ការ​វិនិយោគ​អចលនទ្រព្យ​ដោយ​គ្មាន​ចំណេះដឹង និង​បទ​ពិសោធន៍​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់


រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​វិស័យ​អចលនទ្រព្យ ជា​ពិសេស​វិស័យ​ដីធ្លី​កំពុង​មាន​កំណើន និង​មាន​សន្ទុះ​ខ្លាំងក្លា ក្នុង​នោះ​ដី​ឡូត៍​ជា​វិស័យ​អាទិភាព​នោះ ក៏​មាន​វិនិយោគិន​ក្នុងស្រុក​ជា​ច្រើន​បាន​ងាក​ទៅ​វិនិយោគ​លើ​វិស័យ​នេះ​យ៉ាង​គគ្រឹកគគ្រេង ដែល​ក្នុង​នោះ​មាន​ទាំង​អ្នកសិល្បៈ​ផង អ្នកធ្វើការ​តាម​ស្ថាប័ន​ផ្សេង​ៗ​ផង ដោយ​ភាគច្រើន​មិន​មា​នប​បទ​ពិសោធន៍​និង​ចំណេះដឹង​ផ្នែក​នេះ​ឡើយ ដែល​នឹង​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​នៅ​ក្នុង​ការ​វិនិយោគ​របស់​ពួក​គេ​ដែរ ។

លោក​ឧកញ៉ា ចេ​ង ខេ​ង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ស៊ី​ភី​អិ​ល បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ ទាំង​វិស័យ​សំណង់ និង​ដីធ្លី គឺ​សុទ្ធតែ​មាន​សក្ដានុពល​វិនិយោគ​ដូច​គ្នា ក្នុង​នោះ​ដែរ គេ​សង្កេត​ឃើញ​ថា វិនិយោគ​ដែល​មិនសូវ​មាន​ធនធាន រឺ​ទុន​ច្រើន​នោះ ពួក​គេ​ចាប់​យក​ការ​វិនិយោគ​ទៅ​លើ​ដីធ្លី និង​ពុះ​ជា​ឡូត៍​លក់​ជូន​ទៅ​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​សម្រាប់​សង់ផ្ទះ​នៅ​ពេល​អនាគត ហើយ​សម្រាប់​អ្នក​ដែល​មាន​ធនធាន​និង​ទុន​ច្រើន គេ​ក៏​បោះទុន​វិនិយោគ​ទៅ​លើ​សំណង់​អគារ​នានា​ដែល​គេ​បានឃើញ​ថា នៅ​ភ្នំពេញ​មាន​សំណង់​អគារ​ខ្ពស់​ៗ​ច្រើន​កំពុង​រីក​ដុះដាល​ដូច​ផ្សិត ។

លោក​ឧកញ៉ា​បន្ត​ថា ក្រោយ​ពេល​វិស័យ​ដីធ្លី​បាន​ហក់​ឡើង​ខ្លាំង នៅ​រយៈពេល​ក្រោយ​នេះ យើង​ក៏​បាន​សង្កេត​ឃើញ​ថា មិនមែន​មាន​តែ​អ្នក​ដែល​មានចំណេះ​ដឹង និង​បទ​ពិសោធន៍​ក្នុង​វិស័យ​នេះ ដាក់​ទុន​វិនិយោគ​នោះ​ទេ តែ​គេ​ក៏​បានឃើញ​ថា​មាន​អ្នក​វិនិយោគ​ក្នុង​វិស័យ​ផ្សេង​ក៏​បាន​ងាក​មក​រក​វិស័យ​ដីធ្លី​នេះ​ដែរ ។ ជាក់ស្ដែង ដូច​ជា​អ្នកសិល្បៈ​ជា​ច្រើន​បាន​ងាក​ទៅ​រក​ការ​វិនិយោគ​ក្នុង​វិស័យ​ដីធ្លី ដោយ​ពុះ​ជា​ដី​ឡូត៍​សម្រាប់​លក់ ដែល​វា​ជា​ព្រួយបារម្ភ​មួយ​នៅ​ពេល​អនាគត ។

លោក​ឧកញ៉ា ចេ​ង ខេ​ង មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា « តែ​យ៉ាងណា​ក៏​ដោយ ក៏​យើង​បានឃើញ​ថា ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​ទប់ស្កាត់​នូវ​សកម្មភាព​មួយ​ចំនួន ពី​ការ​ពុះ​ដី​ឡូត៍ ដូច​ជា​រៀបចំ​ជា​ប្លង់​មេ​មួយ និង​តម្រូវ​អោយ​មានការ​រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​ផង​ដែរ » ។ លោក​ឧកញ៉ា​បន្ត​ទៀត​ថា នៅ​ប្រទេស​មួយ​អាច​រីក​ចម្រើន​ទៅ​បាន​លើ​វិស័យ​ណាមួយ គឺ​ត្រូវការ​មាន​ធនធានមនុស្ស​ក្នុង​វិស័យ​នោះ​បាន​ច្បាស់លាស់ ជាក់ស្ដែង​វិស័យ​ដីធ្លី​និង​អចលនទ្រព្យ​ទាំងមូល​នេះ​ជាដើម បើ​ចង់អោយ​រីក​ចម្រើន​ទៅ​បាន គឺ​ត្រូវការ​អ្នក​វិនិយោគ ដែល​មានចំណេះ​ដឹង​ជំនាញ​និង​បទ​ពិសោធន៍​ទើប​មិន​ធ្វើ​អោយ​វិស័យ​នោះ មាន​ហានិភ័យ តែ​បើសិនជា​អ្នក​វិនិយោគ​ទាំងនោះ មិន​មានបទពិសោធន៍ មិន​មាន​ជំនាញ​និង​ចំណេះដឹង គឺ​អាច​នឹង​ប្រឈម​ហានិភ័យ​ខ្លាំង​ណាស់ ។ លោក​ថា​៖« បើសិនជា​ធនធានមនុស្ស​ដែល​មាន​ជំ​ណេះ​ដឹង ដោយ​បាន​ឆ្លងកាត់​សាលា​បណ្ដុះបណ្ដាល​ត្រឹមត្រូវ​ហើយ តែ​ពួក​គាត់​មិន​យកចំណេះ​ដឹង​នោះ ទៅ អនុវត្ត​ជាក់ស្ដែង ក៏​មិន​អាច​ធ្វើ​អោយ​វិស័យ​នេះ មា​នាករ​រីក​ចម្រើន​បាន​ដែរ ដូច្នេះ​អ្នក​ដែល​មានចំណេះ​ដឹង​ផ្នែក​ណាមួយ​គួរតែ​យកចំណេះ​ដឹង​នោះ​ទៅ​អនុវត្ត​ក្នុង​ការងារ​ជាក់ស្ដែង ដើម្បី​អោយ​ក្លាយជា​ជំនាញ ដើម្បី រក​លុយ​សម្រាប់​គ្រួសារ និង​សង្គម​ជាតិ​យើង » ។

លោក ខាត់ បូ​រ៉ា នាយក​សាលា​អចលន ទ្រព្យ​ក៏​បានអោយ​ដឹងផង​ដែរ​ថា នៅ​ក្នុង​វិស័យ​អចលនទ្រព្យ បើសិនជា​អ្នក​វិនិយោគ មិន​មានចំណេះ​ជំនាញ និង​បទ​ពិសោធន៍ វា​នឹង​ជះ​ឥទ្ធិពល​ដល់​វិស័យ​នេះ​នៅ​ថ្ងៃ អនាគត ជាក់ស្ដែង​បើសិនជា​មិន​មាន​ជំនាញ​វា​នឹង​មាន​វិបាក​នៅ​ថ្ងៃ​ណា ជា​ឧ​ទារ​ហណ៍​ទាំង​អ្នកលក់ និង​អ្នកទិញ​គឺ​សុទ្ធតែ​ទទួល​នូវ​ផល​អាក្រក់​ពី​វិស័យ​អចលនទ្រព្យ​នេះ ។

នាយក​សាលា​អចលនទ្រព្យ បន្ត​ថា​ដោយ សារ​តែ​មើលឃើញ​ពី​បញ្ហា​នេះ​ហើយ ទើប​ក្រុម​អ្នកជំនាញ​មួយ​ក្រុម បាន​បង្កើត​សាលា​អចលនទ្រព្យ នៅ​កម្ពុ​ជាមួយ​ឡើង ដើម្បី​អោយ​អ្នក​ដែល​មាន​បំណង​វិនិយោគ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ អាច​ចូល​រៀន​ទទួល​បាន​ចំណេះដឹង​បន្ថែម មុន​នឹង​ពួក​គេ​ចេញ​ទៅ​វិនិយោគ​ផ្ទាល់​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ របស់​ពួក​គេ ។ ធ្វើ​ដូចនេះ អ្នក​វិនិយោគ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​នឹង​លែង​មាន​បញ្ហា​ប្រឈម ដោយសារ​តែ​អ្នក​វិនិយោគ​កាន់តែ​មានចំណេះ និង​ដឹង​ពី​អ្វី​ដែល​គួរ និង​មិន​គួរ​វិនិយោគ​នៅ​ថ្ងៃ​អនាគត ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ