រាជធានីភ្នំពេញ ៖ ជាផ្នែកមួយនៃធ្វើទំនើបកម្មឲ្យទាន់បច្ចេកវិទ្យាទំនើបៗ ធនាគារជាតិនៃកម្ពុជា ហៅកាត់ថា NBC បាននឹងកំពុងអភិវឌ្ឍប្រព័ន្ធទូទាត់តាមរយៈបច្ចេកវិទ្យាទំនើបមួយចំនួន រួមមានប្រព័ន្ធ QR Code ជាមួយប្រទេសក្នុងតំបន់ ដូចជាប្រទេសថៃ ជាដើម។
កាលពីថ្ងៃទី០៥ ខែមេសា កន្លងទៅនេះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន លើកទី១៥ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន លើកទី៥ នៅខេត្តឈៀងរ៉ៃ ប្រទេសថៃ។
កិច្ចប្រជុំជាន់ខ្ពស់កម្រិតតំបន់នៃវិស័យហិរញ្ញវត្ថុនេះ មានគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុអាស៊ាន ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច និងពង្រឹងស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ ស្របតាមគោលដៅនៃផែនការសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥។
ធនាគារជាតិនៃកម្ពុជា ដែលបានដើរតួនាទីគន្លឹះមួយក្នុងសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន បានចូលរួមពង្រឹងសមាហរណកម្មវិស័យធនាគារ និងការតភ្ជាប់ប្រព័ន្ធទូទាត់ក្នុងតំបន់។ វិស័យធនាគារកម្ពុជា ត្រូវបានទទួលស្គាល់ថា មានលក្ខណៈបើកទូលាយ ហើយមានសមាហរណកម្មខ្ពស់ទៅក្នុងតំបន់ ដោយបច្ចុប្បន្ន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមកពីប្រទេសក្នុងតំបន់ភាគច្រើនមានវត្តមាននៅកម្ពុជា។
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងនេះ បាននាំមកនូវមូលធន និងបច្ចេកវិទ្យា ដែលផ្តល់បរិយាកាសអំណោយផលដល់ការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា។ ម្យ៉ាងទៀត កម្ពុជា បានតភ្ជាប់ប្រព័ន្ធទូទាត់របស់ខ្លួនជាមួយប្រទេសក្នុងតំបន់ និងពិភពលោក។ បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា កំពុងអភិវឌ្ឍប្រព័ន្ធទូទាត់តាមរយៈបច្ចេកវិទ្យាទំនើប រួមមានប្រព័ន្ធ QR Code ជាមួយប្រទេសក្នុងតំបន់ ដូចជាប្រទេសថៃ ជាដើម។
ការទូទាត់តាមប្រព័ន្ធ QR Code នឹងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពទូទាត់ ឱ្យមានសុវត្ថិភាព និងចំណាយទាបសមរម្យ។ នៅឆ្នាំ២០១៩នេះ ប្រទេសថៃបានជ្រើសរើសប្រធានបទសំខាន់ ស្តីពីការជំរុញភាពជាដៃគូសម្រាប់ចីរភាព (Advancing Partnership for Sustainability) ក្នុងគោលបំណងផ្តោតការយកចិត្តទុកដាក់ទៅលើការតភ្ជាប់ចីរភាព និងភាពធន់ ដែលជាកត្តាចម្បងសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ។
ជារួមអង្គប្រជុំបានអបអរសាទរចំពោះវឌ្ឍនភាពក្នុងការធ្វើសមាហរណកម្មហិរញ្ញវត្ថុអាស៊ានចាប់តាំងពីកិច្ចប្រជុំប្រចាំឆ្នាំកាលពីឆ្នាំមុន នៅប្រទេសសិង្ហបូរី ជាពិសេស លើការបង្កើនសេរីភាវូបនីយកម្មសេវាហិរញ្ញវត្ថុ, ការសម្រួលការវិនិយោគ និងពាណិជ្ជកម្ម, ការតភ្ជាប់សេវា, ការទូទាត់និងហិរញ្ញប្បទាន, ការផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធ, ការផ្តល់ហិរញ្ញវត្ថុជាមួយការការពារបរិស្ថាន, ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ, ការផ្តល់ហិរញ្ញប្បទានគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ, ការពង្រឹងភាពធន់ទៅនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការគ្រប់គ្រងទ្រព្យសកម្មឌីជីថល ៕ ដោយសហការ
ចែករំលែកព័តមាននេះ