ខេត្តបន្ទាយមានជ័យ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលជប់វ៉ារីម្នាក់ ត្រូវបានអ្នកភូមិជាង100នាក់ ផ្តិតមេដៃប្តឹងទាមទាររកយុត្តិធម៌ក្នុងករណីផ្ទុះអាវុធជាច្រើនគ្រាប់មិនមានមូលហេតុ។ ពលរដ្ឋជាម្ចាស់បណ្តឹង គឺជាអ្នកភូមិកក់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ហើយពួកគាត់ថា ករណីផ្ទុះអាវុធនេះកើតឡើងកាលពីរសៀលថ្ងៃទី18 ខែមេសា 2019 នៅក្នុងភូមិតែម្តង។
ក្រុមពលរដ្ឋបាននិយាយថា មុនហេតុការណ៍កើតឡើងពួកគាត់ទាំងក្មេង ទាំងចាស់កំពុងរាំលេងក្នុងភូមិយ៉ាងសប្បាយ ព្រោះជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ (ថ្ងៃស្រង់ព្រះ) ស្រាប់តែមានឮស្នូរគ្រាប់កាំភ្លើងផ្ទុះឡើងពីខាងលិចភូមិប្រាវៗប្រហែល4ទៅ5គ្រាប់។
ពួកគាត់បន្តថា ដោយសារមិនដឹងពីមូលហេតុ ពួកគាត់ក៏នាំគ្នារត់ទៅកន្លែងកើតហេតុក្រែងមានបញ្ហាអ្វីកើតឡើង ដឹងអីស្រាប់តែឃើញនគរបាលប៉ុស្តិ៍រដ្ឋបាលជប់ម្នាក់ឈ្មោះ ចក់មិនស្គាល់ត្រកូល បានជិះម៉ូតូចូលមកកន្លែងរាំកម្សាន្ត ហើយថែមទាំងបំផ្ទុះអាវុធឡើងលើ2គ្រាប់ទៀត ធ្វើឲ្យអ្នកភូមិភ្ញាក់ផ្អើល និងនាំកូនចៅរត់ពួនរៀងខ្លួនៗ។ អ្នកភូមិមានការខឹងសម្បានឹងសមត្ថកិច្ចខាងលើជាខ្លាំង ហើយនាំគ្នាតាមសួររកខុសត្រូវ តែនគរបាលដែលបំផ្ទុះអាវុធបានបើករថយន្តចេញទៅបាត់។
លោក ថេង សឿន មេភូមិកក់ប្រាប់កោះសន្តិភាពថា ពិតជាមានករណីផ្ទុះអាវុធពីសំណាក់នគរបាលម្នាក់បង្កភ្ញាក់ផ្អើលដល់ពលរដ្ឋក្នុងភូមិរបស់លោកមែន។ លោកបន្តថា យោងតាមការសាកសួរសមត្ថកិច្ចប្រាប់ថា ទទួលសេចក្តីរាយការណ៍ពីពលរដ្ឋថា មានករណីហិង្សាវាយកម្ទេចម៉ូតូ1គ្រឿង ទើបសមត្ថកិច្ចចុះដល់ភូមិកើតហេតុ។
លោកមេភូមិខាងលើប្រាប់ថា ថ្ងៃកើតហេតុនោះ មានករណីហិង្សាវាយម៉ូតូ1គ្រឿងមែន ប៉ុន្តែទីតាំងនោះនៅខុសគ្នាពីកន្លែងពលរដ្ឋកំពុងរាំលេងកម្សាន្តប្រហែល400ទៅ500ម៉ែត្រ (ខាងលិចភូមិ)។ ក្រោយកើតហេតុអ្នកភូមិជាង100នាក់បានផ្តិតមេដៃដាក់ពាក្យបណ្តឹងតាមរយៈអាជ្ញាធរភូមិទាមទាររកយុត្តិធម៌ និងសុំឲ្យថ្នាក់លើមានវិធានការលើនគរបាលទំនើងនេះផង។
នគរបាលដែលរងការជាប់ចោទខាងលើ មិនអាចទាក់ទងសុំការបំភ្លឺបានទេ ព្រោះមិនស្គាល់លេខទូរស័ព្ទ។ យ៉ាងណាក៏ដោយករណីផ្ទុះអាវុធខាងលើ លោកមាស ឬទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ ប្រាប់តាមទូរស័ព្ទថា ពិតជាកើតមានមែន ប៉ុន្តែអះអាងថា វាជាការយល់ច្រឡំរៀងខ្លួនៗ រវាងពលរដ្ឋ និងនគរបាលដែលបំផ្ទុះអាវុធនោះ។
លោកបញ្ជាក់ថា ដំបូងមានពលរដ្ឋរាយការណ៍ថាមានករណីហិង្សាវាយកម្ទេចម៉ូតូ ភ្លាមនោះសមត្ថកិច្ចក៏ចុះទៅកន្លែងកើតហេតុ ហើយដោយសាគេប្រាប់ថា ជនបង្ករត់ចូលភូមិ ម្យ៉ាងអ្នកបើកបរម៉ូតូដឹកនគរបាលជាគូជម្លោះពីមុនជាមួយអ្នកភូមិផង ពលរដ្ឋក៏រត់តម្រង់ធ្វើឲ្យមានកាយល់ច្រឡំរៀងខ្លួនស្មានថា អ្នកភូមិរកវាយនគរបាលខាងលើ ក៏ផ្ទុះអាវុធឡើងលើដើម្បីការពារខ្លួនតែម្តង។
លោកអធិការបន្តថា ពេលនោះបានហៅអាជ្ញាធរភូមិ និងឃុំរកដំណោះស្រាយហើយ ដោយលោកផ្តាំសុំទោសជំនួសជនបំផ្ទុះអាវុធខាងលើ។ នៅពេលដែលពលរដ្ឋទទួលព័ត៌មានថា មានកាសុំសម្របសម្រួលលើករណីនេះ ពួកគាត់បានប្រតិកម្ម និងបដិសេធមិនទទួលយកការសម្របសម្រួលឡើយ ហើយបានសំណូមពរយ៉ាងទទូចសុំឲ្យថ្នាក់លើគួរមានវិធានការលើនគរបាលដែលបាញ់បោះសេរីនេះ៕
ចែករំលែកព័តមាននេះ