ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្លង់​អាច​នឹង​បង្កើត​អគ្គ​កុងស៊ុល​កិត្ត​យស​នៅ​កម្ពុជា ដើម្បី​ឲ្យ​ភាគី​ទាំង​ពីរ​កាន់តែ​ល្អ​ប្រសើរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ី​ស្លង់​បាន​អះអាង​ថា ប្រមុខ​ដឹកនាំ​អ៊ី​ស្លង់​អាច​នឹង​បង្កើត​អគ្គ​កុងស៊ុល​កិត្តិយស​នៅ​រាជធានី​ភ្នំពេញ ដើម្បី​សម្របសម្រួល​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ ។ ការ​ចង់​បង្កើត​អគ្គ​កុងស៊ុល​នេះ ធ្វើ​ឡើង​ខណៈ​ដែល​លោក Gunnar…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ី​ស្លង់​បាន​អះអាង​ថា ប្រមុខ​ដឹកនាំ​អ៊ី​ស្លង់​អាច​នឹង​បង្កើត​អគ្គ​កុងស៊ុល​កិត្តិយស​នៅ​រាជធានី​ភ្នំពេញ ដើម្បី​សម្របសម្រួល​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ ។ ការ​ចង់​បង្កើត​អគ្គ​កុងស៊ុល​នេះ ធ្វើ​ឡើង​ខណៈ​ដែល​លោក Gunnar Snorri Gunnarsson ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ី​ស្លង់​ចូល​ជូន​សារតាំង និង​សម្តែង​ការ​គួរសម​សម្តេច​វិបុល សេនា ភក្តី​សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា នៅ​វិមាន​ព្រឹទ្ធសភា ។

លោក​ទូត​ក៏​បាន​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា ។ លោក​មាន​សេចក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា តាម​រយៈ​បេសកកម្ម​ការទូត​របស់​លោក​នឹង​ពូន​ជ្រុំ​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​អ៊ី​ស្លង់ – កម្ពុជា ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ទូត​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា គឺជា​គោលដៅ​ទេសចរណ៍​របស់​ប្រជាជន​អ៊ី​ស្លង់ ហើយ​នា​ពេល​អនាគត លោក​សង្ឃឹមថា នឹង​មាន​អ្នកទេសចរ​អ៊ី​ស្លង់​មក​កាន់​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត ។ ប្រទេស​អ៊ី​ស្លង់ គឺជា​ប្រទេស​តូច​ដែល​មិន​មាន​ស្ថាន​តំណាង​ប្រចាំ​ប្រទេស​ច្រើន​ទេ ។ ហេតុ​ដូចនេះ​ប្រទេស​អ៊ី​ស្លង់​មាន​សំណូមពរ​អាច​នឹង​បង្កើត​អគ្គ​កុងស៊ុល​កិត្តិយស​នៅ​រាជធានី​ភ្នំពេញ ដើម្បី​សម្របសម្រួល​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ ។

តាម​រយៈ​លោក​ឯកអគ្គរដ្ឋទូត​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ បាន​ពាំនាំ​នូវ​ព្រះរាជ​បណ្តាំ សួរសុខទុក្ខ​សេចក្តី​គោរព និង​សេចក្តី​នឹករលឹក​អំពី​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម​មុនីនាថ​សីហ​នុ និង​ថ្នាក់ដឹកនាំ​កំពូល​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​ចំពោះ​លោក​ប្រធានាធិបតី និង​ថ្នាក់ដឹកនាំ​កំពូល​គ្រប់​លំដាប់ថ្នាក់​នៃ​សាធារណរដ្ឋ​អ៊ី​ស្លង់ ។

ក្នុង​ព្រះ​បរម​នាម​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​នាម​ព្រឹទ្ធសភា​រដ្ឋសភា​រាជរដ្ឋាភិបាល​កម្ពុជា និង​ខ្លួន​ខ្ញុំ​ផ្ទាល់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ដ៏​កក់ក្តៅ​ជាទី​បំផុត​ដែល​ឯកឧត្តម​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​អ៊ី​ស្លង់​តែងតាំង​លោក​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​អ៊ី​ស្លង់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។

សម្តេច​ប្រមុខរដ្ឋ​ក៏​មាន​ជំនឿ​ជឿជាក់​ថា ក្នុង​ឋានៈ​ជា​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អ៊ី​ស្លង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​លោក​នឹង​បន្ត​ខិតខំ​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ទៅ​វិញ​ទៅ​មក​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ជា​គុណប្រយោជន៍​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ ។ សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដោយ​បាន​មើលឃើញ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ។

សម្តេច​វិបុល​សេនា​ភក្តី​សាយ​ឈុំ បាន​បញ្ជាក់​ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល​ក្រសួង ស្ថាប័ន​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រៀមខ្លួន​ជា​និច្ច ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​ជាមួយនឹង​លោក​ឯកអគ្គរដ្ឋទូត ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ឈាន​ឡើង​កម្រិត​ថ្មី​មួយទៀត ដើម្បី​ផលប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​ទៅ​វិញ​ទៅ​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ