ខេត្តតាកែវ ៖ នារីម្នាក់បើកបរម៉ូតូវ៉ាម៉ូតូមួយគ្រឿងទៀតរួចក៏បានទាក់ដៃចង្កូតគ្នា បណ្តាលឲ្យនារីរងគ្រោះដួល ស្របពេលនោះស្រាប់តែមានរថយន្តដឹកដីមួយគ្រឿងបើកមកពីក្រោយក៏កិន បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២១ មេសា ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ចំណុចភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។
តាមប្រភពពីប៉ូលិសចរាចរណ៍ស្រុកបាទីបានអោយដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ហ៊ែល សម្ភស្ស ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។
តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះបើកបរម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ ១HI-៥២១៦ ធ្វើដំណើរពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បានបើកវ៉ាជែងម៉ូតូមួយគ្រឿងទៀតដែលកំពុងបើកបរស្របទិសគ្នាក៏ទាក់ដៃចង្កូតបណ្តាលឲ្យនារីរងគ្រោះដួល គាប់ជួនពេលនោះស្រាប់តែមានរថយន្តដឹកដីមួយគ្រឿងដែលកំពុងបើកបរស្របទិសគ្នាបានមកដល់ក៏កិននារីរងគ្រោះ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ក្រោយកើតហេតុ កម្លាំងជំនាញនៃអធិការនគរបាលស្រុកបាទីបានចុះដល់វាស់វែង និងធ្វើកំណត់ហេតុ ព្រមទាំងនាំយកទាំងម៉ូតូជនរងគ្រោះនិងរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធី ។ ចំណែកសពនារីរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ