ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​គ្រោង​បញ្ចប់​ការជួសជុល​ដាក់​ឱ្យ​អត្ត​ព​លិ​ក​ហ្វឹកហាត់​ឡើង​វិញ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក គ្រោង​បញ្ចប់​ការ​ជួសជុល សាងសង់ នៅ​ចុងខែ​ឧសភា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ដើម្បី​ឱ្យ​អត្ត​ព​លិ​ក​កម្ពុជា​ហ្វឹកហាត់​ត្រៀមខ្លួន​ដណ្ដើម​យក​មេដាយ​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ…

រាជធានី​ភ្នំពេញ ៖ អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក គ្រោង​បញ្ចប់​ការ​ជួសជុល សាងសង់ នៅ​ចុងខែ​ឧសភា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ដើម្បី​ឱ្យ​អត្ត​ព​លិ​ក​កម្ពុជា​ហ្វឹកហាត់​ត្រៀមខ្លួន​ដណ្ដើម​យក​មេដាយ​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ ។

ពាក់ព័ន្ធ​នឹង​ដំណើរការ​ជួសជុល​អាង​ហែល​ទឹក​នេះ កាលពី​ថ្ងៃអាទិត្យ​ទី​៣១ មីនា លោក​ទេស​រដ្ឋមន្ត្រី​ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​ប្រធាន​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​វឌ្ឍនភាព​ការងារ​ជួសជុល និង​សាង​សង់​អាង​ហែល​ទឹក​នេះ​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​​ថ្នាក់ដឹកនាំ​ក្រសួង និង​សហព័ន្ធ​ជា​ច្រើនរូ​ប​ផង​ដែរ​។

ថ្លែង​នៅ​ក្នុង​ឱកាស​ចុះ​ពិនិត្យ​មើល​ការ​សាងសង់​នោះ លោក​ទេស​រដ្ឋមន្ត្រី​ស៊ុន ចាន់​ថុ​ល បាន​គូសបញ្ជាក់​ពី​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ស្វែងរក​ប្រភព​ថវិកា​ពី​សប្បុរសជន និង​ក្រុមហ៊ុន​ឯកជន​នានា ដើម្បី​កសាង​អាង​ហែល​ទឹក​ឱ្យ​បាន​ច្រើន​កន្លែង​ទៀត ក្នុង​គោលបំណង​ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡាហែលទឹក​នៅ​កម្ពុជា ឱ្យ​មានការ​រីក​ចម្រើន និង​ដើម្បី​ស្វែងរក​មេដាយ​ជូន​ជាតិ​ឱ្យ​បាន​ច្រើន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម
ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ​២០២៣ ខាង​មុខ​នេះ ។

លោក​ទេស​រដ្ឋមន្ត្រី បាន​បន្ថែម​ទៀត​ថា ការ​ថែទាំ​ជួសជុល​អាង​ហែល​ទឹក​នេះ គម្រោង​ចំណាយ​រយៈពេល​ពី​៧​ទៅ​៨​ខែ ហើយ​កីឡាករ​-​កីឡាការិនី​ដែល​កំពុង​ទទួល​ការ​ហ្វឹកហាត់​បច្ចុប្បន្ន​ទាំងអស់​ត្រូវ​ទៅ​ហ្វឹក ហាត់​នៅ​កន្លែង​ថ្មី​ជា​បណ្តោះអាសន្ន​សិន រង់ចាំ​ការ​ជួសជុល និង​សាងសង់​បាន​បញ្ចប់​ជា​ស្ថាពរ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ​លោក​ទេស​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សប្បុរសជន ក៏​ដូច​ជា​ក្រុមហ៊ុន​ឯកជន​នានា​ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​ជួសជុល​ថែទាំ​អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​នេះ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​ប្រកបដោយ​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ និង​ដែល​បាន​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន ការ​ជួសជុល និង​សាងសង់​អាង​ហែល​ទឹក និង​អាង​លោត សម្រេច​បាន​ប្រមាណ​ជា​៥៥​ភាគរយ​ហើយ ដែល​ការ​ថែទាំ​ជួសជុល និង​សាងសង់​អាង​ហែល​ទឹក​នេះ គម្រោង​ចំណាយ​រយៈ​ពេល​ពី​៧​ទៅ​៨​ខែ ដោយ​ចាប់​ដំណើរការ​ជួសជុល និង​សាងសង់​ពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ ហើយ​គ្រោង​បញ្ចប់​នៅ​ចុងខែ​ឧសភា ឆ្នាំ​២០១៩ ដើម្បី​ដាក់​ឱ្យ​ដំណើរការ​ឡើង​វិញ សម្រាប់​ឱ្យ​កីឡាករ​-​កីឡាការិនី​កម្ពុជា ធ្វើការ​ហ្វឹកហាត់ ក្នុង​ការ​ត្រៀមខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម ដែល​កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣ ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ