ខេត្តកំពង់ចាម ៖ សម្លេងរថយន្ត២គ្រឿងបុកគ្នាពេញទំហឹងនៅលើស្ពានគីហ្ស៊ុណា បានលាន់ឮយ៉ាងខ្លាំង បណ្តាលឲ្យស្លាប់ម្នាក់កៀបជាប់ក្នុងរថយន្ត និងរងរបួសធ្ងន់-ស្រាល៧នាក់ ហើយត្រូវដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ ហេតុការណ៍ដ៏រន្ធត់នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។
លោកវរសេនីយ៍ទោ ស៊ាម យូសេង អធិការរងនគរបាលក្រុងកំពង់ចាម ប្រាប់ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺរវាងរថយន្តពាក់ស្លាកលេខភ្នំពេញ 2AK-3517 បើកដោយឈ្មោះ រិទ្ធី មន្នីរៈ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិលេខ៥ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានអ្នករួមដំណើរជាមួយចំនួន៣នាក់។
១-ឈ្មោះ ឡុង បូរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ២-ឈ្មោះ ម៉េង អ៊ាង ភេទប្រុស អាយុ២៦ឆ្នាំ និង៣-ឈ្មោះតុង ស៊ាង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅឃុំ-ស្រុកជាមួយនឹងអ្នកបើក ដោយបានបើកបរក្នុងទិសដៅពីកើតមកលិច តាមបណ្តោយផ្លូវជាតិលេខ៧ ឡើងមកលើស្ពានគីហ្ស៊ុណា ។
លោកអធិការរងបន្តថា ចំណែករថយន្តហ៊ីយ៉ាន់ដាយដឹកមាន់ ពាក់ស្លាកលេខត្បូងឃ្មុំ 3A0153 វិញ បើកដោយឈ្មោះ សូម សូទី ភេទប្រុស អាយុ៤៣ឆ្នាំ ភូមិជំនិក ឃុំជំនិត ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលមានអ្នករួមដំណើរចំនួន៣នាក់ដូចគ្នា ១ -ឈ្មោះ ហ៊ាត សំរី ភេទប្រុស អាយុ២១ឆ្នាំ ២-ឈ្មោះ អ៊ី សាវ៉ានិ
ភេទប្រុស អាយុ៣៤ឆ្នាំ និង៣-ឈ្មោះ ហ៊ាត ទ្រី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា បើកក្នុងទិសដៅច្រាស់ទិសគ្នា ។
ស្របពេលដែលបើកមកដល់លើស្ពានគីហ្ស៊ុណានោះ ស្រាប់តែមានគ្រោះថ្នាក់កើតឡើងតែម្តង ធ្វើឲ្យរថយន្តពាក់ស្លាកលេខភ្នំពេញ2AK-3517 រងការខូចខាតយ៉ាងដំណំ និងកៀបអ្នកបើកបរឈ្មោះ មន្នីរៈ ជាប់ក្នុងរថយន្ត បណ្តាលឲ្យស្លាប់យកសពចេញមិនកើត។ ក្រោយកើតហេតុ រថយន្តទាំង២គ្រឿងត្រូវបាននាំមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម។
លោកវរសេនីយ៍ទោ ស៊ាម យូសេង បញ្ជាក់ថា ក្រោយកើតហេតុនគរបាលបានជួយសំរួលចរាចរណ៍នៅលើស្ពានតាមបញ្ជារបស់លោកអធិការនគរបាលក្រុងកំពងចាម និងលោកស្នងការនគរបាលខេត្ត ដើម្បីកុំឲ្យកកស្ទះ តែសំណាង យប់មិនសូវមានពលរដ្ឋធ្វើដំណើរ។
ចំណែកសពជនរងគ្រោះកៀបជាប់ក្នុងរថយន្តត្រូវបានគាស់យកសពចេញនៅព្រឹកថ្ងៃទី២ មេសា និងបានដឹកតាមរថយន្តសាមុយយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ហើយករណីគ្រោះថ្នាក់នេះកើតឡើងដោយសារតែការបើកបររបស់រថយន្តពាក់ស្លាកលេខភ្នំពេញ2AK-3517 មិនប្រកាន់ស្តាំ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងយ៉ាងដូច្នេះ៕
ចែករំលែកព័តមាននេះ