ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​ពិភាក្សា​លើ​ការ​អភិវឌ្ឍ​វិស័យ​ផ្លូវដែក​នៅ​កម្ពុជា​ជាមួយ​លោក Wang Wenzhong

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល អម​ដោយ​គណៈប្រតិភូ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កាលពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល អម​ដោយ​គណៈប្រតិភូ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កាលពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Wang Wenzhong អនុប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​សំណង់​ផ្លូវដែក​ចិន (China Railway Construction Corporation – CRCC) នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ដែល​ក្រុមហ៊ុន​នេះ​ជា​សហគ្រាស​សាធារណៈ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​សហគ្រាស​សាធារណៈ​ជាង​១០​ធំ​ៗ របស់​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ។

កិច្ចប្រជុំ​នេះ​បាន​ផ្តោត​ជា​សំខាន់​លើ​ការ​សិក្សា​ដកស្រង់​បទ​ពិសោធន៍ និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រុមហ៊ុន CRCC លើ​គម្រោង​ពាក់ព័ន្ធ​និង​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក​នៅ​កម្ពុជា ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​ក្រុមហ៊ុន CRCC ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​រៀបចំ​គម្រោង​អភិវឌ្ឍ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​លើ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​នៅ​កម្ពុជា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស​ការ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​អ្នកដំណើរ និង​ការ​ដឹក​ជញ្ជូន​ទំនិញ​សំខាន់​ៗ​ដូច​ជា ស្រូវ​អង្ករ ប្រេងឥន្ធនៈ សម្ភារៈ​បរិក្ខារ​ផ្សេង​ៗ សំដៅ​កាត់​បន្ថយ​ចំណាយ​ឡូ​ជី​ស្ទីក កាត់​បន្ថយ​ពេលវេលា​ដឹក​ជញ្ជូន គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​កកស្ទះ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ ជាដើម ។

ជា​ការ​ឆ្លើយ​តប​លោក Wang Vengzhong បាន​ប្តេជ្ញា​យ៉ាង​មុតមាំ​ថា នឹង​ចូលរួម​សហការ​ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន​ដូច​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ ដោយ​ស្មារតី យកចិត្តទុកដាក់​ខ្ពស់​ជា​អាទិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ