ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរ​ហើយ​! រ៉ឺ​ម៉ក​ដឹក​កម្មករ​ក្រឡាប់​ក្រោយ​បើក​បុក​ម៉ូតូ​កង់​៣

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​ដឹក​កម្មករ​កម្មការិនី​ចំនួន​២៩​នាក់ បាន​ក្រឡាប់​ទាំង​កម្រោល ដោយសារ​តែ​បើក​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​២​គ្រឿង ដែល​កំពុង​ឈប់​ជជែក​គ្នា​នៅ​លើ​ផ្លូវ បណ្ដាល​ឲ្យ​កម្មករ​ម្នាក់ និង​កម្មការិនី​២​នាក់ ព្រមទាំង​អ្នកបើកបរ​រង​របួស ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ឡើយ…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​ដឹក​កម្មករ​កម្មការិនី​ចំនួន​២៩​នាក់ បាន​ក្រឡាប់​ទាំង​កម្រោល ដោយសារ​តែ​បើក​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​២​គ្រឿង ដែល​កំពុង​ឈប់​ជជែក​គ្នា​នៅ​លើ​ផ្លូវ បណ្ដាល​ឲ្យ​កម្មករ​ម្នាក់ និង​កម្មការិនី​២​នាក់ ព្រមទាំង​អ្នកបើកបរ​រង​របួស ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ឡើយ ។

នេះ គឺជា​សំណាង​មួយ​ក្នុង​១​ពាន់​គ្រោះថ្នាក់ ហើយ​ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​កម្មករ​បាន​ហៅ​រថយន្ត​កូរ៉េ​១​គ្រឿង​ដឹក​កម្មករ​បន្តដំណើរ​ទៅ​ធ្វើការ ហើយ​អ្នក​រង​របួស​មិន​បាន​ទៅ​កាន់​មន្ទី​ពេទ្យ​ឡើយ ចំណែក​ម៉ូតូ​កង់​បី​ទាំង​២​គ្រឿង​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​បុរី​សែន​មនោ​រម្យ ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

កម្មករ​បាន​និយាយ​ថា ពួក​គាត់​តែងតែ​ជិះ​រ៉ឺ​ម៉ក​ខាងលើ​នេះ ទៅ​ធ្វើការ​ជា​រៀងរាល់ថ្ងៃ ដោយពេល​ព្រឹក​ចេញពីផ្ទះ​ទៅ​ធ្វើការ​នៅ​រោងចក្រ លុះ​វេលា​ល្ងាច​ជិះ​ពី​រោងចក្រ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ពួក​គាត់​មាន​គ្នា​២៩​នាក់ ក្នុង​នោះ​ប្រុស​១៩​នាក់ និង​ស្រី​១០​នាក់ បាន​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ខាងលើ​ដូច​សព្វ​មួយ​ចេញពីផ្ទះ​នៅ​ម្ដុំ​ផ្សារ​បែក​ចាន ស្ថិត​នៅ​ក្នុង​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។ ឆ្ពោះទៅ​ធ្វើការ​រោងចក្រ​នៅ​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ដោយ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ម៉ូតូ​កង់​បី​២​គ្រឿង បាន​បើកបរ​ចេញពី​ផ្លូវ​បុរី​សែន​មនោ​រម្យ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ឡើង​លើ​ផ្លូវជាតិ​លេខ​៤ ។ ប្រភព​ដដែល​បាន​បន្ត​ថា ខណៈ​ពេល​ឡើង​ដល់​លើ​ផ្លូវជាតិ​លេខ​៤ ម៉ូតូ​កង់​បី​ខាងលើ​បាន​ឈប់​ជជែក​គ្នា​នៅ​លើ​ផ្លូវ​តែ​ម្ដង ដោយ​មិន​បាន​គិត​ពី​ការ​ប៉ះពាល់​ដល់​អ្នក​ដ៏​ទៃ​នោះ​ឡើយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដែល​ពួក​គាត់​កំពុង​ជិះ​វាក់​គេច​ចេញ​មិន​ទាន់​ក៏​ជាន់​ហ្វ្រាំង​ឈប់​យ៉ាង​ប្រថុចញ៉ុច ។ ពេល​នោះ​ដោយសារ​តែ​កំពុង​បើក​លឿន​គួរសម​ដែរ ទើប​រេ​ចង្កូត​ម្ដង​ឆ្វេង​ម្ដង​ស្ដាំ​រួច​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​ខាងលើ បណ្ដាល​ឲ្យ​ក្រឡាប់​ខ្លួនឯង​ចាក់​ពួក​គាត់​ចោល​ទាំង​កម្រោល ។ ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​បណ្ដាល​ឲ្យ​កម្មករ​ម្នាក់ និង​កម្មការិនី​២​នាក់ រង​របួសស្រាល ចំណែក​បុរស​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ក៏​បាន​រង​របួស​ដែរ ។ រីឯ​ម៉ូតូ​កង់​បី​ខូចខាត​បន្តិចបន្តួច​រួច​ក៏​បើក​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​បុរស​អ្នក​បើក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​បាន​ហៅ​រថយន្ត​កូរ៉េ​១​គ្រឿង​ទៅ​ដឹក​កម្មករ​បន្តដំណើរ​ទៅ​ធ្វើការ​រោងចក្រ ដោយ​កម្មករ​ទាំងអស់​មិន​បាន​ប្ដឹងផ្តល់​អ្វី​ឡើយ ដោយ​ពួក​គេ​គិត​ថា នេះ​ជា​ឧប្បត្តិហេតុ​ដែល​កើតឡើង​ដោយ​អ​ចេតនា​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ