រំអុកឥតល្ហែរ អា​មេ​រិ​ក ​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​ថ្មី​ទាក់ទិន​នឹង​គ្រឿង​សង្ហា​រឹម​ចិន


រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​៖ ភ្នាក់ងារ​សារព័ត៌មាន Channel NewsAsia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៨ មីនា ថា​សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​ថ្មី​មួយទៀត​លើ​ប្រទេស​ចិន​កាលពី​ថ្ងៃ​ពុធ ដោយ​បាន​អះអាង​ថា​ប្រទេស​ចិន​លក់​ទូ​ឈើ​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​ក្នុង​សហរដ្ឋអាមេរិក​ដែល​បង្កើត​ជា​ភាព​អយុត្តិធម៌​សម្រាប់​ក្រុមហ៊ុន​ក្នុងស្រុក ។

ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​កបាន​និយាយ​ថា ក្រុមហ៊ុន​ចិន​ទទួល​បានការ​ឧបត្ថម្ភ​ធន​មិន​យុត្តិធម៌ ហើយ​ផលិតផល​មាន​តម្លៃ​ទាប​ជាង​ផលិតផល​អា​មេ​រិ​ក​ប្រមាណ​ពី ១៧៧ ទៅ ២៦២%​ឯេ​ណោះ ។

ប្រសិនបើ​ក្រសួង​នេះ​ស្វែងរក​ឃើញ​ថា​ការ​ចោទប្រកាន់​ពី​សម្ព័ន្ធ​អ្នក​ផលិត​ទូ​ផ្ទះបាយ​អា​មេ​រិ​ក​ពិតជា​កើត​មាន​ពិតមែន​នោះ ក្រសួងពាណិជ្ជកម្ម​នឹង​ដាក់​ពន្ធ​យ៉ាង​ខ្ពស់​លើ​ផលិតផល​ទាំងនេះ​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​។

ប៉ុន្តែ​ការ​សម្រេច​ចិត្តនឹង​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​គណៈកម្មាធិការ​ពាណិជ្ជកម្ម​អន្តរជាតិ​ផង​ដែរ ដែល​នឹង​ត្រូវការ​រយៈពេល​ជា​ច្រើន​ខែ​ទើប​អាច​ចេញ​សេចក្តីសម្រេច​ចុង​ក្រោយ​។

ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​កបាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា កាលពី​ឆ្នាំ ២០១៨ សហរដ្ឋអាមេរិក​នាំ​ចូល​ទូ​ឈើ​ពី​ប្រទេស​ចិន​ប្រមាណ ៤.៤​ប៊ី​លាន​ដុល្លារ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គោលនយោបាយ​ពាណិជ្ជកម្ម​និង​ការ​ដាក់​ពន្ធ​របស់​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) បាន​ផ្តោត​សំខាន់​ជា​ពិសេស​លើ​ប្រទេស​ចិន និង​រួម​មាន​ករណី​ការ​លក់​ផលិតផល​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​ជា​ច្រើន​សម្រាប់​ផលិតផល​ដែល​ថែប និង​អាលុយមីញ៉ូម​។

ក្រសួងពាណិជ្ជកម្ម​បាន​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​ទាក់ទិន​នឹង​ការ​លក់​ផលិតផល​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​នេះ​ចំនួន ១៥៧​ដង​លើ​ប្រទេស​ជា​ច្រើន​ដែល​រួម​មាន​ផលិតផល​ដូច​ជា​ផ្លែ​អូ​លីវ​របស់​អេ​ស្ប៉ា​ញ ឈើ​កា​ណា​ដា និង​កៅស៊ូ​ពី​ស្រី​លង្ការ​ជាដើម ៕

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ