សាធុជនសាកគិតទៅក្រោយបន្តិចមើលនឹងបានដឹងថាខ្លួនយើងទាំងអស់គ្នានេះសុទ្ធតែជាអ្នកជំពាក់បំណុល ហើយត្រូវដើរតួជាអ្នកសងវិញជានិច្ច ដែលបំណុលនោះគឺការចិញ្ចឹមឪពុកម្តាយ ដែលគាត់បានចិញ្ចឹមបីបាច់ថែរក្សាយើងមកតាំងតែពីតូចរហូតដល់ធំមិនមែនអស់ស្រូវអង្ករតិចបេ-ការុងទេ មិនមែនអស់ប្រាក់តិចលានទេ ដូច្នេះយើងជាកូនត្រូវតបស្នងសងគុណលោកវិញដោយចិត្តមេត្តា ។
គួរឱ្យអាសូរណាស់ទោះជាពុកម៉ែអត់ឃ្លាន ក្រលំបាក សុខចិត្តតស៊ូក្នុងជីវិតធ្វើការនៅក្រោមកំដៅថ្ងៃ ហាលខ្យល់ព្យុះ ភ្លៀង ផ្គរ រន្ទះ ក្ដៅពេក ត្រជាក់ពេក រងាពេក ឃ្លានពេក ស្រេកពេក មាតាបិតានៅតែសុខចិត្តខាំមាត់សង្កត់ចិត្ត សម្រក់ទឹកភ្នែក ទទួលរ៉ាប់រងនូវការលំបាកសព្វបែបយ៉ាងដើម្បីកូន ។
គួរតែកូនប្រុសស្រីទាំងឡាយខំគោរពបូជាបីបាច់ថែរក្សាចិញ្ចឹមគាត់វិញ នេះឯងហើយដែលជាការសងបំណុលចាស់ សូមកូនប្រុសស្រីទាំងឡាយសម្លឹងដោយល្អចុះ។ គាត់ចិញ្ចឹមយើងតាំងពីតូចរហូតដល់ធំ គាត់បំពេញតួនាទីរបស់គាត់បានយ៉ាងល្អ ហាមកូនមិនឲ្យធ្វើអំពើបាបអកុសល ឲ្យកូនតាំងនៅក្នុងសេចក្ដីល្អ ឲ្យកូនបានសិក្សាទាំងផ្លូវលោកទាំងផ្លូវធម៌ ឲ្យកូនតាំងនៅក្នុងសេចក្ដីល្អជានិច្ច ។
ពេលរៀបចំកូនឲ្យមានគូស្វាមីភរិយារួចហើយ គឺគាត់តែងចែកទ្រព្យសម្បត្តិមួយចំណែកដើម្បីបានជាដើមទុនសម្រាប់គ្រួសារថ្មីនេះ សួរថាមាតាបិតាគាត់ធ្វើអំពើល្អយ៉ាងនេះចំពោះកូន តើមានបានអ្វីអំពីកូនវិញទេ?
ក្រៅតែអំពីការទទួលសេចក្ដីលំបាក មិនទាន់បានប៉ុន្មានផងគាត់ឈឺ គាត់ស្លាប់ចោលយើងនោះ គឺគាត់មិនបានទទួលអ្វីក្រៅពីនេះទេ។ ដូច្នេះ កុំឲ្យគាត់ស្លាប់ទៅបិទភ្នែកមិនជិត យើងជាកូនត្រូវតែតបគុណលោក ចិញ្ចឹម ទំនុកបម្រុងគាត់ក្រែងបានរួចបំណុលចាស់ខ្លះ ។
ចែករំលែកព័តមាននេះ