រាជធានីភ្នំពេញ ៖ ថ្វីដ្បិតតែមានការបញ្ជូនកីឡាករផ្នែកកាយវប្បកម្មឱ្យចេញប្រកួតក្រៅស្រុកនាពេលចុងក្រោយ ក៏កីឡាករភាគ ច្រើននៅតែអះអាងថា អាជីពមួយនេះមិនមាន ការជួយជ្រោមជ្រែងនោះទេ ប៉ុន្តែអ្នកមានឆន្ទៈ នៅចង់ប្រកួតមានចំនួនច្រើន និងចាត់ទុកប្រាក់រង្វាន់ដែលទាមទារមិនបាននោះ លែងជាបញ្ហាទៀតហើយទោះបីមានកីឡាករមួយចំនួនប្រកាសថាមិនចង់ប្រកួតក៏ដោយ។
លោក សុខ មង្គលរស្មី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណបានអះអាងថា នៅខែកញ្ញាខាងមុខនេះ សហព័ន្ធត្រូវដល់កំណត់រៀបចំការប្រកួតធំមួយនៅក្នុងប្រទេសកម្ពុជា តែសហព័ន្ធសម្រេចចិត្តមិនរៀបចំនោះទេ ដោយសារហេតុផលរៀបចំមិនទាន់ និងម្យ៉ាងគឺខ្វះការជ្រោមមជ្រែងផ្នែកហិរញ្ញវត្ថុ ។ ប៉ុន្តែសម្រាប់ការបញ្ជូនកីឡាករឱ្យចេញប្រកួតនៅកូរ៉េក្នុងខែតុលា និងប្រទេសផ្សេង គឺសហព័ន្ធនឹងនៅតែបញ្ជូនទៅ ដោយលោកប្រកាសថា សហព័ន្ធរាល់ថ្ងៃមានកីឡាករសរុបជាង១០០នាក់ ហើយបើអ្នកនេះមិនទៅ ក៏មិនខ្វះអ្នកនោះទៅ ដែលមានន័យថា មិនអត់អ្នកចេញតំណាងជាតិទៅប្រកួតនោះឡើយ។
ការប្រកួតនៅក្រៅប្រទេសដែលតម្រូវឱ្យជ្រើសកីឡាករតំណាងប្រទេសចេញទៅប្រកួតម្ដងៗ គឺជារឿងលំបាក ជាពិសេសបើការប្រកួតទាំងនោះតម្រូវឱ្យកំណត់អាយុកីឡាករក្មេងៗជាដើម។
លោកថា មកទល់សព្វថ្ងៃបណ្ដាប្រទេសដែលបានបើកប្រកួតបង្អួតសាច់ដុំ មិនមានការកំណត់អាយុនោះទេ ដោយគេកំណត់ត្រឹមតែគីឡូប៉ុណ្ណោះ ដោយសារតែគេក៏បានដឹងថា កីឡាប្រភេទនេះមិនងាយសំបូរក្មេងៗមកហាត់់តម្រូវតាមការប្រកួតនោះទេ ។ យ៉ាងណាមិញ លោកថា នៅបណ្ដាស្រុកគេ គឺសំបូរ កីឡាករក្នុងវិស័យនេះជាងកម្ពុជា ដោយសារតែគេមានទីផ្សារឱ្យកីឡាករដែលមានសាច់ដុំត្រូវតាមការប្រកួតមានទីផ្សារមានប្រាក់ចំណូល ដែលខុសពីកម្ពុជាកីឡាករបានលុយតែពេលប្រកួតឈ្នះ តែបើអត់ការប្រកួតគឺត្រូវធ្វើការផ្ទាល់ខ្លួន ។
លោកបញ្ជាក់ស្ថានភាពចុងក្រោយ នៅតែមិនមានអ្នកណាផ្ដល់ការជ្រោមជ្រែងឱ្យពេងទំហឹងនោះទេ ទើបវិស័យមួយនេះ មិនទទួលបានការចាប់អារម្មណ៍ភាគច្រើន ដោយអាចនិយាយបានមិនសូវមានអ្នកចង់ក្លាយជាកីឡាករអាជីពក្រោយការហ្វឹក ហាត់មួយរយៈ ។ លោកថា កីឡាមួយនេះ ប្រសិនបើមានការជ្រោមជ្រែងច្បាស់លាស់ ដូចជាមានកញ្ចប់ប្រាក់ខែ មានការផ្ដល់ឱ្យហ្វឹកហាត់មិនគិតថ្លៃ មានការផ្គត់ផ្គង់ឧបករណ៍ និងមានការផ្ដល់កញ្ចប់ឱ្យអ្នកមានជំនាញបានចេញទៅប្រកួតនៅខាងក្រៅបានច្រើន គឺមិនខ្វះអ្នកចង់ហាត់យកអាជីពនោះទេ ប៉ុន្តែមកពីក្នុងពេលខ្លះគឺកីឡាករត្រូវរកស្ពុនស័រចេញប្រកួតក្រៅស្រុកខ្លួនឯង និងត្រូវផ្គង់ផ្គង់លើការហ្វឹកហាត់ខ្លួនឯងផង ទើបអ្នកខ្លះបានត្រឹមតែហ្វឹកហាត់លេងៗ យកសាច់ស្អាត ហើយមិនហ៊ានវិវត្តឱ្យក្លាយជាអ្នកអាជីព ដែលមានសាច់ដុំធំៗនោះឡើយ។
កីឡាករ សុខ សុភ័ក្ត្រ ដែលត្រូវគេស្គាល់ថាជាកីឡាករល្អម្នាក់មានកេរ្តិ៍ឈ្មោះបោះសំឡេងមិនធម្មតា ក្រោយពីមានឱកាសបានចេញប្រកួតនៅក្រៅប្រទេសក្នុងព្រឹត្តិការណ៍ដណ្ដើមជើងឯកបុរសដែលមានសាច់ដុំល្អ ក៏បានបញ្ជាក់ថា ធនធានកីឡាករក្មេងៗដែលចង់ហាត់យកសាច់ដុំឱ្យធំៗ ដើម្បីអាចចូលរួមប្រកួតបានដូចលោកក៏ជារឿងពិបាកផងដែរ ។ លោកថាកីឡាករម្នាក់ដើម្បីអាចក្លាយជាធនធានចូលរួមប្រកួតបានលុះត្រាតែហ្វឹកហាត់ដំឡើងសាច់ដុំជារៀងរាល់ថ្ងៃ ហើយហាត់ឱ្យមានសាច់ដុំធំប៉ោង និងស្ងួតមិនមានខ្លាញ់ ។ ជាក់ស្ដែង ទម្រាំទទួលបានលទ្ធផលដូចដែលមហាជនបានឃើញគឺលោកសុខចិត្តអត់បាយ និងអត់ដើរលេង ហើយតមចំណី និងប្រើថ្នាំបំប៉នសាច់ដុំយ៉ាងម៉ត់ចត់នោះផង ទម្រាំតែមានសាច់ដុំបែបនេះ។
លោកថា មនុស្សជាច្រើនបានសើចចំអកថាលោកបាត់រូបរាងទាក់ទាញ ហើយមិនខុសពីកង្កែប ដោយសារតែលោកចង់បានសាច់ដុំធំណែនឱ្យត្រូវនឹងការប្រកួតដែលបានប្រកាសឡើង ។ ត្រង់ចំណុចនេះហើយដែលមនុស្សប្រុសភាគច្រើនមិនចង់បានរូបរាងដូចលោកនេះទេ ជាពិសេសអ្នកចង់បានមាឌធំស្អាត និងមើលទៅឃើញសង្ហា ។
លោកបានចំណាយពេលមិនតិចជាង១០ឆ្នាំនោះទេ ទម្រាំទទួលបានលទ្ធផលឱ្យមានសាច់ដុំ និងរាងកាយដូចដែលបានឃើញ ហើយលោកក៏មិនអាចបន្តអាជីពមួយនេះបានជារៀងរហូតនោះដែរ ដោយការតស៊ូទាំងនោះ សុទ្ធតែជាថវិកាផ្ទាល់ខ្លួនទាំងអស់ ទោះលោកយល់ថា បើទោះជាបុគ្គលម្នាក់នោះស្រឡាញ់ និងចង់ក្លាយជាអ្នកអាជីពផ្នែកកីឡាលើកសាច់ដុំយ៉ាងណាក៏ដោយ ប៉ុន្តែបើខ្វះលទ្ធភាព និងឆន្ទៈ ក៏មិនអាចទៅរួច បើគ្មានការជួយជ្រោមជ្រែងពិតប្រាកដដូចសព្វថ្ងៃ ។
លោកថា រាល់ថ្ងៃអ្នកមានសាច់ដុំល្អដែលត្រូវបានគេជ្រើសចេញប្រកួត គឺទទួលយកឱកាសចេញប្រកួតដោយទឹកចិត្ត ដោយម្នាក់ៗសុខចិត្តបោះបង់ការងារដើម្បីហ្វឹកហាត់ត្រៀមប្រកួតទាំងខាតការងារ និងលុយកាក់ផ្ទាល់ខ្លួនតែម្ដង៕
ចែករំលែកព័តមាននេះ