ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ចិន​ចាប់អារម្មណ៍​វិស័យ​ទេសចរណ៍​និង​ឧស្សាហកម្ម ខេត្ត​ព្រះ​សីហ​នុ គ្រោង​បង្កើត​ការ​ហោះហើរ​ត្រង់​បន្ថែម​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទំនាក់ទំនង​កម្ពុ​ជានា​ពេល​នេះ​បាន​ឈាន​ដល់​ចំណុចកំពូល ជាមួយនឹង​កំណើន​នៃ​អ្នក​វិនិយោគិន​ចិន និង​ទេសចរណ៍​ចិន មក​កម្ពុជា ជាក់ស្តែង​ឆ្នាំ ២០១៨ កន្លង​ទៅ ភ្ញៀវ​ទេសចរ​ចិន​ឈរ​លំដាប់​ទី​១…

រាជធានី​ភ្នំពេញ ៖ ទំនាក់ទំនង​កម្ពុ​ជានា​ពេល​នេះ​បាន​ឈាន​ដល់​ចំណុចកំពូល ជាមួយនឹង​កំណើន​នៃ​អ្នក​វិនិយោគិន​ចិន និង​ទេសចរណ៍​ចិន មក​កម្ពុជា ជាក់ស្តែង​ឆ្នាំ ២០១៨ កន្លង​ទៅ ភ្ញៀវ​ទេសចរ​ចិន​ឈរ​លំដាប់​ទី​១ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ជាង​៦​លាន​នាក់​ដែល​មក​ទ​ស្សាន​កម្ពុជា ។

ថ្មី​ៗ​នេះ​ទៀត​សោត តប​តាម​ការ​អញ្ជើញ​របស់​ប្រធាន​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ ដោយ​មានការ​ចូលរួម​ក្នុង​វេទិកា​នានា​នៅ​ប្រទេស ចិន អស់​រយ់ៈពេល ៥ ថ្ងៃ​មក នៅ​ថ្ងៃ​ទី ៣០ ខែ មីនា ឆ្នាំ​២០១៩​នេះ ឯកឧត្តម យន្ត មីន អភិបាល នៃ គណៈ​អភិបាលខេត្ត ព្រះ​សីហ​នុ បាន​ត្រលប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ជាមួយនឹង​ព័ត៌មាន​ដែល​ថា​ចិន​ចាប់អារម្មណ៍​កម្ពុជា​កាន់តែ​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ ក៏​ដូច​ជា​ការ​ចង់​បង្កើត​ការ​ហោះហើរ​ត្រង់​ពី​បណ្តា​ខេត្ត​មួយ​ចំនួន​របស់​ប្រទេស​ចិន មក​កាន់​ខេត្ត​មាត់សមុទ្រ​ផង​ដែរ ។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌​មាននៅ​ឯ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក យន្ត មីន បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ៣០ ខែមីនា នេះ​ថា «​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋបាល​ខេត្ត​របស់​ប្រទេស​អាស៊ាន នៅ​ឯ​ម៉ា​កាវ និង កោះ ហៃ​ណា​ន់ ព្រមទាំង​បាន​ធ្វើការ​ចូលរួម​នៅ​តាម​តំបន់​អភិវឌ្ឍន៍​មួយ​ចំនួន​ទៀត ។ ឆ្លៀតឱកាស​នោះ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​បង្ហាញ​អំពី​សក្តានុពល​ដ៏​ល្អ​របស់​កម្ពុជា ជា​ពិសេស​ខេត្ត ព្រះ​សីហ​នុ ព្រមទាំង​បាន​អំពាវនាវ​ដល់​វិនិយោគិន​ចិន​ឱ្យមក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ ។ អ្នក​វិនិយោគ​ចិន នៃ​កោះ​ហៃ​ណា​ន់ និង​ម៉ា​កាវ​បាន​ចាប់អារម្មណ៍​អំពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា និង បាន​សន្យា​ថា​នឹង​រក​ពេលវេលា​សម​ស្រប​មក​សិក្សា​ស្វែង​យល់​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ជា​ពិសេស​លើ វិស័យ​ទេសចរណ៍ និង​ឧស្សាហកម្ម នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ » ។

កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​សិក្សា​ស្វែង​យល់​បទ​ពិសោធន៍​នៃ​ការ​អភិវឌ្ឍ​ខេត្ត​ពី​គ្នា​ទៅ​វិញ​ទៅ​មក ការ​ពង្រឹង​មិត្តភាព និង​សាមគ្គីភាព​រវាង​គ្នា​និង​គ្នា​។ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចូលរួម​ក្នុង​វេទិកា​សន្ទនា ស្តី​ពី​ការ​លើកកម្ពស់​កា​រត​ភ្ជាប់ អាស៊ាន​-​ចិន ដើម្បី សេដ្ឋកិច្ច និង កិច្ច​សហប្រតិបត្តិការ​វប្បធម៌​ប្រកបដោយ​និ​ត​ន្ត​រ​ភាព ។ ដោយឡែក រដ្ឋបាល ខេត្ត​ព្រះ​សីហ​នុ បន្ត​ពង្រឹង និង ពង្រីក​កិច្ច​សហប្រតិបត្តិការ​តាម​រយៈ​ខេត្ត​-​ក្រុង​បងប្អូន ចូលរួម​វេទិកា​អន្តរជាតិ​នានា ផ្លាស់​ប្តូរ​ទស្សនកិច្ច​សិក្សា ដកស្រង់​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​កន្លង​មក​ខេត្ត ព្រះ​សីហ​នុ បាន​ចងសម្ព័ន្ធភាព ខេត្ត​-​ក្រុង បងប្អូន ជាមួយ​ប្រទេស ចិន បាន​ចំនួន ១៦ ខេត្ត ក្រុង ហើយ ។

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ គាំទ្រ​ចំពោះ​ការ​អនុវត្ត​គោលនយោបាយ ខ្សែក្រវាត់​មួយ ផ្លូវ​មួយ និង ផ្លូវ​សូត្រ​សមុទ្ទ​សតវត្សរ៍​ទី ២១ របស់​ប្រទេស ចិន ដែល​បាន​ធ្វើ​ឱ្យ​ទីផ្សារ​កម្ពុជា ជា​ពិសេស​ខេត្ត​ព្រះ​សីហ​នុ ក្លាយ​ជាទី​ចំណាប់អារម្មណ៍​របស់​អ្នក​វិនិយោគ ចិន ទាំង​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម សំណង់ និង ដឹក​ជញ្ជូន ។ រដ្ឋបាល​ខេត្ត ព្រះ​សីហ​នុ នឹង​បន្ត​ខិតខំ​សហប្រតិបត្តិការ​ជាមួយ ហៃ​ណា​ន លើ​វិស័យ​ទេសចរណ៍ ដោយ​បង្កើត​ការ​ហោះហើរ​ត្រង់​ពី​ព្រ​លាន​យន្តហោះ ហៃ​ខូ ឬ ពី សាន់​យ៉ា មក​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះ
សីហ​នុ ។

យោង​តាម​របាយការណ៍​របស់​ក្រសួង ទេសចរណ៍​កន្លង​មក​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​មក​កាន់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ មានការ​កើនឡើង​១១​ភាគរយ​គឺ​ស្មើនឹង ៦​លាន​២​សែន​នាក់ ក្នុង​នោះ​ភ្ញៀវ​ចិន​មាន​៣០​ភាគរយ​។ ខណៈ​ភ្ញៀវ​ទេសចរ​ចិន​មាន​កំណើន​៧០ ភាគរយ បើ​ធៀប​ទៅ​ឆ្នាំ​២០១៧ ។ ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ មាន​ចំនួន ៦.២ លាន​នាក់ គឺ​កើន​ជាង​១១ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ឈរ​លំដាប់​មុខ​គេ​បង្អស់ ដែល​មាន​ចំនួន​ប្រមាណ​១​លាន​៩​សែន​នាក់​ដែល​ជា​ការ​កើនឡើង​ជាង​៧០​ភាគរយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ