ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​ថ្មី​នាំ​គ្នា​ជម្រះ​បាប និង​ចម្រើន​បុណ្យ​ទាំងអស់​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

តើ​អ្នក​បាន​ធ្វើអំពើ​បុណ្យ​អ្វីខ្លះ ហើយ​តើ​អ្នក​បាន​ធ្វើអំពើ​បាប​អ្វីខ្លះ​កាលពី​មួយ​ឆ្នាំ​កន្លង? វា​ជា​សំនួរ​ដែល​នឹង អាច​ធ្វើ​ឱ្យ​យើង​ឆ្លុះ​បញ្ចាំង​ខ្លួនឯង ដើម្បី​ឱ្យ​ឃើញ​រូបភាព​ដ៏​ពិតប្រាកដ​បំផុត​របស់​យើង​ម្នាក់​ៗ និង​ដើម្បី​ដឹង​ថា តើ​យើង​មាន​ចំណុច​ខ្វះខាត​អ្វីខ្លះ​ដែល​ត្រូវ​កែ​លម្អ​នៅ​ក្នុង​ឆ្នាំ​ថ្មី? យើង​បាន​នាំ​គ្នា​ឈាន​ចូល​ឆ្នាំ​ថ្មី​ជាមួយ​ការ​រំពឹង​ទុក​អ្វី​ៗ​ថ្មី និង​ល្អ​ប្រសើរ​សម្រាប់​យើង ប៉ុន្តែ​ភាពល្អ​ប្រសើរ​ទាំងឡាយ…

តើ​អ្នក​បាន​ធ្វើអំពើ​បុណ្យ​អ្វីខ្លះ ហើយ​តើ​អ្នក​បាន​ធ្វើអំពើ​បាប​អ្វីខ្លះ​កាលពី​មួយ​ឆ្នាំ​កន្លង? វា​ជា​សំនួរ​ដែល​នឹង អាច​ធ្វើ​ឱ្យ​យើង​ឆ្លុះ​បញ្ចាំង​ខ្លួនឯង ដើម្បី​ឱ្យ​ឃើញ​រូបភាព​ដ៏​ពិតប្រាកដ​បំផុត​របស់​យើង​ម្នាក់​ៗ និង​ដើម្បី​ដឹង​ថា តើ​យើង​មាន​ចំណុច​ខ្វះខាត​អ្វីខ្លះ​ដែល​ត្រូវ​កែ​លម្អ​នៅ​ក្នុង​ឆ្នាំ​ថ្មី?

យើង​បាន​នាំ​គ្នា​ឈាន​ចូល​ឆ្នាំ​ថ្មី​ជាមួយ​ការ​រំពឹង​ទុក​អ្វី​ៗ​ថ្មី និង​ល្អ​ប្រសើរ​សម្រាប់​យើង ប៉ុន្តែ​ភាពល្អ​ប្រសើរ​ទាំងឡាយ គឺជា​លទ្ធផល​នៃ​ទ​ង្វើ​របស់​យើង​ម្នាក់​ៗ​ដែល​គប្បី​ត្រូវ​តែ​ធ្វើ​អ្វី​ៗ​ដែល​ល្អ​សម្រាប់​ខ្លួន សម្រាប់​មិត្តភក្តិ សម្រាប់​គ្រួសារ និង​សម្រាប់​ប្រទេស​ជាតិ​។

ការ​ចាក​ចេញពី​ឆ្នាំ​ចាស់​ជា​ឱ​កា​សម្រាប់​យើង​ឆ្លុះ​បញ្ចាំង​អ្វី​ដែល​បាន​កើតឡើង​នៅ​ក្នុង​ឆ្នាំ​ចាស់ ហើយ​ឆ្លុះ​បញ្ចាំង​ខ្លួនឯង​ថា បាន​ធ្វើ​អ្វីខ្លះ​នៅ​ក្នុង​ឆ្នាំ​ចាស់​ជា​អំពើ​ល្អ​សម្រាប់​ខ្លួនឯង សម្រាប់​មិត្តភក្តិ សម្រាប់​ក្រុម​គ្រួសារ និង​ប្រទេស​ជាតិ​ទាំងមូល​។ ទន្ទឹម​នោះ​វា​ក៏​ជា​ពេលវេលា​ដ៌​ល្អ​មួយ​ដើម្បី​ឆ្លុះ​បញ្ចាំង​អ្វី​ដែល​ជា​ការ​ខ្វះខាត ឬ​ជា​កំហុសឆ្គង​ដែល​យើង​បាន​ធ្វើ​ដោយ​ចេតនា ឬ​អ​ចេតនា​នា​ពេល​មួយ​ឆ្នាំ​កន្លង​មក​ហើយ យើង​ចៀសវាង​ចេញ​ឆ្ងាយ​ពី​វា​ទាំង​អស់នោះ​។

ការ​យល់​ដឹង​ច្បាស់​អំពី​ខ្លួនឯង​នឹង​អាច​ឱ្យ យើង​កែ​លម្អ​ខ្លួនឯង​ឱ្យ​កាន់តែ​ប្រសើរ​នៅ​ឆ្នាំ​ថ្មី​។ យើង​ត្រូវ​លាង​ជម្រះ​ខ្លួន​យើង​ចេញពី​ភាព​ខ្ជិលច្រអូស ចេញពី​ភាព​លោភលន់ ចេញពី​ភាព​ប្រមឹក ចេញពី​ការ​ឈ្នានីស ចេញពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ចេញពី​ការ​ប្រព្រឹត្ត​ភាព​អយុត្តិធម៌ ចេញពី​ការ​ប្រព្រឹត្តិ​អំពើ​ហិង្សា ចេញពី​ការ​ប្រើ​គ្រឿងញៀន​ចេញ និង​ចេញពី​អំពើអាក្រក់ ឬ​បាប​ទាំងឡាយ​។

យើង​ត្រូវ​នាំ​គ្នា​ចាប់​យក​អំពើ​ល្អ​ដែល​ជួយ​ដល់​ខ្លួនឯង ជួយ​ដល់​មិត្តភក្តិ ជួយ​ដល​កូនចៅ និង​ឪពុក​ម្តាយ ជួយ​ដល់​ក្រុម​គ្រួសារ​ទាំងអស់ និង​ជួយ​ដល់​សង្គម​ជាតិ​ទាំងមូល​។

យើង​នាំ​គ្នា​បណ្តុះ​បេះដូង​ប្រកបដោយ​មេត្តា បេះដូង​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់ បេះដូង​យុត្តិធម៌ បេះដូង​សប្បុរស បេះដូង​ដែល​ពោរពេញ​ដោយ​តែ​អំពើ​ល្អ ហើយ​ជម្រះ​ចោល​អំពើអាក្រក់ និង​បាប​ទាំងឡាយ​។

ការ​នាំ​គ្នា​ប្រព្រឹត្ត​តែ​អំពើ​ល្អជា​អ្វី​ដែល​យើង​ម្នាក់​ៗ​អាច​ធ្វើ​បាន​។ នៅ​ពេល​យើង​គ្រប់​គ្នា​ក្លាយជា​មនុស្ស​ល្អ សង្គម​កម្ពុជា​ទាំងមូល​នឹង​ល្អ​ផូរផង់​ជា​ស្វ័យប្រវត្តិ​។ ដូច្នេះ​យើង​មិន​គួរ​ចំណាយពេល​អត់​ប្រយោជន៍​បន្ទោស​សង្គម​ជាតិ ដោយ​ខ្លួន​យើង​ផ្ទាល់​មិន​បាន​ធ្វើខ្លួន​ក្លាយជា​មនុស្ស​កាន់តែ​ប្រសើរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នោះ​ឡើយ​។

សម្រាប់​កោះសន្តិភាព យើង​នឹង​ធ្វើ​សេចក្តីរាយការណ៍​ក្នុង​ទិស​ដៅ​ដ៏​ប្រាកដប្រជា​ដោយ​ធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​ដែល និង​លើកទឹកចិត្ត​ដល់​អំពើ​ល្អ​ទាំងឡាយ​ក្នុង​សង្គម ហើយ​ផ្ទុយ​មក​វិញ​ជីក​កកាយ​អំពើអាក្រក់​ខុសច្បាប់​ទាំងឡាយ​ក្នុង​សង្គម ដើម្បី​ឱ្យ មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​សម្រាប់​សង្គម​ជាតិ​។

កោះសន្តិភាព​នឹង​រួមចំណែក​តាម​ការ​ទទួលខុសត្រូវ​របស់​ខ្លួន​នៅ​ក្នុង​ការ​សាប​ព្រួស​អំពើ​ល្អ ហើយ​កំចាត់​ចោល​រាល់​អំពើ​អសកម្ម​ក្នុង​សង្គម ដើម្បី​បំពេញបេសកកម្ម​របស់​ខ្លួន​ជា​អ្នកបម្រើ​សាធារណជន​ជា​ធំ​។

ឆ្នាំ​ថ្មី​នឹង​ក្លាយជា​ឆ្នាំ​ដែល​កាន់តែ​ប្រសើរ​សម្រាប់​ពលរ​ដ្ធ​កម្ពុជា​គ្រប់​រូប​ដែល​នឹង​ជម្រុះ​ចោល​រាល់​អំពើ​បាប ហើយ​ធ្វើ​អោយ​ចម្រើន​ដល់​អំពើ​បុណ្យ​។

កោះសន្តិភាព​ប្រសិទ្ធិ​ពរ​ជ័យ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​អោយ​មាន​សុខភាព​ល្អ សម្រស់​​ផូរផង់ សុខកាយ​សប្បាយចិត្ត សមិទ្ធផល​ថ្មី​ៗ សុភមង្គល សម្ព័ន្ធភាព​ស្នេហា​រឹង​មាំ សក្តិ​យស​ឡើង​ធំ និង សម្បត្តិ​សម្បូរ​រុងរឿង​។

អ្នក​អាន​ទាំងអស់​អាច​រួម​ជាមួយ​កោះសន្តិភាព​នៅ​ក្នុង​ការ​ចម្រើន​បុណ្យ និង​ជម្រុះ​បាប​តាម​រយៈ​ការ​ចែករំលែក​អត្ថបទ​នេះ ទៅ​កាន់​មិត្តភក្តិ និង​ក្រុម​គ្រួសារ និង​មនុស្ស​ទាំងអស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ