រាជធានីភ្នំពេញ ៖ ខណៈជំងឺប៉េស្តជ្រូកអាហ្វ្រិក កំពុងរីករាលដាលនៅប្រទេសវៀត
ណាម មន្ត្រីជាន់ខ្ពស់កម្ពុជា បានចាត់អោយមន្ត្រីក្រោមឱវាទត្រូវទប់ស្កាត់អោយបាននូវ ការនាំចូលជ្រូកពីប្រទេសវៀតណាម ដើម្បីការការឆ្លងជំងឺនេះ មកកាន់ជ្រូកក្នុងស្រុក ។
ប៉ុន្តែសំនួរនៅតែកើតមាន ថាតើកម្ពុជាពិតជាអាចទប់ស្កាត់ការនាំចូលជ្រូកពីវៀតណាមអោយបាន១០០ភាគរយដើម្បីការពារការឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែរឬទេ ខណៈមានព័ត៌មានជាបន្តបន្ទាប់ស្តីពីការនាំចូលជ្រូកពីវៀតណាមដោយខុសច្បាប់មកកម្ពុជា ។
ជាក់ស្តែងកាលពីថ្ងៃ ទី១៨ ខែមីនា ២០១៩ សមត្ថកិច្ចពាក់ព័ន្ធនៅខេត្តតាកែវបានធ្វើការចុះចាប់សត្វជ្រូកដែលឈ្មួញបានលួចចូលមកដោយខុសច្បាប់ ហើយឃ្លាំងស្តុកជ្រូកនៅភូមិដើមផ្ដៀកឃុំព្រៃស្លឹកស្រុកទ្រាំងខេត្តតាកែវ ដែលឈ្មួញនិងជាម្ចាស់ទីតាំងដែលបានលួចនាំជ្រូកចូលមកស្តុបទុក ដើម្បីធ្វើការចែកចាយដល់ទីតាំងសត្វឃាតសម្រាប់កាប់សាច់លក់ ដែលការចាប់ជាក់ស្តែងមានចំនួន២៥ក្បាល ។ កន្លងមកមាន មន្ត្រីពេទ្យសត្វខេត្តតាកែវ ម្នាក់បានលួចខ្សឹបប្រាប់កោះសន្តិភាពយើងអោយដឹងថា បច្ចុប្បន្ននេះយើងដឹងស្រាប់ហើយកម្លាំងជំនាញពេទ្យសត្វមានគ្នាតិចណាស់ វាមានផលលំបាកណាស់ក្នុងកាទប់ស្កាត់ឈ្មួញដែលបានលួចនាំចូលជ្រូកពីប្រទេសវៀតណាស ហើយងាកមកមើលកម្លាំងសមត្ថកិច្ចផ្សេងវិញ មិនបានចូលរួមសហការគ្នាជាមួយជំនាញពេទ្យសត្វឡើយ គឺពួកគេគិតតែផលប្រយោជផ្ទាល់ខ្លួនតែប៉ុណ្ណោះដូចជាករណីនេះអញ្ចឹង ។
យ៉ាងណាមិញ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ នៅឯពិធីបើកសិក្ខាសាលាមួយដែលនិយាយអំពីបច្ចុប្បន្នភាពជំងឺប៉េស្តជ្រូកអាហ្វ្រិកកាលពីព្រឹកថ្ងៃទី ២៦ ខែមីនា នេះនៅទីស្ដីការក្រសួងកសិកម្ម ថា ក្រោយពេលដែលកម្ពុជាទទួលបានដំណឹងពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅក្នុងប្រទេសវៀតណាម យើងបានចាត់វិធានការតឹងរ៉ឹងមួយចំនួនដើម្បីទប់ស្កាត់មិនអោយឆ្លងមកប្រទេសកម្ពុជា ដូចជាទប់ស្កាត់ការនាំចូលជ្រូកពីវៀតណាម និងត្រួតពិនិត្យអោយបានម៉ត់ចង់មុននឹងនាំចូលជាដើម ។
លោករដ្ឋមន្ត្រី បន្តថា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៏បានបញ្ជូនមន្ត្រី និងភ្នាក់ងាររបស់ខ្លួន ទៅត្រួតពិនិត្យតាមបណ្ដាខេត្ត ជាពិសេសការដឹកជញ្ជូនពីវៀតណាម គ្រប់មធ្យោបាយ ។ ហើយទន្ទឹមនឹងការហាមឃាត់មិនអោយដឹកជញ្ជូនជ្រូករស់មកកម្ពុជា បែរជាមានពួកឈ្មួញមួយចំនួន បានកែខៃកាប់ជាសាច់ហើយដឹកចូលមកកម្ពុជា និងត្រូវបានមន្ត្រី កសិកម្មចាប់បានមួយចំនួនផងដែរ ព្រមទាំងមានការព្រមាន ដល់មន្ត្រីព្រំដែន ដែលនៅតែអនុញ្ញាតអោយនាំចូល ។ លោក វេង សាខុន មានប្រសាសន៍បន្តថា ៖« យើងនឹងចាត់វិធានការតឹងរ៉ឹងចំពោះមន្ត្រីរបស់យើង ក្នុងការតាមដាន និងទប់ស្កាត់ការហូរចូលជ្រូកពីវៀតណាម មកលក់លើទីផ្សារកម្ពុជា ហើយបើសិនជាមន្ត្រី របស់ធ្វើការមិនច្បាស់លាស់ និងនៅតែបណ្ដោយតែអោយជ្រូកវៀតណាមហូរចូលមកនោះ យើងនឹងពិន័យ ដោយការដោះដូរទៅកាន់ទីកន្លែងថ្មី និងដាក់អ្នកថ្មីជំនួស » ។
លោកបន្ថែមថា យើងត្រូវតែរួមគ្នាទប់ស្កាត់ជំងឺនេះអោយបាន១០០ភាគរ កុំអោយចូលមកក្នុងស្រុកបានបើវាចូលបានវានឹងបំផ្លាញនូវជ្រូករស់ក្នុងស្រុករបស់កម្ពុជា ហើយវានឹងធ្វើអោយប៉ះពាល់ដល់វិស័យចិញ្ចឹមជ្រូកនេះទាំងមូល ដូចជាសង្វាក់ផលិតកម្មចំណីសត្វ និងផលិតផលកសិកម្ម ដែលត្រូវយកមកផលិតចំណី សត្វជាច្រើនផងដែរ ។
លោកបញ្ជាក់បន្ថែមថា ៖ « បើសិនជានៅមិនអាចទប់ស្កាត់បាន ហើយជំងឺនេះឆ្លងមកកាន់ជ្រូកក្នុងស្រុកយើង វាធ្វើអោយប៉ះពាល់សេដ្ឋកិច្ចយើង ជាក់ស្ដែងនៅពេលជ្រូកយើងឆ្លងជំងឺ វានឹងងាប់យ៉ាងឆាប់រហ័ស ហើយប៉ះពាល់ដល់អ្នកផ្គត់ផ្គង់ក្នុងវិស័យចិញ្ចឹមជ្រូក ដែលធ្វើអោពលរដ្ឋបោះបង់ការចិញ្ចឹមជ្រូកចោលទៀត » ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានមានប្រសាសន៍ថា ពេលនេះ ជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនទាន់បានឆ្លងមកកម្ពុជានោះទេ ហើយចំនាត់ការរបស់អាជ្ញាធរ ក៏ឃើញថាមានភាពល្អប្រសើរ ជាងមុនដែរ ដោយមានមន្ត្រី ចាំតាមដានជាប់ជាប្រចាំ បើទោះបីជាមិនបានល្អ១០០ភាគរយក្តី ។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍បន្ថែមថា « បច្ចុប្បន្ននេះ បើអោយវាយតម្លៃការទប់ស្កាត់ជ្រូកពីវៀតណាម អាចបានប្រមាណជាង៩០ភាគរយហើយ ដូច្នេះអ្នកពាក់ព័ន្ធត្រូវតែបន្តខិតខំអោយបាន១០០ ភាគរយ ។ ហើយក្នុងនាមជាសមាគមអ្នកចិញ្ចឹម សត្វកម្ពុជា ដែលផ្តោតលើសត្វជ្រូក យើងនឹងព្យាយាមពន្យល់ដល់កសិករ និងម្ចាស់កសិដ្ឋាន អោយយល់ដឹងពីជំងឺប៉េស្តជ្រូកអាហ្វ្រិក និងត្រូវមានវិធានការ ការពារអោយបានម៉ឺងម៉ាត់ កុំអោយវាឆ្លងមកកាន់ជ្រូកក្នុងស្រុក » ។
លោកបន្តថា ពេលនេះតម្លៃជ្រូករស់ ក៏ដូចជាសាច់ជ្រូកនៅលើទីផ្សារប្រទេសកម្ពុជា ឃើញថានៅតែមានភាពល្អប្រសើរ មិនឡើងមិនចុះ ដែលតម្លៃនៃកសិករ និងអ្នកចិញ្ចឹមជ្រូកអាចទទួលយកបាន និងអាចធ្វើអោយពួកគាត់រកប្រាក់ចំណេញសម្រាប់ផ្គត់ផ្គង់គ្រួសារបាន។ ទាក់ទងនឹងវិស័យផលិតកម្មជ្រូក រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ក្នុងពិធីនោះថាក្នុងឆ្នាំ២០១៨ ការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារមានប្រមាណជា ១,៩លានក្បាល និងជាលក្ខណៈឧស្សហកម្មប្រមាណជា ០,៨លានក្បាល និងមានកសិដ្ឋានគ្រប់កម្រិតជាង ៦៧០កសិដ្ឋាននៅទូទាំងប្រទេស។ បច្ចុប្បន្ន ការកែប្រែទម្លាប់ពីការចិញ្ចឹមជាលក្ខណៈគ្រួសារមកជាលក្ខណៈឧស្សាហកម្មបាននិងកំពុងរីកដុះដាលយ៉ាងលឿក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយស្របពេលដែលសេដ្ឋកិច្ចជាតិមានការរីកចម្រើន កំណើនប្រជាជន និងកំណើនភ្ញៀវទេសចរណ៍ សេចក្តីត្រូវការសាច់ ដែលតម្រូវឲ្យអ្នកចិញ្ចឹមជ្រូកយកចិត្តទុកដាក់គិតគូប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ សមស្របដើម្បីផលិតសាច់មានអនាម័យ និងគុណភាពឆ្លើយតបតាមតម្រូវការទីផ្សារ លើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម និងជាពិសេសធានាសុខុមាលភាពសាធារណៈ ៕
ចែករំលែកព័តមាននេះ