តូក្យូ ៖ ភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងកាលពីថ្ងៃទី ២ខែមេសាកន្លងមកថា តម្លៃប្រេងបានកើនដល់កម្រិតខ្ពស់ជាងគេក្នុងឆ្នាំ ២០១៩ កាលពីថ្ងៃអង្គារ៍ព្រោះតែទិន្នន័យសេដ្ឋកិច្ចរបស់ប្រទេសចិនដែលកាត់បន្ថយការព្រួយបារម្ភពីតម្រូវការ និងលទ្ធភាពនៃការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ និងការផ្អាកការផ្គត់ផ្គង់ក្នុងប្រទេសវ៉េណេស៊ុយអេឡា។
តម្លៃប្រេងរបស់ក្រុមហ៊ុន Brent បានកើនឡើង ៣២សេនឬ ០.៥%មកស្មើ ៦៩.៣៣ដុល្លារក្នុងមួយធុង ខណៈដែលតម្លៃប្រេង West Texas Intermediate បានកើនឡើង៣០សេន ឬ០.៥%មកស្មើ ៦១.៨៩ដុល្លារក្នុងមួយធុងផងដែរ។
ទិន្នន័យសេដ្ឋកិច្ចរបស់ប្រទេសចិន និងសហរដ្ឋអាមេរិកបានជំរុញដល់តម្លៃប្រេង ដោយមានវិស័យផលិតកម្មងើបឡើងវិញជាលើកដំបូងក្នុងរយៈពេល៤ខែកន្លងមកនេះ។ សន្ទស្សន៍គ្រប់គ្រងការទិញក្នុងវិស័យផលិតកម្ម (PMI) បានកើនឡើងក្នុងកម្រិតខ្ពស់ជាងគេក្នុងរយៈពេល៨ខែកន្លងមកនេះកាលពីខែមិនា។
មន្ត្រីរដ្ឋាភិបាលត្រាំបានប្រាប់ដល់សារពត៌មានកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលអាមេរិកកំពុងតែពិចារណាថាដាក់ទណ្ឌកម្មបន្ថែមលើប្រទេសអ៊ីរ៉ង់ដែលនឹងផ្តោតសំខាន់លើផ្នែកមួយចំនួននៃសេដ្ឋកិច្ចដែលមិនធ្លាប់ទទួលរងទណ្ឌកម្មពីមុនមក។
មន្ត្រីនេះបានបន្ថែមទៀតថា សហរដ្ឋ អាមេរិកក៏ប្រហែលជាមិនបន្តអនុញ្ញាតឲ្យមានការបន្តនាំចូលប្រេងអ៊ីរ៉ង់ដល់ប្រទេសចំនួន៨ទៀតដែរ។
ប្រភពចំនួនពីរទៀតបាននិយាយថា លើសពីនេះទៅទៀត ការនាំចេញប្រេងឆៅរបស់វ៉េណេស៊ុយអេឡាបានផ្អាកដំណើរការព្រោះតែកង្វះអគ្គិសនី។
ការស្ទង់មតិរបស់ Reuters បានប្រទះឃើញទៀតថា ការកាត់បន្ថយផលិតកម្មពីអង្គការនាំចេញប្រេងឥន្ធនៈបានជំរុញការផ្គត់ផ្គង់ប្រេងដល់កម្រិតទាបជាងគេក្នុងរយៈពេល៤ឆ្នាំមកនេះ ៕
ចែករំលែកព័តមាននេះ