រាជធានីភ្នំពេញ ៖ បុរសម្នាក់បានដួលបោកក្បាលស្លាប់ បន្ទាប់ពីជនរងគ្រោះបានបើកបរម៉ូតូមួយគ្រឿងជ្រុលចង្កូតទៅបុកខឿនសួនច្បារដែលនៅកណ្តាលផ្លូវ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវបុរីអង្គរ ក្រុមទី១ ភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ខុម សុឃាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករក្រុមហ៊ុនលក់គ្រឿងបន្លាស់រថយន្ត មានស្រុកកំណើត ភូមិលេខ៥ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តកំពង់ចាម ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកអឹមដេ (MD) ពណ៌ក្រហម គ្មានស្លាកលេខ ។
តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកបរម៉ូតូមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវបូរីអង្គរ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដោយពុំពាក់មួកសុវត្តិភាពឡើយ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលទៅបុកខឿនសួនច្បារដែលនៅកណ្តាលផ្លូវ ធ្វើឱ្យជនរងគ្រោះដួលបោកក្បាល នឹងខឿនសួនច្បារ បណ្តាលអោយបែកក្បាលផុងលលាដ៍ក្បាល បាក់ថ្គាមរងរបួសធ្ងន់ធ្ងរ ហើយក៏បានស្លាប់នៅលើរថយន្តសង្គ្រោះពេលរៀបចំដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ហើយទាក់ទងនគរបាលជំនាញមកយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីរក្សាទុកប្រគល់ឱ្យអោយក្រុមគ្រួសារជនរងគ្រោះវិញ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
ចែករំលែកព័តមាននេះ