ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​សិន​…​ទីតាំង​​ផលិត​បារី​នាំចេញ​ក្រៅ​មួយ​​​កន្លែងនៅទន្លេបិទ

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ទីតាំង​ឃ្លាំង​ផលិត​បារី​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ត្រូវ​​កម្លាំង​សមត្ថកិច្ច​​ឆ្មក់​ចូលទៅ​​ត្រួតពិនិត្យ​និងធ្វើ​រដ្ឋបាលជាចំហ​ ធ្វើ​ឡើង​កាលពី​ទី​២៨ មីនា…

ខេត្ត​ត្បូងឃ្មុំ ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ទីតាំង​ឃ្លាំង​ផលិត​បារី​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ត្រូវ​​កម្លាំង​សមត្ថកិច្ច​​ឆ្មក់​ចូលទៅ​​ត្រួតពិនិត្យ​និងធ្វើ​រដ្ឋបាលជាចំហ​ ធ្វើ​ឡើង​កាលពី​ទី​២៨ មីនា ​រហូត​​ទល់​​វេលា​ល្ងាច​ ។ ក្នុង​នោះ ក៏​​បានរក​ឃើញ​មាន​ជនបរទេស​​​៥៦​នាក់​ កំពុង​បម្រើ​ការងារ​ដោយ​ខុស​ច្បាប់ ដែល​មាន​ជនជាតិ​វៀតណាម​​​៤៣​នាក់ ហើយ​ត្រូវ​បាន​បណ្តេញ​ចេញ​តាម​ច្រក​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក​ ។

សមត្ថកិច្ច​​ឱ្យដឹង​ទៀត​ថា ​ម្ចាស់ទីតាំងខាងលើ មាន​​ឈ្មោះ​សុខ នី ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ បាន​ជួល​ឲ្យ​ក្រុមហ៊ុន​THANH TUNG JOCK .COMPANY និង​មាន​តំណាង​ជនជាតិ​វៀតណាម​ឈ្មោះ​LAQU​NAG THANH ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​ ដើម្បី​ធ្វើ​សិប្បកម្ម​ផលិត​បារី ដោយ​បាន​ដំណើរ​ការ​​បាន​ប្រមាណ​២​ខែ​មក​ហើយ ​​សម្រាប់​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​​បរទេស​ ។

តាម​រយៈ​ការ​ចុះ​ពិនិត្យ ​គេ​បានឃើញ​មានជនជាតិ​ចិន​ចំនួន​១៣​នាក់ដែរ​ មាន​លិ​ខិត​​ឆ្លង​ដែន​៩​នាក់ និង​​​៤​នាក់​ទៀត​ តម្រូវឱ្យ​​បំពេញ​ឯកសារ​នៅរាជធានី​ភ្នំពេញ​ឱ្យ​​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ ។ រីឯ​​ជនជាតិ​វៀត​ណាម​ចំនួន​៤៣​នាក់ ​(ប្រុស​៣២​នាក់) គឺ​​មាន​លិខិតឆ្លងដែន ហើយ​​មិន​មាន​ឯកសារ​ស្របច្បាប់​​៧​នាក់ ។ ដោយ​មានការ​សង្ស័យ​នោះ ​សមត្ថកិច្ច​បាន​ធ្វើតេស្ត​ទឹក​ម៉ូត​​រក​សារធាតុ​ញៀន​ចំនួន​៥៦​នាក់​ តែ​មិន​មាន​នោះ​ទេ ។ ​

ផ្អែក​តាម​តាម​គោល​ការ​ណ៍​របស់​លោក​ប៉ុក តារា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ទីតាំង​ផលិត​បារី​នៅ​ភូមិ​ទន្លេ​បិទ​ខាងលើ​នេះ​ គឺ​មិន​ទាន់​មាន​ឯកសារ​គ្រប់គ្រាន់ ទើប​សម្រេចឱ្យ​​ផ្អាក​ការ​ផលិត​បារី​ជា​បណ្តោះ​អាសន្ន​ រហូត​ដល់​មានច្បាប់​គ្រប់គ្រាន់ ទើប​អនុញ្ញាត​ឲ្យ​ដំណើ​ការ​ផលិត​បារី​ឡើង​វិញ ។​ ​