ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​តម្លៃ​ខ្លួន និង​ជំហរ​កែវ រំ​ចង់ ក្រោយ​ប្រកាស​មិន​វាយ​ជាមួយ​កីឡាករ​ខ្មែរ​គ្នា​ឯង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​លើក​ឡើង​ថា កីឡាករ​កែវ រំ​ចង់ មាន​គម្រោង​ឡើង​រេញ​ជាមួយ​កីឡាករ ព្រំ សំណាង ដែល​ជា​កីឡាករ​ក្នុងស្រុក​ដូច​គ្នា កីឡាករ​រូប​នេះ​បាន​ប្រាប់​ថា…

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​លើក​ឡើង​ថា កីឡាករ​កែវ រំ​ចង់ មាន​គម្រោង​ឡើង​រេញ​ជាមួយ​កីឡាករ ព្រំ សំណាង ដែល​ជា​កីឡាករ​ក្នុងស្រុក​ដូច​គ្នា កីឡាករ​រូប​នេះ​បាន​ប្រាប់​ថា នេះ​ជា​គម្រោង​តាំងពី​យូរ​មក​ហើយ ប៉ុន្តែ​ខ្លួន​មិន​ទទួល​ប្រកួត​ជាមួយ​កីឡាករ​ក្នុងស្រុក​ដូច​គ្នា​ទៀត​ទេ ។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ពី​តម្លៃ​ខ្លួន​ក្នុង​ដំណាក់​កាលដែល​ប្រកាន់​ជំហរ​ថា​មិន​ប្រកួត​នោះ​ឡើយ​ក្រៅពី​កីឡាករ​បរទេស។

កីឡាករ កែវ រំ​ចង់ បាន​ប្រាប់​កោះសន្តិភាព​ថា លោក​ឈប់​ទទួល​ប្រកួត​ជាមួយ​កីឡាករ​ក្នុងស្រុក​ជា​យូរ​មក​ហើយ ដោយសារ​តែ​ហេតុផល​លោក​មិន​ចង់​ប្រើ​កម្លាំង​វាយ​លើ​កីឡាករ​គ្នា​ឯង​ដូច​មុន​ទៀត ។ លោក​បាន​ចាត់​ទុក​ថា បើ​វាយ​កីឡាករ​ខ្មែរ​គ្នា​ឯង គឺ​ទោះជា​វាយ​យ៉ាងណា​ក៏​មិន​អស់ដៃ​ដែរ ព្រោះតែ​អាណិត​រឿង​បែក ឬ​មាន​របួសធ្ងន់ ដែល​មិន​ខុស​ពី​ធ្វើបាប​សាច់​ឯង ។

លោក​ថា កាលពីមុន​ឱ្យ​តែ​បាន​តម្លៃ​ខ្លួន​ខ្ពស់ ទោះជា​ត្រូវ​វាយ​ជាមួយ​អ្នក​ណា​ក៏​លោក​ទទួល​វាយ​ដែរ ប៉ុន្តែ​គ្រប់ពេល​លោក​មិន​ដែល​សប្បាយចិត្ត​នោះ​ទេ ក្នុង​ពេល​កីឡាករ​ជា​ដៃគូ​បែក​មុខ​បែក​មាត់ ហើយ​អ្នកខ្លះ​ត្រូវ​លោក​ជ្រុលដៃ​វាយ​ឱ្យ​រង​របួសធ្ងន់​ផង ដែល​ធ្វើ​ឱ្យលោក​រមែង​កើត​មាន​វិប្បដិសារៈ​ជា​រឿយ​ៗ ។

ជាក់ស្ដែង​ក្នុង​ពេល​លោក​វាយ​កែង​ធ្វើ​ឱ្យ​កីឡាករ​ក្នុងស្រុក​ច្រើន​បែក​រយះ ធ្វើ​ឱ្យ​លោក​មួហ្មងក្នុង​ចិត្ត​យ៉ាង​ខ្លាំង ទើប​លោក​ប្រកាស​ឈប់​វាយ ជាមួយ​កីឡាករ​ខ្មែរ​គ្នា​ឯង​ដើម្បី​កុំឱ្យ​កើត​មាន វិប្បដិសារៈ ។ លោក​ថា ខ្លួន​ឈប់​ប្រកួត ជាមួយ​កីឡាករ​ក្នុងស្រុក​ប្រមាណ​២​ឆ្នាំ​មក​ហើយ ដោយ​ប្រកាស​ជំហរ​ថា ជ្រុល​បើក​ការ​ប្រកួត​នៅ​លើ​សង្វៀន​ដោយ​មិន​ឈប់​ទៅ​ហើយ គឺ​មិន​វាយ​ជាមួយ​កីឡាករ​ខ្មែរ​ទៀត​ទេ ។

លោក​ថា ដំណឹង​ដែល​ថា​លោក​ចង់​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ខ្មែរ​រូប​នេះ​រូប​នោះ គឺជា​ការ​ភាន់ច្រឡំ​ប៉ុណ្ណោះ​ដោយ​ធាតុ​ពិត​ជាក់ស្ដែង គឺ​លោក​មិន​មាន​គម្រោង​ទៅ​ប្រកួត​ជា​កីឡាករ​ណា​ម្នាក់​នោះ​ទេ សូ​ម្បី​តែ​ជាមួយ​កីឡាករ ព្រំ សំណាង ដូច​ការ​លើក​ឡើង ។ លោក​ប្រកាស​ប្រកួត​តែ​ជាមួយ​បរទេស​សុទ្ធសាធ បើ​ទោះជា​បាន​តម្លៃ​មិន​ខ្ពស់​ដូច​ការ​ចង់បាន​ក៏​មិន​ប្រកួត ។ យ៉ាងណាមិញ​លោក​ថា តម្លៃ​ខ្លួន​ក្នុង​មួយ​ប្រកួត​របស់​លោក​ក្នុង​មួយ​រយៈ​ចុង​ក្រោយ មិន​ក្រោម​១​ពាន់​ដុល្លារ នោះ​ទេ បើ​ទោះជា​លោក​ត្រូវ​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន ដែល​ជា​ស្ថាប័ន​លោក​បាន​ផ្ដាច់មុខ​ឱ្យ ។

សម្រាប់​ការ​ប្រកួត​ក្នុងស្រុក​លោក​ទទួល​បាន​តម្លៃ​ខ្លួន​ចាប់ពី​១​ពាន់​ដុល្លារ​ឡើង​ទើប​លោក​ទទួល​ប្រកួត ក្នុង​ពេល​ដែល​ការ​ប្រកួត​សព្វថ្ងៃ​ក៏​មាន​លោក នាង សុ​ី​វត្ថា អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន​ទូរទស្សន៍​បាយ័ន ជា​អ្នក​រៀបចំ​ផ្គូផ្គង និង​ជា​អ្នក​ស្វែងរក​ទីផ្សារ​ឱ្យ ។ លោក​ថា ខ្លួន​មិនមែន​រង់ចាំ​តែ​ប្រកួត​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន​នោះ​ទេ ព្រោះ​លោក​នាង សុ​ី​វត្ថា ក៏​បាន​បើក​សិទ្ធិ ឱ្យ​លោក​ចេញ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ក្រៅ​ប៉ុស្តិ៍​ដូច​គ្នា សំខាន់​ឱ្យ​តែ​មានការ​ជូនដំណឹង​ទៅ​កាន់​លោក​ជា​មុន ។

លោក​និយាយ​ថា​៖«​រាល់ថ្ងៃ​ខ្ញុំ​សុ​ី​ប្រាក់ខែ និង​ផ្ដាច់ខ្លួន​ឱ្យ​ខាង​បាយ័ន ដោយ​បាយ័ន​រៀបចំ​ឱ្យ​ខ្ញុំ​ប្រកួត​ក្នុង​ប៉ុស្តិ៍​ជាមួយ​គូ​អន្តរ ជាតិ​មិនសូវ​ខាន​ទេ​ក្នុង​តម្លៃ​ខ្លួន​១​ពាន់​ៗ​នោះ​ផង ហើយ​លោក​នាង សុ​ី​វត្ថា អត់​មាន​ហាម​មិន​ឱ្យ​ឡើង​ប្រកួត​ប៉ុស្តិ៍​ផ្សេង​ទេ តែ​គាត់​ទាមទារ​ឱ្យ​ប្រាប់​គាត់​មុន ព្រោះ​ជួនកាល​យើង​ទទួល​ប្រកួត​ប៉ុស្តិ៍​ផ្សេង​ហើយ​ស្រាប់តែ​កៀក​នឹង​ពេល​គាត់​ដាក់​ឱ្យ​ប្រកួត​ដែរ អ៊ីចឹង​មិន​យើង​ប្រកួត​ឱ្យ​ប៉ុស្តិ៍​មិនកើត​»​។

លោក កែវ រំ​ចង់ បន្ត​ថា ជា​រៀងរាល់ថ្ងៃ​លោក​មិន​ដែល​ខ្វល់​នឹង​រក​ការងារ​ខាងក្រៅ ឬ ប្រហែស​នឹង​ការ​ហ្វឹកហាត់​នោះ​ទេ ដោយសារ​ទី​១​លោក​មាន​ប្រាក់ខែ​ហើយ​ទោះ​មិនសូវ​ជា មានការ​ប្រកួត​ទាល់តែ​សោះ ក៏​មានការ​ប្រកួត ជាមួយ​កីឡាករ​បរទេស​នៅ​ប៉ុស្តិ៍​បាយ័ន​នោះ ដែរ ដែល​អាច​និយាយ​បាន​ថា លោក​មាន​ចំណូល​មួយ​ខ្ពស់​អាច​ចិញ្ចឹម​ខ្លួន​បាន ។ ដូច្នេះ លោក​ត្រូវ​តាំងចិត្ត​រក្សា​កម្លាំង និង​ខំប្រឹង​ប្រកួត​កុំឱ្យ​អ្នក​ស្នេហា​វិស័យ​ប្រដាល់​បាក់ទឹកចិត្ត ដើម្បី​ការពារ​ទីផ្សារ ។ លោក​ថា ការ​ប្រដាល់​មិនមែន​សុទ្ធតែ​មិនល្អ និង​ធ្វើ​ឱ្យ​ជីវភាព​ខ្សត់ខ្សោយ​នៅ​ពេល​ពឹង​តែ​លើ​ការ​ប្រដាល់​មួយ​មុខ​នោះ​ទេ ។

ជាក់ស្ដែង​សម្រាប់​រូប​លោក ដ្បិតថា​មិន​ធ្វើ​ការងារ​ផ្សេង​ជា​ត្រីមុខ តែ​ការ​ប្រដាល់​នៅ​តែ​ជួយ​ឱ្យ​លោក​រស់​នៅ​ល្អ​ប្រសើរ សំខាន់​សួរ​ថា តើ​យើង​ដាក់ចិត្ត និង​ស្រលាញ់​វិស័យ​មួយ​នេះ​ឱ្យ​អស់ពី​ចិត្ត​ពី​ថ្លើម​ឬទេ ។ លោក​ថា ការ​ប្រដាល់​កំពុង​ធ្វើ​ឱ្យ​លោក​មាន​មោទនភាព អ៊ីចឹង​ហើយ​ទើប​លោក​ខំប្រឹង​ប្រដាល់​មិន​រា​ថយ​ឡើយ ដោយ​លោក​ប្រកាស​មិន​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ក្នុងស្រុក​នោះ​ផង ដោយសារ​តែ​លោក​ដឹង​ថា​មួយ​ដៃ​ៗ​មួយ​កែង​ៗ​របស់​លោក គឺ​មិន​ខុស​ពី​ញញួរ ដែល​ងាយ​ធ្វើ​ឱ្យ​កីឡាករ​រួម​អាជីព​របួសធ្ងន់ ។

លោក​ថា បើ​វាយ​អ្នក​ក្រៅ លោក​មិន​លាក់​ជំនាញ​ទេ តែបើ​វាយ​គ្នា​ឯង គឺ​ពិតជា​មាន​អារម្មណ៍​អាណិត ហើយនឹង​មិន​អស់ដៃ​ទើប​លោក​មិន​ទទួល​ប្រកួត ។ ក្នុង​នោះ​ប្រសិនបើ​មាន​អ្នក​រៀបចំ​កម្មវិធី​ណាមួយ​ចង់ឱ្យ​លោក​ឡើង​ប្រកួត​នៅ​ឯ​ក្រៅប្រទេស គឺ​លុះត្រា​បាន​តម្លៃ​ចាប់ពី​២​ពាន់​ដុល្លារ​ឡើង​ទៅ​ទើប​លោក​ទទួល​ប្រកួត ។ លោក​ប្រកាស​មិន​ចោល​អាជីព​មួយ​នេះនោះ​ទេ ដោយ​លោក​នឹង​ប្រឹង​ប្រកួត​បង្កើន​សមត្ថភាព​ឱ្យ​កាន់តែ​ខ្លាំង បើ​ទោះជា​វ័យ​រាង​ជ្រេ​បន្តិច​ដើម្បី​កុំឱ្យ​គេ​ថា កីឡាករ​ខ្មែរ​ចាស់​បន្តិច​ប្រកួត​មិនកើត​នោះ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ