ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រដ្ឋមន្ត្រី​ស៊ុ​យ សែ​ម ៖ សូម​ពលរដ្ឋ ប្រុង​ប្រយ័ត្ន​បាតុភូត​ធម្មជាតិ​ក្នុង​រដូវភ្លៀង​ធ្លាក់​នេះ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តពោធិ៍សាត់ បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​បាតុភូត​ធម្មជាតិ​ដែល​តែងតែ​កើត​មាន​ឡើងជា​យថាហេតុ ក្នុង​រដូវភ្លៀង​ធ្លាក់​នា​រដូវវស្សា​នេះ​។…

ខេត្តពោធិ៍សាត់ ៖ លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តពោធិ៍សាត់ បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​បាតុភូត​ធម្មជាតិ​ដែល​តែងតែ​កើត​មាន​ឡើងជា​យថាហេតុ ក្នុង​រដូវភ្លៀង​ធ្លាក់​នា​រដូវវស្សា​នេះ​។ លោក​ក្រើនរំលឹក​បែប​នេះ​ក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ​ជន​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ នៅ​ឃុំ​ត្រពាំង​ជង និង​ឃុំ​បឹង​ខ្នារ​ ស្រុក​បាកាន កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៩ ដែល​ក្នុង​ឱកាស​នោះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ខូ​យ សុខា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ពោធិ៍សាត់ និង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​។

​លោក ផាយ ឡេ​ង អភិបាលស្រុក​បាកាន​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ធ្វើ​ឲ្យ​ផ្ទះសម្បែង​ចំនួន​២៧​ខ្នង​ស្មើនឹង​២៧​គ្រួសារ ខ្លះ​រលំ​ទាំងស្រុង ខ្លះ​ទ្រេត ខ្លះ​ធ្លាក់​ពីលើ​ជើង​តាង និង​ខ្លះ​ទៀត​របើក​ដំបូល​នេះ ក្នុង​នោះ​មាននៅ​ភូមិ​បាកាន ភូមិ​ស្ទឹង​កំបុត ភូមិ​អូរ​រំចេក ភូមិ​ត្រពាំង​ជង ឃុំ​ត្រពាំង​ជង​ចំនួន​១៣​ខ្នង​, និង​ភូមិ​ផ្ទះ​ស្លា ភូមិ​ក្រូចសើច ឃុំ​បឹង​ខ្នារ​ចំនួន​១៤​ខ្នង​។

​លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម បាន​សំដែង​ការ​សោកស្ដាយ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​វាយប្រហារ​ផ្ទះសម្បែង​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​។ នៅ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ពី​ក្រុមការងារ​និង​អាជ្ញាធរ​មូលដ្ឋាន​ភ្លាម លោក​និង​ភរិយា​ដែល​ធ្លាប់តែ​រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា​តាំងពី​ដើម​មក ក៍បាន​ចុះ​មក​សួរសុខទុក្ខ​និង​ជូន​ថវិកា​ក្នុង​មួយ​គ្រួសារ​៤០​ម៉ឺន​រៀល ដើម្បី​ទិញ​ដែកគោល ក្ដារ ឫ​ស័ង្កសី​លើក​ផ្ទះ​ឡើង​វិញ​។ ថវិកា​តិចតួច​នេះ​មិន​អាច​ធ្វើ​ផ្ទះ​បាន​ទាំងមូល​ឡើង​វិញ​នោះ​ទេ គ្រាន់តែ​ជា​ការ​ចូលរួម​បន្ថែម​ពីលើ​ម្ចាស់ផ្ទះ និង​សាខា​កាកបាទក្រហម​តែ​ប៉ុណ្ណោះ​។

លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម មាន​ប្រសាសន៍​ថា សព្វ​ថ្ងៃនេះ​អាកាសធាតុ​មានការ​ប្រែប្រួល​ច្រើន ឲ្យ​តែ​មាន​ភ្លៀង​ធ្លាក់​ម្ដង​ៗ​តែងតែ​កើត​មាន​ខ្យល់​កន្ត្រាក់​និង​បាតុភូត​រន្ទះបាញ់ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ឬ​សត្វ​ជាដើម ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច​។

​គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤៥​ខ្នង នៅ​ឃុំ​ត្រពាំង​ជង ឃុំ​បឹង​ខ្នារ ឃុំ​ខ្នារ​ទទឹង ឃុំ​មេទឹក និង​ឃុំ​តា​លោ ស្រុក​បាកាន រួម​ទាំង​អគារសិក្សា​មួយ​ខ្នង និង​ផ្នែក​សឹក​រង​ស្រុក​មួយ​ខ្នង​ទៀត ត្រូវ​ខ្យល់​កន្ត្រាក់​វាយ​ប៉ើង​ដំបូល​និង​ដួល​រាប​ដល់​ដី ហើយក៍​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​និង​ក្រុមការងារ​ផង​ដែរ​។ លុះ​មក​ដល់​ថ្ងៃ​ទី​៥ ខែមេសា ​ឆ្នាំ​២០១៩ ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះ​អស់​ចំនួន​២៧​ខ្នង​ទៀត សរុប​ទាំងអស់​៧២​ខ្នង​ហើយ ក្នុង​រយៈពេល​មួ​យស​ប្ដា​ហ៍​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ