ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុ​ក្តៅ តើ​ត្រូវ​សាងសង់​ផ្ទះ​បែប​ណា ដើម្បី​កាត់​បន្ថយកម្តៅ​ក្នុង​គេហដ្ឋាន ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ពិភពលោក​បាន​ផ្លាស់​ប្តូរ​អាកាសធាតុ ដែល​ធ្វើ​ឲ្យ​កំ​ដៅ​ក្នុង​បរិយាកាស​កើនឡើង​មិន​ឈប់ ជាក់ស្តែង​នៅ​ប្រទេស​កម្ពុជា ក៏​កំពុង​ប្រឈម​មុខ​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង ហើយ​កម្តៅ​អាច​ហក់​ឡើង​ដល់ ៤២ អង្សា​សេ ជា​ខែមេសា…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ពិភពលោក​បាន​ផ្លាស់​ប្តូរ​អាកាសធាតុ ដែល​ធ្វើ​ឲ្យ​កំ​ដៅ​ក្នុង​បរិយាកាស​កើនឡើង​មិន​ឈប់ ជាក់ស្តែង​នៅ​ប្រទេស​កម្ពុជា ក៏​កំពុង​ប្រឈម​មុខ​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង ហើយ​កម្តៅ​អាច​ហក់​ឡើង​ដល់ ៤២ អង្សា​សេ ជា​ខែមេសា និង​ឧសភា ខាង​មុខ​នេះ ការ​សាងសង់​លំនៅ​ដ្ឋា​ន​សំរាប់​រស់នៅ​ក៏​ត្រូវ​មានការ​ផ្លាស់​ប្តូរ​ដើម្បី​កាត់​បន្ថយ​កំ​ដៅ​ក្នុង​គេហដ្ឋាន និង​ទទួល​បាន​បរិយាកាស​ក្នុង​លំនៅ​ដ្ឋា​ន​កាន់តែ​មាន​ផា​សុខភាព​ក្នុង​ការ​រស់នៅ​។

ចំណោទ​មួយ​ដែល​ត្រូវ​ចោទសួរ​នោះ គឺថា អាកាសធាតុ​ក្តៅ តើ​ត្រូវ​សាងសង់​ផ្ទះ​បែប​ណា ដើម្បី​កាត់​បន្ថយកម្តៅ​ក្នុង​គេហដ្ឋាន ? លោក​សាស្ត្រាចារ្យ ទួ​ស សា​ភឿន អគ្គលេខាធិការ​រង​នៃ​គណ​ស្ថាបត្យករ​កម្ពុជា និង​ជា​ស្ថាបត្យករ​កម្រិត​អាស៊ាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង ថា ការ​សាងសង់​លំនៅ​ដ្ឋា​ន ពិសេស​បុរី ឬ​សំណង់ផ្ទះ​ល្វែង អ្នក​ដើរតួ​សំខាន់​ជាងគេ​ដំបូង​គឺ​អ្នក​រៀបចំ​ប្លង់​មេ (Master Plan) របស់​គម្រោង​តែ​ម្តង ព្រោះ​គម្រោង​មួយ​ងាប់ ឬ រស់​គឺ​អ្នក​រៀបចំ Master Plan នេះ​ហើយ ដែល​ជា​អ្នក​កំណត់​បរិយាកាស​ក្នុង​តំបន់ ឬ​លំនៅ​ដ្ឋា​ន​ថា​មាន​ផា​សុខភាព ឬ​អត់ ។ លោក​បន្ត​ថា ដូច​គ្នា​នឹង​ការ​សាងសង់​សណ្ឋាគារ​ដែរ ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្តីណែនាំ​ទាក់ទង​និយាម​កំណត់​ការ​សាងសង់ ដោយ​ជំរុញ​ឲ្យ​មានការ​ដាំ​ដើមឈើ និង​មាន​គំលាត​អាគារ​ពី​មួយ​ទៅ​មួយ​តាម​ស្តង់ដា​បច្ចេកទេស​ផង​ដែរ​។

លោក​សាស្ត្រាចារ្យ ទួ​ស សា​ភឿន មាន​ប្រសាសន៍​បន្ត​ថា «​ដើម្បី​ឲ្យ​លំនៅ​ដ្ឋា​ន​មាន​ផា​សុខភាព និង​ផ្តល់​បរិយាកាស​រស់នៅ​មាន​ភាព​មនោ​រម្យ ម្ចាស់​បុរី​ត្រូវ​ទុក ១៥ ទៅ​៣០​ភាគរយ​នៃ​បរិវេណ​បុរី សំរាប់​ដាំ​ដើមឈើ និង​គម្លាត​ពី​លំនៅ​ដ្ឋា​ន​១ ទៅ​១ តាម​ស្តង់ដា​បច្ចេកទេស​។ ដូច្នេះ ស្ថាបត្យករ និង​អ្នក​ឌី​ហ្សា​ញ​មួយ​ចំនួន តែងតែ​ក្បត់​សម្តី​គ្រូ ឬ មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួង​ឡើយ » ។ លោក​សាស្ត្រាចារ្យ បន្ត​ថា អ្នក​សាងសង់​លំនៅ​ដ្ឋា​ន​ឯកជន គួរ​ទុក​ដី​ទ​នេ​រ​នៅ​មុខ​ផ្ទះ​ចន្លោះ ៦​ទៅ ៨​ម៉ែត្រ សល់​ក្រោយ​ផ្ទះ​និង​ចំហៀង​ផ្ទះ​ឲ្យ​បាន​ពី​២ ទៅ​៣​ម៉ែត្រ មាន​ដាំ​ដើមឈើ​ក្នុង​បរិវេណផ្ទះ ។

អគ្គលេខាធិការ​រង​នៃ​គណ​ស្ថាបត្យករ​កម្ពុជា និង​ជា​ស្ថាបត្យករ​កម្រិត​អាស៊ាន​រូប​នេះ បាន​ប្រាប់​ពី​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ថា «​ផ្ទះ​និ​មួយ​ៗ ពិសេស​ផ្ទះ​វីឡា គួរ​មាន​អាង​ទឹក​នៅ​ខាង​មុខ ឬ​ចំហៀង​ផ្ទះ និង​ត្រូវ​មាន​បំពង់​ពន្លឺ ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី និង​ធ្វើ​ឲ្យ​មាន​ខ្យល់​ចូល​ក្នុង​បរិវេណ​ផ្ទះ​បាន​ល្អ​» ។ លោក​បាន​លើក​ជា​ឧទាហរណ៍​ជាក់ស្តែង​ថា លោក​វីរ​ស្ថាបត្យករ​វណ្ណ ម៉ូ​លី​វណ្ណ នៅ​ពេល​សាងសង់​ពហុ​កីឡាដ្ឋាន​អូរ​ឡាំ​ពិ​ក លោក​បាន​សាងសង់​ឲ្យ​មាន​អាង​ទឹក​ព័​ទ្ឋ​ជុំវិញ​ស្តា​ត​នេះ ទើប​បរិយាកាស​ក្នុង​ពហុ​កីឡាដ្ឋាន​នេះ​មាន​ភាព​ត្រជាក់​។ វា​ប្រៀប​ដី​ដូច​ជា​សម្ល​ក្តៅ នៅ​ពេល​យើង​យក​ស្លាបព្រា​ទៅ​ដួស ហើយ​ផ្លុំ ដែល​ធ្វើ​ឲ្យ​សម្ល​ត្រជាក់​អាច​ញុំ​ា​បាន ដូច​គ្នា​នឹង​ការ​សាងសង់​អាង​ទឹក​ជុំវិញ​ផ្ទះ ពេល​ខ្យល់​បក់​មក​ប៉ះ​នឹង​ទឹក ធ្វើ​ឲ្យ​ខ្យល់​ត្រជាក់​ហើយ​នៅ​ពេល​បក់​ចូល​ក្នុងផ្ទះ ធ្វើ​ឲ្យ​បរិយាកាស​ក្នុងផ្ទះ​មាន​ភាព​ត្រជាក់​មនោ​រម្យ ។

យ៉ាងណាមិញ អតិថិជន​ភាគច្រើន​បាន​បញ្ជាក់​ថា​សំណង់ផ្ទះ​ល្វែង​នៅ​ភ្នំពេញ​មួយ​ចំនួន គឺ​មាន​បរិយាកាស​ក្តៅ​ខ្លាំង ដោយសារ​តែ​ពុំ​មាន​លំហរ (space) គ្រប់គ្រាន់​សម្រាប់​ការ​ដាំ​ដើមឈើ ឬ​ធ្វើ​ជា​សួនច្បារ​ឡើយ ដូច្នេះ​ហើយ​ទើប​ពេល​ដាច់​ភ្លើង​ម្តង​ៗ ជា​ពិសេស​រយៈ​ប្រហែល​១ ខែ​នេះ គឺ​ប្រជាពលរដ្ឋ​ជីវភាព​មធ្យម​រស់នៅ​ផ្ទះល្វែង​កណ្តាល​ៗ ដែល​មិន​មាន​ជា​ផ្ទះ​កែង នោះ​តែង​មាន​បញ្ហា​បរិយាកាស​ក្នុងផ្ទះ​ក្តៅស្អុះ​ស្អាប​ខ្លាំង ។ យោង​តាម​របាយការណ៍​របស់​ក្រសួង​ដែនដី នគរ​រូប​នី​យ​កម្ម និង​សំណង់​ប្រចាំ​ខែមករា ឆ្នាំ ២០១៩ បាន​ឲ្យ​ដឹង​ថា សំណង់​លំនៅ​ឋាន​មាន​ចំនួន​សរុប ២៨២ គម្រោង មាន​ផ្ទៃក្រឡា​សរុប​ចំនួន​ប្រមាណ​ជាង ១,៨៨៤ ម៉ែត្រការ៉េ និង​មាន​ទុន​វិនិយោគ ៧១៣,៨ លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​បណ្តុំ​លំនៅ​ឋាន​មាន​លក្ខណៈ​បុរី​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ខែមករា​នេះ មាន​ចំនួន ៦ ទីតាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ