រាជធានីភ្នំពេញ ៖ ឡុង សំណាង មកពីក្លិបសាលវ័ន្តកីឡា ដែលមានបំណងចង់ក្លាយជាម្ចាស់ខ្សែក្រវាត់ជើងឯកអន្តរជាតិZORUSដើម្បីបានប្រាក់រង្វាន់៦០០០ដុល្លារយកទៅជួយសងបំណុលម្ដាយនោះ ទីបំផុតគេធ្វើបានសម្រេចហើយដោយយកឈ្នះពិន្ទុកីឡាករថៃPhit Say Faក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅលើសង្វៀនទូរទស្សន៍ស៊ីអិនស៊ីកាលពីថ្ងៃអាទិត្យទី៣១ មីនា។
ទោះបីការប្រកួតវគ្គសន្សំពិន្ទុក្នុងជុំកន្លងមក ឡុង សំណាង ធ្លាប់ឈ្នះPhit Say Faដោយពិន្ទុទាំងប្រផិតប្រផើយ(៣-២) ប៉ុន្តែលើកនេះ គេពិតជាធ្វើបានល្អខ្លាំងណាស់ ដោយត្រូវបានគណៈកម្មការរៀបចំការប្រកួតផ្ដល់ពិន្ទុឱ្យឈ្នះជាឯកច្ឆ័ន្ទទាំង៥ទឹកតែម្ដង ។ ឡុង សំណាងប្រាប់ថា គេក៏មានការខិតខំប្រឹងប្រែងខ្លាំងណាស់ដែរ មិនហ៊ានមើលស្រាលគូប្រកួតបន្តិចណាឡើយទើបជ័យជម្នះធ្លាក់ក្នុងកណ្ដាប់ដៃគេបែបនេះ។
តាមរយៈជ័យជម្នះនេះ ឡុង សំណាង ទទួលបានពាន១ ខ្សែក្រវាត់១ និងប្រាក់រង្វាន់ចំនួន៦០០០ដុល្លារ ។ ចំណែកកីឡាករថៃPhit Say Faទទួលបានពាន១ និងប្រាក់រង្វាន់៤០០០ដុល្លារ ។ ចំណាត់ថ្នាក់លេខ៣បានទៅលើកីឡាករ ផាន់ គ្រាន់ មកពីក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ ទទួលបានពាន១ និងប្រាក់រង្វាន់៣ពាន់ដុល្លារ និងលេខ៤ទទួលបានពាន១និងប្រាក់រង្វាន់១៥០០ដុល្លារ៕
ចែករំលែកព័តមាននេះ