ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ជំរុញ​ដល់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ទាំងអស់ត្រូវ​ខិតខំ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ឱ្យ​បាន​ឆាប់រហ័ស

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ នៅក្នុងពិធីសម្ពោធក្លោងទ្វារសាលាឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ លោក ផាន់ ចាន់ធុល…

ខេត្តប៉ៃលិន ៖ នៅក្នុងពិធីសម្ពោធក្លោងទ្វារសាលាឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ជាពិសេសមេឃុំ/ចៅសង្កាត់ និងមេភូមិទាំងអស់ ដែលចុះផ្ទាល់នឹងប្រជាជន ត្រូវខិតខំបំពេញ​ការងាររបស់ខ្លួន​ដោយការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាសាធារណៈនានាជូនពួកគាត់ និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើង​នៅតាមមូល​ដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័សផងដែរ ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ថា ៖ ត្រូវលើក​កម្ពស់​ការ​ផ្តល់​សេវាសាធារណៈតាមច្រក ចេញចូលតែមួយជូនប្រជាពលរដ្ឋ និងត្រូវពង្រឹងសមត្ថភាពមន្ត្រីផ្តល់សេវាឱ្យបានកាន់តែប្រសើរ ជាពិសេសត្រូវធ្វើ​របាយការណ៍អំពីការដោះស្រាយបញ្ហាប្រឈមទៅថ្នាក់ក្រសួង និងត្រូវព្យាយាមក្នុងការ​ដោះ​ស្រាយបញ្ហាប្រឈមនានា ប្រកប​ដោយតម្លាភាព ។

លោក ផាន់ ចាន់ធុល បានបញ្ជាក់ថា ៖ មេឃុំ/ចៅសង្កាត់ មានតួនាទីសំខាន់បំផុត នៅក្នុងរដ្ឋបាលមូលដ្ឋាន ដែលធ្វើឲ្យដំណើរការនៃការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព មានការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គម និងលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ។

សូមបញ្ជាក់ថា ៖ ក្លោងទ្វារសាលាឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលធ្វើពិធីសម្ពោធនាពេលនេះ គឺជាអំណោយផ្ទាល់របស់ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត និងលោកជំទាវ ដោយចំណាយថវិកាអស់ប្រមាណ៦០០០ដុល្លារ ហើយក្នុងឱកាសនោះដែរ លោកអភិបាលខេត្តក៏បានផ្តល់ជូនបន្ថែមទៀតនូវផ្លូវបេតុង១ខ្សែចូលសាលាឃុំ ប្រវែង ១០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរចេញចូល ក្នុងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ