រដ្ឋធានីវ៉ាស៊ីនតោន ៖ យោងតាមភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី២៦ មីនា កន្លងមកបានឲ្យដឹងថា នាយកដ្ឋានដឹកជញ្ជូនអាមេរិកបាននិយាយកាលពីថ្ងៃចន្ទ ថាគណៈកម្មាធិការថ្មីមួយនឹងត្រួតពិនិត្យការផ្តល់ប័ណ្ណអនុញ្ញាតការហោះហើរដោយរដ្ឋបាលវិស័យអាកាសចរណ៍សហព័ន្ធសម្រាប់យន្តហោះថ្មីៗបន្ទាប់ពីមានហេតុការណ៍ធ្លាកើយន្តហោះ Boeing 737 MAX ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដែលបង្កឲ្យមនុស្សប្រមាណ៣៥០នាក់បាត់បង់ជីវិត ។
តំណាងរាស្ត្រអាមេរិកបានរិះគន់កម្មវិធីរបស់រដ្ឋបាលវិស័យអាកាសចរណ៍សហព័ន្ធ (FAA) ដែលអនុញ្ញាតឲ្យក្រុមហ៊ុន Boeing និងក្រុមហ៊ុនផលិតយន្តហោះផ្សេងៗក្នុងការតាមដានដំណើរការធានាថាយន្តហោះរបស់ពួកគេអាចហោះហើរបាន និងផ្នែកផ្សេងៗទៀតដែលទាក់ទិននឹងសុវត្ថិភាពយន្តហោះថ្មីៗ ។
ពួកគេនឹងសាកសួរ FAA ពីកម្មវិធីដេលអនុញ្ញាតដល់ក្រុមហ៊ុនឲ្យអនុវត្តតួនាទីរបស់ FAA នៅថ្ងៃពុធខាងមុខនេះ ។ FAA បាននិយាយកាលពីថ្ងៃច័ន្ទថាពួកគេមិនដែលអនុញ្ញាតឲ្យក្រុមហ៊ុនចេញប័ណ្ណអនុញ្ញាតការហោះហើរសម្រាប់យន្តហោះខ្លួនដោយខ្លួនឯងឡើយ។
គណៈកម្មាធិការថ្មីនឹងត្រូវបានចួលរួមដឹកនាំដោយអតីតមេបញ្ជាការកងយោធាផ្លូវអាកាស Darren McDew ដែលជាអតីតប្រធានក្រុមបញ្ជាការដឹកជញ្ជូនសហរដ្ឋអាមេរិក និង លោក Lee Moak ដែលជាអតីតប្រធានសមាគមន៍អ្នកបើកបរយន្តហោះផងដែរ។
អ្នកស្រី Elaine Chao ដែលជារដ្ឋមន្ត្រីដឹកជញ្ជូនអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ការត្រួតពិនិត្យដោយអ្នកជំនាញក្រៅរដ្ឋាភិបាលនេះនឹងជួយឲ្យដឹងថាតើអាចមានកំណែទម្រង់លើដំណើរការផ្តល់ប័ណ្ណអនុញ្ញាតការហោះហើរដោយ FAA ឬទេ»។
ក្រសួងដឹកជញ្ជូនបានឲ្យដឹងថា លទ្ធផលនៃការសិក្សា និងការផ្តល់មតិយោបល់របស់គណៈកម្មាធិការថ្មីខាងលើនឹងត្រូវបានផ្ញើទៅកាន់អ្នកស្រី Chao និង FAA ដោយផ្ទាល់ផងដែរ ៕
ចែករំលែកព័តមាននេះ