រាជធានីភ្នំពេញ ៖ អនុប្រធានគណៈ កម្មាធិការក្រុង Chongqing ប្រទេសចិន បានថ្លែងប្រាប់ដល់គណៈប្រតិភូកម្ពុជា ដែលដឹកនាំរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថា ប្រទេសចិនយល់ព្រមនិងឯកភាពជួយសិក្សារៀបចំផែនការអភិវឌ្ឍប្រព័ន្ធរថភ្លើងទំនើបប្រភេទ Monorail នៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ។
ការឯកភាពមួយនេះ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅក្រុង Chongqing ប្រទេសចិន នាឱកាស លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជួន បានដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សាការងារជាមួយ លោក Zhou Keqin អនុប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់បក្សនយោបាយប្រជាជនចិន នៃគណៈកម្មាធិការ ក្រុង Chong qing ។ ជាមួយគ្នានោះផងដែរ លោក លោក ស៊ុន ចាន់ថុល បានបង្ហាញនូវអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការបំពេញទស្សនកិច្ចរបស់ លោក Zhou នៅកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ដែលបានជំរុញឲ្យមានកិច្ចសហការបន្ត និងការផ្លាស់ប្តូរទស្សនកិច្ច របស់គណៈប្រតិភូកម្ពុជា មកក្រុង Chongqing នាពេលនេះ។ នេះបើតាមព័ត៌មាននៅលើ ហ្វេសប៊ុកផេករបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ។
ប្រភពដដែលបានឲ្យដឹងថា កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការ រវាង កម្ពុជា និងក្រុង Chongqing ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ជាពិសេសលទ្ធភាពនៃការអភិវឌ្ឍប្រព័ន្ធរថភ្លើងទំនើបប្រភេទ Monorail នៅកម្ពុជា និងការជួយពង្រឹងសមត្ថភាពធនធានមនុស្សរបស់ កម្ពុជា។ កិច្ចប្រជុំនេះក៏បានពិភាក្សាផងដែរពីការ តភ្ជាប់ច្រករបៀងប៉ែកខាងត្បូង រវាងប្រទេសចិន ក្រុង Chongqing ប្រទេសសិង្ហបុរី ប្រទេសវៀតណាម និងប្រទេសកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ រវាង កម្ពុជា-ចិន និងប្រទេសក្នុងតំបន់។
ជាការឆ្លើយតប លោក Zhou បានយល់ ព្រមលើសំណើរបស់ប្រតិភូកម្ពុជា « លើកិច្ចសហប្រតិបត្តិការរវាងក្រុង Chongqing និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការសិក្សារៀបចំផែនការអភិវឌ្ឍប្រព័ន្ធរថភ្លើងទំនើបប្រភេទ Monorail នៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងសិក្សាលទ្ធភាពក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងឡូជីស្ទីករវាងប្រទេសទាំងពីរ ដោយឯកឧត្តម Zhou បានសន្យាថានឹងរៀបចំក្រុមការងារគណៈប្រតិភូ នៃការិយាល័យដឹកជញ្ជូនក្រុង Chongqing (Chongqing Municipal Transport Bureau) និងក្រុមការងារឡូជីស្ទីក ទៅបំពេញទស្សនកិច្ចសិក្សា នៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ» ។
លោក Zhou ក៏បានឯកភាពតាមសំណើរ បស់លោកទេសរដ្ឋមន្ត្រី ផងដែរ លើកិច្ច សហប្រតិបត្តិការ នៃការកសាង និងពង្រឹង សមត្ថភាពមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយសន្យាថា នឹងពិនិត្យលទ្ធភាព ផ្តល់ជូននូវគ្រូបណ្តុះបណ្តាលជំនាញពីក្រុង Chongqing ទៅកម្ពុជា និងរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ សម្រាប់ផ្លាស់ប្តូរបទពិសោធន៍ និងឱកាសសិក្សាស្វែងយល់ ទៅវិញទៅមក ព្រមទាំងលទ្ធភាពនៃការផ្តល់ជូនអាហារូបករណ៍ ទៅដល់និស្សិតកម្ពុជា ថ្នាក់ឧត្តមសិក្សាផងដែរ ដើម្បីជំរុញឲ្យទំនាក់ទំនងរវាង ក្រុង Chongqing និងប្រទេសកម្ពុជា កាន់តែរីកចម្រើនទៅមុខ មួយកម្រិតទៀត។
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា បានគូសបញ្ជាក់ពីការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះឆន្ទៈ និងគោលជំហរ ក្នុងការរិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ជាពិសេសទំនាក់ទំនង រវាងក្រុង Chongqing និងក្រសួងសាធារណការ និងដឹកជញ្ជូន ហើយឯកឧត្តមទេសរដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថា៖ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ និងចូលរួមជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនឈានឡើងមួយកម្រិតទៀត។
សូមបញ្ជាក់ថាកន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហើបប្រាប់នូវគម្រោងនៃការសាងសង់រថភ្លើងលើអាកាស (Skytrain) នៅតាមបណ្តោយវិថីធំៗមួយចំនួន ក៏ដូចជាគម្រោងនៃការសាងសង់រថភ្លើងលើអាកាស តភ្ជាប់ទីក្រុងភ្នំពេញទៅកាន់ពហុកីឡដ្ឋានមរតកតេជោនៅព្រែកព្នៅដែលពហុកីឡាដ្ឋាននេះមានចម្ងាយ ១៨ គីឡូម៉ែត្រ នឹងបន្ថែមទៅលើគម្រោងបួនខ្សែដែលគ្របដណ្តប់លើផ្នែកផ្សេងៗនៃទីក្រុងដែល JICA កំពុងខិតខំបញ្ចប់នូវការសិក្សារបស់ខ្លួនទៅលើគម្រោងនៃការសាងសង់រថភ្លើងលើអាកាសនៅក្រុងភ្នំពេញនេះ ៕
ចែករំលែកព័តមាននេះ