រាជធានីភ្នំពេញ ៖ ផ្ទះជួលមួយកន្លែងពេលដែលកម្មករត្រឡប់មកពីចូលឆ្នាំប្រពៃណីខ្មែរនៅស្រុកកំណើតវិញត្រូវបានម្ចាស់ផ្ទះជួលទារតម្លើងថ្លៃក្នុងមួយខែ១០ដុល្លារធ្វើឲ្យកម្មករកម្មការិនីផ្ទុះការតវ៉ាដោយនាំគ្នាបិទផ្លូវ ដើម្បីអោយអាជ្ញាធរជួយរកដំណោះស្រាយបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅក្នុងផ្ទះឡ ភូមិ ត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងនៅអគារ៦ជាន់ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
ផ្ទះឡខាងលើមានបន្ទប់ជួលជាង៨០០បន្ទប់ និងមានមនុស្សរស់នៅប្រមាណរាប់ម៉ឺននាក់ អ្នកខ្លះរស់នៅរួមជាមួយមិត្តភក្ដិខ្លះ និងជាលក្ខណៈគ្រួសារខ្លះផងដែរ ដែលស្ថិតនៅសង្កាត់២ និងខណ្ឌ២ជាប់ព្រំប្រទល់ជាមួយគ្នា គឺសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ចំណែកនៅអគារ៦ជាន់ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានបន្ទប់ជួលចំនួន៣០០បន្ទប់ ។
តាមរយៈកម្មករកម្មការិនីស្នាក់នៅផ្ទះជួលក្នុងផ្ទះឡបាននិយាយថា ពួកគាត់ទើបមកពីស្រុកកំណើតភ្លាមបានលឺដំណឹងថា ម្ចាស់ផ្ទះឡខាងលើនឹងដំឡើងថ្លៃបន្ទប់ជួលឈ្នួល១០ដុល្លារ ហើយនៅក្នុងនោះផងដែរ ផ្ទះជួលធ្លាប់យកថ្លៃ៣០ដុល្លារបានឡើង៤០ដុល្លារ ផ្ទះ៤០ដុល្លារបានឡើងទៅដល់៥០ដុល្លារ ហើយបូកសរុបទាំងថ្លៃទឹកភ្លើងផងនោះ អស់ប្រមាណ៦០ដុល្លារ ឯណោះ…តើនៅលុយសល់ប៉ុន្មាន ដើម្បីចាយវាយក្នុងក្រុមគ្រួសារ ។កម្មករកម្មការិនីបានបញ្ជាក់ទៀតថា សម្តេចនាយករដ្ឋមន្ត្រីទើបដំឡើងប្រាក់ខែបាន១២ដុល្លារ ហើយផ្ទះជួលឡើង១០ដុល្លារឯណោះ ទើបពួកគាត់សូមអោយសម្តេចនាយករដ្ឋមន្ត្រីជួយមើលផង។
បើតាមប្រភពព័ត៌មានពីចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថា នៅក្នុងផ្ទះឡ ដែលមានការគ្រប់គ្រងរបស់គាត់មានផ្ទះជួលជាង៨០០បន្ទប់ និងមានមនុស្សរស់នៅប្រមាណជាង១ម៉ឺននាក់ផងដែរ ។ លោកបានបញ្ជាក់ទៀតថា ដោយសារតែកម្មករ នាំគ្នាបិទផ្លូវ ដើម្បីតវ៉ាពីព្រោះម្ចាស់ផ្ទះដំឡើងថ្លៃឈ្នួលថ្លៃពេក ។ នៅវេលា៤ទៅ៥ល្ងាចក្រុមកម្មករកម្មការនីបានមកតវ៉ារួចម្តងហើយដោយលោកចៅសង្កាត់បានមកសម្របសម្រួលប្រាប់ថា នៅថ្ងៃទី២២ ខែមេសា និងកោះហៅម្ចាស់ផ្ទះខាងលើ ទៅសាលាខណ្ឌ ដើម្បីចរចាគ្នា និងរកដំណោះស្រាយអោយពួកគាត់ហើយនៅវេលាម៉ោង៥ល្ងាចពួកគាត់នឹងផ្តល់ដំណឹងប្រាប់កម្មករកម្មការិនីអោយដឹងគ្រប់ៗគ្នាផងដែរ ។បន្ទាប់ពីការបិទផ្លូវតវ៉ាអស់រយៈពេលជាងមួយម៉ោងក៏បានរំសាយទៅវិញ ដើម្បីរង់ចាំការដោះស្រាយ ៕
ចែករំលែកព័តមាននេះ