ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បង្វែរ​ការ​ចាប់អារម្មណ៍​ទៅ​លើ​ភ្ញៀវ​ទេសចរ​ចិន និង​ឥណ្ឌា

5 ឆ្នាំ មុន

ប្រទេស​ថៃ​៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៦ មេ​សា កន្លង​មក​ថា លោក​ឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak…

ប្រទេស​ថៃ​៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៦ មេ​សា កន្លង​មក​ថា លោក​ឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak របស់​ប្រទេស​ថៃ​បាន​បញ្ជា​ដល់​ភ្នាក់ងារ​ក្នុង​វិស័យ​ទេសចរណ៍​ឲ្យ​ស្វែងរក​វិធី​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ថ្នាក់ខ្ពស់​មក​ពី​ប្រទេស​ចិន​និង​ឥណ្ឌា​ដើម្បី​ជំរុញ​ដល់​សេដ្ឋកិច្ច​ក្នុង​កំឡុង​ពេល​ផ្ទេរអំណាច​រដ្ឋាភិបាល ។

បន្ទាប់​ពី​កិច្ចប្រជុំ​ជា​នួ​យ​នឹង​មន្ត្រី​អាជ្ញាធរ​ទេសចរណ៍​ថៃ (TAT) លោក​ឧប្បនាយករដ្ឋមន្ត្រី​បាន​និយាយ​ថា រដ្ឋាភិបាល​នឹង​ព្យាយាម​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​អង្គា​រ៍​ដើម្បី​ព្យា​ពេល​ការ​មិន​យក​ថ្លៃ​ទិដ្ឋាការ​ពី​ភ្ញៀវ​ទេសចរ​ដែល​មក​ពី​ប្រទេស​ចំនួន ២១ ដែល​ក្នុង​នោះ​រួម​មាន​ប្រទេស​ចិន​និង​ឥណ្ឌា​ផង​ដែរ​រហូត​ដល់​ចុងខែ​តុលា ។ ទិដ្ឋាការ​ដែល​អាច​ចូល​មក​កាន់​ប្រទេស​ជា​ច្រើន​ដង​ក៏​ត្រូវ​បាន​ស្នើ​សម្រាប់​ប្រទេស​មួយ​ចំនួន​ដែរ​ដូច​ជា​ប្រទេស​ចិន​ដែល​ជាទី​ផ្សារ​ធំ​ជាងគេ​របស់​ប្រទេស​ថៃ​ជាដើម ។

ការ​ពន្យា​ពេល​ប្រមាណ​៦​ខែ​ទៀត​នេះ​មាន​គោលដៅ​រក្សា​ចលនា​ពី​ទីផ្សារ​ប្រទេស​ចិន និង​ទាញ​អត្ថប្រយោជន៍​ពី​ប្រជាជន​ចិន​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​បរទេស​ក្នុង​កំឡុង​ពេល​បុណ្យប្រពៃណី​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ១​ខែតុលា​ខាង​មុខ​នេះ ។

កាលពី​ឆ្នាំ​មុន ប្រទេស​ថៃ​ទទួលភ្ញៀវ​ទេសចរ​ចិន​ប្រមាណ ១០.៥​លាន​នាក់ ហើយ​ចំនួន​នេះ​អាច​នឹង​កើន​ដល់​ប្រមាណ​ពី​១១.៦​លាន​ទៅ ១២​លាន​នាក់​ឯណោះ​ក្នុងឆ្នាំនេះ ។ ខណៈ​ដែល​សេដ្ឋកិច្ច​ពិភពលោក​កំពុង​តែ​អន់​ថយ ខណៈ​ដែល​ប្រទេស​ថៃ​មាន​ភាព​មិន​ប្រាកដប្រជា​ផ្នែក​នយោបាយ លោក Somkid បាន​បន្ថែម​ថា​ក្រសួងទេសចរណ៍​និង​កីឡា រួម​ជាមួយនឹង TAT នឹង​ចាប់ផ្តើម​ចេញ​គម្រោង​បន្ថែម​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែល​អាច​នឹង​សម្រេច​បាន​នៅ​ខែ​ក្រោយ​។

ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ថ្នាក់​កណ្តាល​មក​ពី​ប្រទេស​ចិន លោក Somkid បាន​បន្ត​ថា TAT គួរតែ​បន្ត​សហការ​ជាមួយនឹង​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ប្រទេស​ចិន​ដូច​ជា Spring Airlines ដើម្បី​នាំ​យក​ភ្ញៀវ​ទេសចរ​បន្ថែម​ពី​ប្រទេស​ចិនដីគោក ។ ការ​ចាប់​ដៃគូ​នឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដូ​ជ​ជា Ant Financial ឬ Alipay នឹង​អនុញ្ញាត​ឲ្យ TAT ត​ភ្ជាប់​និង​ទាក់ទាញ​អ្នកដំណើរ​ជនជាតិ​ចិន​វ័យក្មេង​ដែល​មាន​អំណាច​ទឹកប្រាក់​ខ្លាំង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ