុយ​ហូប​បាយ ស្រាប់តែ​គាត់​ដើរមក​ប្រាប់​ខ្ញុំ​ថា ជីវ៉ា​អើយ បង​ជិត​ផ្អាក​ពី​សិល្បៈ​ហើយ ខ្ញុំ​សួរ​គាត់​វិញ​ថា ថី​បាន​បង​ឯង​ឈប់ ?​? គាត់​ថា គាត់​ទៅ​បួស​រហូត !! ខ្ញុំ​សួរ​ថា ចុះ​ក្រុម​គ្រួសា​ប្រពន្ធ​កូន? គាត់​ឆ្លើយ​ថា ខ្ញុំ​ទៅ​បួស​នេះ គឺ​មិន​យក​អ្វី​ទៅ​ទាំងអស់ គឺ​សុំ​ផ្ញើខ្លួន​តែ​លើ​ព្រះសង្ឃ​ទេ ហើយ​ខ្ញុំ​ក៏​បាន​ប្រាប់​ប្រពន្ធ​ខ្ញុំ​ដែរ​ថា ឱ្យ​គាត់​ទៅ​រក​អ្នក​ណា​ថ្មី​ទៅ ខ្ញុំ​សុខចិត្ត​លះបង់​ទាំងអស់ !!!​។

បង​តាក់ស៊ី​គាត់​និយាយ​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា ខែ​៥ គឺ​ខែឧសភា​នេះ បង​ទៅ​បួស​ហើយ រាល់ថ្ងៃ​បង​មិន​អាច​ទប់​នឹង​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ផ្សេង​ទៀត​បាន​ទេ គឺ​បង​ពិបាក​ទ្រាំ​ណាស់​ប្អូន​អើយ ពេល​ខ្លះ​ថប់ដង្ហើម​សន្លប់​ស្ទើរ​រាល់ថ្ងៃ​ក៏​មាន ។ ខ្ញុំ​ប្រាប់​គាត់​ថា ម៉េច​ក៏​បង​មិន​ទៅ​ពេទ្យ គាត់​ថា គាត់​ទៅ​អស់ហើយ តែ​ពិបាក​ណាស់​អូន​អើយ គាត់​និយាយ​ទាំង​ទឹកមុខ​ក្រៀមក្រំ ។ ខ្ញុំ​ពិតជា​អាណិត​បង​តាក់ស៊ី​ណាស់ អ្វី​ដែល​ខ្ញុំ​អាច​ជួយ​បង​បាន​មាន​តែ​ផ្តល់​កម្លាំងចិត្ត​ឱ្យ​បង​ឆាប់​ជា​ពី​ជំងឺ សូម​បង​កុំ​អស់សង្ឃឹម ។

យ៉ាងណា​ជុំវិញ​បញ្ហា​ខាងលើ​នេះ កោះសន្តិភាព​នៅ​មិន​ទាន់​បាន​សុំ​ការ​បកស្រាយ​ពី​តារា​កំប្លែង​នាយ តាក់​ស៊ី នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩ នេះ​។ ដោយឡែក​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ដែរ អ្នកដឹកនាំ​កម្មវិធី​កំសាន្ត​របស់​ស្ថានីយទូរទស្សន៍ CTN លោក សុវណ្ណ រិ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា លោក​ធ្លាប់​បានលឺ​ពាក្យ​សម្តី​ខាងលើ​នេះ ពេល​លោក តាក់​ស៊ី យូរហើយ​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​គឺ​មិន​ទាន់​ឃើញ​អ្វី​ប្រែប្រួល​ដូច​គាត់​និយាយ​នោះ​ឡើយ​។

លោក​និយាយ​ថា ពូ​លឺ​តែ​គាត់​និយាយ​ពាក្យ​ហ្នឹង ខែ​01 គាត់​ថា ខែ​2 ខែ​04 គាត់​ថា ខែ​05 ចាំ​ឱ្យ​ច្បាស់​សិន ព្រោះ​មិន​ទាន់​មាន​ជា​លាយលក្ខណ៍អក្សរ​មក​ពូ​ទេ​។

ជា​ការ​កត់​សម្គាល់ការ​ប្រកាស​បួស​ជា​ព្រះសង្ឃ​របស់​នាយ តាក់ ស៊ី នា​ពេល​នេះ​បាន​កើតឡើង​ស្រ​ដៀង​គ្នា​ផង​ដែរ កាលពី​អំឡុង​ចុងឆ្នាំ​២០១៨ ដែល​គេ​បាន​ប្រទះ​ឃើញ​តារា​កំប្លែង​រូប​នេះ​បាន​ដើរ​តែ​ម្នាក់ឯង​នៅ​លើ​ភ្នំ​គូលែន ដោយ​ស្លៀកពាក់​.​ស​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ រឿងរ៉ាវ​នេះ លោក សុវណ្ណ រិ​ទ្ធី ក៏​ធ្លាប់​បាន​អះអាង​ប្រាប់​​សារព័ត៌​មាននៅ​ក្នុងស្រុក​ដែរ​ថា កូនក្រុម​របស់​លោក​បាន​សុំ​ការ​អនុញ្ញាត​ពី​លោក​ទៅ​បួស​នៅ​លើ​ភ្នំ​គូលែន​នេះ​។ លោក​បញ្ជាក់​ថា «​គាត់​ចង់​បួស​បែប​នេះ​យូរ​មក​ហើយ និង​បាន​ព្យាយាម​សុំ​ច្បាប់​ខ្ញុំ ហើយ​ខ្ញុំ​ប្រាប់​ថា មិន​អី​ទេ រើស​រក​វេលា​ណាមួយ​ទៅ លៃ​យ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​ការងារ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ