កូរ៉េ​ខាងត្បូង​សន្យា​បង្កើត​បរិស្ថាន​យុត្តិធម៌​ជាង​មុន​សម្រាប់​ក្រុមហ៊ុន​បរទេស


សេ​អ៊ូ​ល ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Yonhap បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី Moon Jar-in របស់​កូរ៉េ​ខាងត្បូង​បាន​សន្យា​ថា​នឹង​បង្កើត​បរិស្ថាន​យុត្តិធម៌​ជាង​មុន​សម្រាប់​ក្រុមហ៊ុន​ដែល​ទទួល​ការ​វិនិយោគ​ពី​បរទេស ខណៈ​ដែល​សន្យា​ថា​នឹង​ខិតខំ​ធានា​ថា​មានការ​លូតលាស់​សម្រាប់​ក្រុមហ៊ុន​បរទេស​និង​ប្រទេស​របស់​លោក​ផង​ដែរ​។

លោក​ប្រធានាធិបតី​បាន​និយាយ​ក្នុង​កិច្ចប្រជុំ​ដ៏​កម្រ​មួយ​ជាមួយនឹង​វិនិយោគិន​បរទេស​ថា “​បើ​ទោះ​ពួក​គេ​ជា​ក្រុមហ៊ុន​បរទេស​ពិតមែន​ក្តី ពួក​គេ​នឹង​ក្លាយជា​ក្រុមហ៊ុន​របស់​ពួក​យើង​ពេល​ដែល​វិនិយោគ​ក្នុង​ប្រទេស​ពួក​យើង​។ ភាព​ជោគជ័យ​របស់​ពួក​គេ​ស្មើ​ការ​អភិវឌ្ឍន៍​របស់​ពួក​យើង​”​។

កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​មន្ត្រី និង​អ្នកតំណាង​ក្រុមហ៊ុន​បរទេស​ប្រមាណ ៥៦​ក្រុមហ៊ុន និង​អង្គការ​អាជីវកម្ម​ចំនួន ៩​ផង​ដែរ​ដែល​រួម​មាន​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក និង​អុីរ៉ុ​ប​ជាដើម​។

លោក​ប្រធានាធិបតី​បាន​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​ក្រុមហ៊ុន​ដែល​ទទួល​បានការ​វិនិយោគ​ពី​បរទេស​សម្រាប់​ប្រទេស​លោក​។ លោក​បាន​និយាយ​ក្នុង​កិច្ចប្រជុំ​ខាងលើ​ថា រដ្ឋាភិបាល និង​ភ្នាក់ងារ​ក្នុង​តំបន់​ផ្សេង​ៗ​នឹង​ផ្តល់​ការ​គាំទ្រ​យ៉ាង​សកម្ម​ដើម្បី​ថា​នា​ថា​ការ​វិនិយោគ​របស់​ពួក​គេ​នឹង​បន្ត​កើត​មាន​ឡើង​។

គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស​ទៅ​កាន់​កូរ៉េ​ខាងត្បូង​បាន​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ​ដែល​ស្មើ ២៦.៩​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ឬ​ខ្ពស់​ជាង​ឆ្នាំ​២០១៧​ប្រមាណ ១៧.២%​។

លោក​ប្រធានាធិបតី Moon បាន​ស្នើ​ឲ្យ​មានការ​វិនិយោគ​បន្ថែម​ដោយ​អះអាង​ថា “​កូរ៉េ​ខាងត្បូង​គឺជា​ទីតាំង​ដ៏​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ​។ ជាដំបូង មូលដ្ឋាន​សេដ្ឋកិច្ច​របស់​កូរ៉េ​ខាងត្បូង​មាន​ភាពរឹងមាំ​យ៉ាង​ខ្លាំង​”​។ លោក​បាន​បន្ថែម​ថា ការ​នាំ​ចេញ​របស់​ប្រទេស​លោក​បាន​កើន​ហួស​៦០០​ប៊ី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០១៨ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយជា​ប្រទេស​នាំ​ចេញ​ធំ​ជាងគេ​លេខ​៨​ទូ​ទាំង​ពិភពលោក។

លោក​ថែម​ទាំង​បាន​បញ្ជាក់​ពី​ភាព​បើក​ទូលាយ​របស់​កូរ៉េ​ខាងត្បូង​ផង​ដែរ ដោយ​លើក​ឡើង​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​ជាមួយនឹង​ប្រទេស​ប្រមាណ ៥២ ដែល​សរុប​ស្មើ ៧៧%​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​។

លោក​អះអាង​ទៀត​ថា​ប្រទេស​របស់​លោក​នឹង​កាន់តែ​មាន​ភាព​ទាក់ទាញ​សម្រាប់​វិនិយោគិន​បរទេស​ទៀត​ពេល​ដែល​កូរ៉េ​ខាងជើង​បោះបង់​ម​ហិ​ច្ច​តា​អាវុធ​នុយក្លេអ៊ែរ​របស់​ពួក​គ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ