ក្រុមហ៊ុន​អចលនទ្រព្យ​ថៃ​ដាក់​គោលដៅ​លើ​ជនជាតិ​អ៊ឺ​រ៉ុ​ប


ប្រទេស​ថៃ​៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២ មេ​សា កន្លង​មក​ថា ជនជាតិ​អ៊ឺ​រ៉ុ​ប​កំពុង​តែ​ប្រញាប់​ចូល​មក​កាន់​ប្រទេស​ថៃ​បន្ទាប់​ពី​ចូល​និវត្តន៍​ដើម្បី​ជៀសវាង​ពី​ការ​ចំណាយ​ដ៏​ខ្ពស់ និង​អាកាសធាតុ​ត្រជាក់ ។

លោក Helmut Buchberger ដែល​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន Difference Living Co បាន​និយាយ​ថា អចលនទ្រព្យ​ដែល​ផ្តល់​សេវាកម្ម​សម្រាប់​អ្នក​ចូល​និវត្តន៍​កំពុង​តែ​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​វិស័យ​ផ្ទះ​ ។

លោក Butchberger បាន​និយាយ​ថា ការ​ធ្វើ​ដំណើរ​ជុំវិញ​អាស៊ី​អាគ្នេយ៍​បាន​ឲ្យ​លោក​ដឹង​ថា​មនុស្ស​ចាស់ជរា​អាច​រស់នៅ​យ៉ាង​សប្បាយ​ក្នុង​ប្រទេស​ថៃ​បន្ទាប់​ពី​ចូល​និវត្តន៍​ព្រោះ​ការ​ចំណាយ​ក្នុង​ប្រទេស​នេះ​ទាប​ជាង​ប្រទេស​អា​ល្លឺ​ម៉​ង់​ដល់​ទៅ​៥​ដង​ ។

លោក​បាន​បន្ត​ថា ស្ថាន​ការ​មើលថែ​មនុស្ស​ចាស់​ក្នុង​អ៊ឺ​រ៉ុ​ប​បាន​បង្ខំ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្វែងរក​បរិស្ថាន​រស់នៅ​ថ្មី​។ ជម្ងឺ​ដែល​ជាប់​ទាក់ទិន​នឹង​អាយុ​បាន​ធ្វើ​ឲ្យ​មាន​មនុស្ស​ចាស់​ជា​ច្រើន​ចាក​ចេញពី​អ៊ឺ​រ៉ុ​ប និង​ទៅ​ប្រទេស​ដែល​មាន​អាកាសធាតុ​ក្តៅ​វិញ​។ វា​បាន​បង្ក​ឲ្យ​មាន​កំណើន​តម្រូវការ​ក្នុង​ទីផ្សារ​ផ្ទះ​ផង​ដែរ​។

ប្រទេស​ថៃ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​មាន​ប្រជាជន​ចាស់ជរា​យ៉ាងច្រើន​ក្នុង​ឆ្នាំ ២០២១ ពេល​ដែល​ប្រជាជន​អាយុ​លើស​៦០​ឆ្នាំ​កើន​ដល់ ១៣.១​លាន​នាក់ ឬ​ស្មើ​២០%​នៃ​ប្រជាជន​សរុប​។ យោង​តាម​ក្រុមប្រឹក្សា​ជាតិ​សេដ្ឋកិច្ច​និង​សង្គម​បាន​ឲ្យ​ដឹង​ថា ចំនួន​ប្រជាជន​ដែល​មាន​អាយុ​លើស​ពី​៦០​ឆ្នាំ​កំពុង​កើនឡើង​ពី ១១.៨​លាន​នាក់ ឬ​ស្មើ ១៧.១%​នៃ​ប្រជាជន​សរុប​ក្នុង​ឆ្នាំ ២០១៧​។

លោក Buchberger បាន​បន្ត​ថា «​ដើម្បី​ទទួល​ប្រជាជន​ចាស់ជរា ពួក​យើង​បាន​សាងសង់​ផ្ទះ​ផ្សេង​ៗ​សម្រាប់​ការ​មើលថែ​មនុស្ស​ចាស់​»​។

គម្រោង​ទាំងនេះ​ជា​អា​ផាត​មិន​ដែល​មាន​បី​ជាន់​ដែល​រួម​មាន​សួនច្បារ ហាង​កាហ្វេ សួនច្បារ​លើដំបូល និង​បារ រួម​ជាមួយនឹង​ជណ្តើរយោង​ចំនួន​បី​ផង​ដែរ ។ អា​ផាត​មិន​នីមួយ​ៗ​មាន​គ្រឿង​សង្ហា​រឹម​ស្រាប់ និង​មាន​ម៉ាស៊ីនត្រជាក់​ដែល​អ្នក​រស់នៅ​អាច​គ្រប់គ្រង​សីតុណ្ហភាព​បាន​រៀង​ៗ​ខ្លួន​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ