ខេត្តកណ្តាល ៖ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះដែរ ភ្នាក់ងារកោះសន្តិភាពបានព្យាយាមសូមការបំភ្លឺពីលោកព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ និងត្រូវបានលោកបំភ្លឺថា បងប្រុសរបស់ជនសង្ស័យបានមកធានាសុំប្អូនយកទៅអប់រំណែនាំវិញ ដោយមានធ្វើកិច្ចសន្យាផង ។ ឯចំពោះការបែកធ្លាយថា ការដោះលែងជាថ្នូរនឹងប្រាក់១.៣០០ដុល្លារនោះ ជារឿងមិនពិតទេ ។
គួរបញ្ជាក់ថា មានព័ត៌មានបែកធ្លាយថា មន្ត្រីនគរបាលស្រុកកៀនស្វាយបានដោះលែងមុខសញ្ញាជួញដូរនិងចែកចាយគ្រឿងញៀនម្នាក់ជាថ្នូរនឹងទឹកប្រាក់ចំនួន១.៣០០ដុល្លារ ។ បើតាមប្រភពព័ត៌មានឱ្យដឹងថា កាលពីវេលាម៉ោងប្រហែលជាង៧យប់ថ្ងៃទី២៩ ខែមីនាកន្លងទៅ កម្លាំងនគរបាលប៉ុស្តិ៍គគីរធំ ខណៈល្បាតក្នុងមូលដ្ឋានបង្ក្រាបបានមុខសញ្ញាចែកចាយនិងជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ដោយដកហូតបានថ្នាំញៀន១កញ្ចប់តូច ព្រមទាំងម៉ូតូ១គ្រឿងនៅផ្លូវកំពង់ដ ស្ថិតក្នុងភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ រួចនាំយកមកប៉ុស្តិ៍ដើម្បីសាកសួរ ។
ប្រភពព័ត៌មានបន្តថា បន្ទាប់មកក៏បានបញ្ជូនជនសង្ស័យជាមុខសញ្ញារួមជាមួយវត្ថុតាងថ្នាំញៀន១កញ្ចប់តូចនេះទៅកាន់អធិការដ្ឋានស្រុកទាំងយប់ ។ ពេលបញ្ជូនជនសង្ស័យទៅដល់អធិការដ្ឋានស្រុកមិនទាន់បានមួយចម្អិនកំពឹសផង ស្រាប់តែនគរបាលស្រុកដោះលែងទៅវិញទាំងយប់នោះដែរ ។
បើតាមប្រភពព័ត៌មានបែកធ្លាយថា ការដោះលែងជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់នេះ គឺជាថ្នូរនឹងទឹកប្រាក់ចំនួន១.៣០០ដុល្លារ ។ ជនសង្ស័យឈ្មោះ ស្រី រតនៈ ហៅម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ។
ចែករំលែកព័តមាននេះ