ខេត្តព្រៃវែង ៖ កាលពីព្រឹកថ្ងៃទី៨ មេសា មន្ត្រីពន្ធនាគារខេត្តព្រៃវែង រួមទាំងទណ្ឌិតសរុបជាង៧០០នាក់ បានរួមគ្នាធ្វើពិធីសូត្រមន្តរាប់បាតព្រះសង្ឃជាច្រើនអង្គនៅក្នុងពន្ធនាគារខេត្ត ដើម្បីផ្តល់ឱកាសអោយទណ្ឌិតទាំងអស់ បានធ្វើបុណ្យឧទ្ទិសកុសលជូនដល់បុព្វការីជនរបស់ខ្លួនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខនេះ។
លោកឧត្តមសេនីយ៍ទោ ជួប សារីម ប្រធានពន្ធនាគារខេត្តព្រៃវែង បានប្រសាសន៍ថា ការរៀបចំអោយមានជាកម្មវិធីសូត្រមន្តរាប់បាត្រព្រះសង្ឃនេះឡើង ក្នុងគោលបំណងដើម្បីអោយមានភាពកាន់តែជិតស្និទ្ធថែមទៀតរវាងមន្ត្រីពន្ធនាគារ និងទណ្ឌិត និងយកព្រះធម៌ជាការអប់រំផ្លូវចិត្តដល់ទណ្ឌិតទាំងអស់ឱ្យដើរផ្លូវត្រូវ កុំអោយមានចិត្តឆេវឆាវ ហើយជាពិសេសគឺផ្តល់ឱកាសអោយពួកគាត់បានធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជនរបស់ខ្លួនផង ព្រោះពួកគាត់ពុំមានឱកាសបានចេញទៅក្រៅចូលរួមអបអរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដូចបងប្អូនប្រជាពលរដ្ឋដទៃទៀតនោះទេ។
លោកឧត្តមសេនីយ៍ទោ ជួប សារីម បានបញ្ជាក់ថា បច្ចុប្បន្ន ជនជាប់ឃុំនៅក្នុងពន្ធនាគារខេត្ត ព្រៃវែងមានចំនួន៦៨៤នាក់ ក្នុងស្រី៤៨នាក់ ហើយយើងកំពុងតែសាងសង់អាគារស្នាក់នៅរបស់មន្ត្រីធ្វើអំពីថ្ម ដែលមានទទឹង៧ម៉ែត្រ និងបណ្តោយ២៧ម៉ែត្រ ចែកចេញជា៦បន្ទប់ និងធ្វើរបងព័ទ្ធជុំវិញអគារពន្ធនាគារផងដែរ រីឯការដាំដំណាំ បន្លែ សម្រាប់ផ្គត់ផ្គង ក៏យើងមានការដាំជាបន្តបន្ទាប់ផងដែរ ដោយមិនឲ្យមានការអាក់ខានទេគឺដាំបន្តរហូត ព្រោះវាជាផ្នែកមួយនៃការលត់ដំរាងកាយចំពោះទណ្ឌិត។ ក្រៅពីនេះ ទណ្ឌិតទាំងអស់ក៏ទទួលបាន នូវការបណ្តុះបណ្តាលនូវជំនាញជាច្រើនប្រភេទ សំរាប់អោយពួកគាត់អាចយកទៅប្រើប្រាស់ ជារបរចិញ្ចឹមជីវិត ក្រោយពេលចេញពីពន្ធនាគារផងដែរ៕
ចែករំលែកព័តមាននេះ