ក្រសួងមហាផ្ទៃបាននិយាយថា ពលករបរទេសចំនួន១៣៥០០០នាក់ បានដាក់ពាក្យសុំធ្វើការងារនៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៨ ។
របាយការណ៍ដែលកោះសន្តិភាពទទួលបាននោះបានអោយដឹងទៀតថា បើប្រៀបធៀបនឹងឆ្នាំ២០១៧ ចំនួននេះ វាមានការកើនឡើងច្រើនដោយក្នុងឆ្នាំ២០១៧ មានតែចំនួន៧៨២០០នាក់ប៉ុណ្ណោះ។
តាមរយៈរបាយការណ៍នោះ ក្រសួងមហាផ្ទៃបាននិយាយថា ចំនួននេះមានត្រឹមតែប្រហែល៣៧ភាគរយ ប៉ុណ្ណោះ បើប្រៀបធៀបនឹងចំនួនជនបរទេស៣៦០ ៥៤០នាក់ ដែលបានសុំពន្យារទិដ្ឋាការបន្តរយៈពេលស្នាក់នៅក្នុងប្រទេសកម្ពុជា ដែលអាចអោយពួកគេស្វែងរកការងារធ្វើនៅកម្ពុជា ។
របាយការណ៍នោះមិនបានប្រាប់ថា តើជនបរទេសមកពីប្រទេសណាខ្លះនោះទេ ។
ប៉ុន្តែការសង្កេតឃើញជាទូទៅនោះ កម្មករចិនមានកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា ពិសេសនៅ ក្រុងព្រះសីហនុ ខណៈដែលចិនបានធ្វើការវិនិយោគកាន់តែច្រើន នៅក្នុងប្រទេសកម្ពុជា ជាពិេសសលើវិស័យសំណង់ ។
ចែករំលែកព័តមាននេះ