ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​នេះ​កំពុង​តែ​ស្រាវជ្រាវ​បន្ត​…​តែ​កូន​កូនលោក​មេ​ប៉ុស្តិ៍​ឃុំ​ជៀប​ត្រូវ​ឃុំខ្លួន

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សំណុំរឿង​លោក​មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឃុំ​ជៀប និង​កូន រួម​ទាំង​មិត្តភក្តិ ព្រួត​គ្នា​វាយ​កាប់ និង​ចាក់​ប៉ង​សម្លាប់​ទៅ​លើ​ជន​រង​គ្រោះ កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​នៅ​មិន​ទាន់​ចប់​នៅឡើយ​ទេ ខណៈ​ដែល​កូនប្រុស​របស់​មេ​ប៉ុស្តិ៍…

ខេត្តកំពង់ឆ្នាំង ៖ សំណុំរឿង​លោក​មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឃុំ​ជៀប និង​កូន រួម​ទាំង​មិត្តភក្តិ ព្រួត​គ្នា​វាយ​កាប់ និង​ចាក់​ប៉ង​សម្លាប់​ទៅ​លើ​ជន​រង​គ្រោះ កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​នៅ​មិន​ទាន់​ចប់​នៅឡើយ​ទេ ខណៈ​ដែល​កូនប្រុស​របស់​មេ​ប៉ុស្តិ៍ និង​មិត្តភក្តិ​ម្នាក់​ទៀត​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​រួច​ហើយ កាលពី​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ ។

ចំណែក​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជៀប ក៏​កំពុង​តែ​បញ្ឈរជើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែរ ព្រោះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត ។ គេ​មិនដឹង​ថា វាសនា​លោក​មេ​ប៉ុស្តិ៍​រូប​នោះ​អាច​នឹង​ជាប់​ពន្ធនាគារ​ដូច​កូន​របស់​គាត់​ដែរ​ឬទេ ? បើ​ទោះបី​គាត់​បាន​ឆ្លើយ​បដិសេធ​ថា គាត់​មិន​បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​យ៉ាងណា​ក្តី ប៉ុន្តែ​តាម​អង្គហេតុ​ត្រូវ​បាន​គេ​និយាយ​ថា លោក​មេ​ប៉ុស្តិ៍​អាច​នឹង​ក្លាយជា​សហការី ដែល​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​ជា​ទម្ងន់ ។

កាលពី​ថ្ងៃ​សៅរ៍​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​ភ្នាក់ងារ​យើង​បាន​ព្យាយាម​ទៅ​ភូមិ​ឃុំ​កន្លែង​កើតហេតុ ដើម្បី​រក​សាក្សី​បំភ្លឺ​ក្នុង​នោះ​យុវជន​ឈ្មោះ ឈួ​ន កំសាន្ត ជា​សាក្សី​បាន​និយាយ​ថា នៅ​យប់​នោះ​ឈ្មោះ ស៊ិ​ន វុ​ទ្ធី ជា​ជន​រង​គ្រោះ​បាន​ទៅ​សួរនាំ​លោក ជៀម វិចិត្រ មេ​ប៉ុស្តិ៍​ឃុំ​ជៀប​ថា ខាង​ណា​កាន់ដំបង ហើយ​ក៏​ត្រូវ​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជៀប​ស្ទុះ​យក​កាំភ្លើង​អាការ​មក​បុក​ស្មា​មុខ​ខាងឆ្វេង​ជន​រង​គ្រោះ បណ្តាល​អោយ​ដួល​ទៅ​ដី ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​ស្ទុះ​ងើបឡើង​រត់គេច​ខ្លួន​ទៅ​មួយ​សារ ។

ក្រោយមក​មិន​អស់ចិត្ត​ជន​រង​គ្រោះ​បាន​ត្រឡប់​ទៅ​វិញ និង​បាន​សួរ​ទៅ​ប្រជា​ការពារ​ថា ម៉េច​មិន​ជួយ​ឃាត់​ផង តែ​ត្រូវ​ប្រជា​ការពារ​ថា មិន​បានឃើញ​ស្រាប់តែ​ពេល​នោះ​លោក ជៀម វិចិត្រ បាន​ច្របាច់​ពិល​ឃើញ​ជន​រង​គ្រោះ​បាន​ស្ទុះ​ដេញចាប់​មួយ​សារ​ទៀត រួម​ជាមួយ​កូនប្រុស និង​បក្សពួក​រត់​ដេញ​តាម​ពីក្រោយ​ផង ។ យុវជន​ឈ្មោះ សាក់ ស៊ី​និ​ត ក៏​បាន​បញ្ជាក់​ថា រូបគេ​ពិតជា​បានឃើញ​លោក​មេ​ប៉ុស្តិ៍​យក​កាំភ្លើង​អាការ​បុក​ស្មា​ជន​រង​គ្រោះ បណ្តាល​អោយ​ដួល​មែន ។

ចំណែក​ឈ្មោះ ជួន វ៉ា​ន់ ក៏​បាន​ប្រាប់​ថា ពេល​ជន​រង​គ្រោះរ​ត់ទៅ​ដល់ទី​ងងឹត​ស្រាប់តែ​ឮ​ផូស​ផោះ​ជា​សម្លេង​វាយ​កាប់​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​គាត់​បាន​ស្រែក​អោយ​គេ​ជួយ​ថា គេ​វាយ​អា វុ​ទ្ឋី​ស្លាប់​ហើយ បងប្អូន​ទៅ​ជួយ​គ្នា​ផង ហើយ​ក៏​ឃើញ​ឈ្មោះ វុ​ទ្ឋី ច្រឡោត​ចេញពី​ទី​ងងឹត មាន​របួស​ពេញ​ខ្លួន​ទើប​បងប្អូន​នាំ​គ្នា​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព និង​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្ត ។

ដោយឡែក​លោក​ទេព ម៉ៅ ជា​ឪពុក​ជន​រង​គ្រោះ​ក៏​សូម​សំណូមពរ​ដល់​លោកស្នងការ​ខេត្ត សូម​មេត្តា​ជួយ​រក​យុត្តិធម៌​ជូន​កូន​គាត់​ផង ។ ជុំវិញ​បញ្ហា​នេះ​លោក​ជៀម វិចិត្រ យើង​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ប៉ុន្តែ​លោក​ប៉ុ​ល វុ​ទ្ឋី ស្នងការ​រង​នគរបាល​ខេត្ត​បាន​ប្រាប់​ភ្នាក់ងារ​យើង កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែមីនា​នេះ​ថា ក្នុង​ចម្លើយ​របស់​លោក ជៀម វិចិត្រ នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជៀប​បាន​ឆ្លើយ​ថា គាត់​មិន​បាន​យក​កាំភ្លើង​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ទេ ។ នៅ​ពេល​កើតហេតុ​មាន​ក្មេង​២​ក្រុម​បាន​ដេញ​វាយ​គ្នា​គាត់​បាន​ចូល​ទៅ​ឃាត់ ហើយ​ក៏​ត្រូវ​ក្រុម​ក្មេង​ទាំងនោះ​រត់​មក​បុក​គាត់ បណ្តាល​អោយ​ជ្រុះ​កាំភ្លើង​ពី​ដៃ​តែ​ម្តង​។

លោកស្នងការ​បាន​បញ្ជាក់​ថា ក្នុង​សំណុំរឿង​នេះ​ក្រោយ​ការ​ស្រាវជ្រាវ​តុលាការ​បាន​សម្រេច​ឃុំខ្លួន​កូនប្រុស​លោក​មេ​ប៉ុស្តិ៍​ម្នាក់ និង​មិត្តភក្តិ​កូន​មេ​ប៉ុស្តិ៍​ម្នាក់​ទៅ ។ ចំណែក​លោក​មេ​ប៉ុស្តិ៍ កំពុង​បញ្ឈរជើង​នៅ​ស្នងការដ្ឋាន​នៅឡើយ ព្រោះ​នៅ​ស្រាវជ្រាវ​បន្ត​ទៀត បើ​ទោះបី​ពេល​នេះ​លោក​មេ​ប៉ុស្តិ៍​មាន​សាក្សី​ជា​ប្រជា​ការពារ​ថាៈ​មិន​បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ក្តី តែ​លោក​មេ​ប៉ុស្តិ៍​អាច​ជា​សហការី ដែល​នាំ​អោយ​មាន​ហិង្សា​នេះ​កើតឡើង ហើយ​បើ​រក​មិនឃើញ​ទេ គាត់​នឹង​ត្រូវ​អោយ​វិល​ត្រឡប់​ទៅ​ធ្វើការ​វិញ ប៉ុន្តែ​បើ​គាត់​ពិតជា​បាន​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​គាត់​អាច​នឹង​ត្រូវ​មានទោស​ជា​មិន​ខាន ។

សូម​រំលឹក​ថា នៅ​យប់​ថ្ងៃ​ទី​២៣ ខែមីនា​ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​គោក​ពេញ ឃុំ​ជៀប ស្រុក​ទឹកផុស​មាន ពិធីបុណ្យ​បច្ច័យបួន ដោយ​មានការ​សម្ដែង​ល្ខោន និង​រាំវង់​ធុងបាស់​ផង​ដែរ ។ នៅ​យប់​នោះ​មាន​ក្មេង​២​ក្រុម​បាន​បង្ក​ហឹ​ង្សា​ដាក់​គ្នា គឺ​ក្រុម​ជន​រង​គ្រោះ​នៅ​ភូមិ​ទ័​ព្ទ​តា​ឡា​ត់ និង​ក្រុម​កូនលោក​មេ​ប៉ុស្តិ៍​នៅ​ភូមិ​គោក​ពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ