ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមមួយរំពេចក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពីម៉ោង11និង20នាទីយប់ ថ្ងៃទី13 ខែមេសា ឆ្នាំ2019 នៅលើកំណាត់ផ្លូវជាតិលេខ5 ត្រង់ចន្លោះគីឡូម៉ែត្រលេខ 73 និងលេខ 74 ស្ថិតក្នុងភូមិអូរសណ្តាន់ចាស់ ឃុំទឹកហូត ស្រុករលាប្អៀរ ខណៈរថយន្តដឹកអ្នកដំណើរបុកជនរងគ្រោះកំពុងជិៈម៉ូតូពីក្រោយ ។
បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះខាងលើឈ្មោះយន់ សំណាង ហៅចក់ អាយុ29ឆ្នាំ មានទីលំនៅភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ជិះម៉ូតូម៉ាកហុងដាសេ125 ពាក់ស្លាកលេខភ្នំពេញ 1 AV. 1254 ចំណែកអ្នកបើកបររថយន្តដឹកអ្នកដំណើរ ពាក់ស្លាកលេខភ្នំពេញ2AU. 6892 បានរត់គេចខ្លួនបាត់ស្រមោល។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ125 ធ្វើដំណើរការពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកអ្នកដំណើរមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2AU. 6892 ពីបើកមកពីក្រោយក្នុងល្បឿនយ៉ាងលឿន ហើយទៅបុកជនរងគ្រោះពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យប៉ើងទាំងមនុស្ស និងម៉ូតូជាង10ម៉ែត្រ ។ ក្រោយពេលកើតហេតុគេឃើញជនរងគ្រោះបានស្លាប់ភ្លាមមួយរំពេច ចំណែកម៉ូតូប៉ើងទៅលើដើមឈើដែលគេកាប់ចោលអ៊ីចឹង ។
ក្រោយមក សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ និងធ្វើការវាស់វែង រួចក៏បានយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកអ្នកបើកបររថយន្តបង្កបានគេចខ្លួនបាត់៕
ចែករំលែកព័តមាននេះ