ខេត្តព្រៃវែង ៖ ស្ត្រីឈ្មោះ អាថាវ ជាអាជីវករមា្នក់នៅក្នុងផ្សារអ្នកលឿង បានប្រាប់កោះសន្តិភាពថា គាត់បានប្រកបមុខរបរលក់ងៀតត្រីរ៉ស់ជាង២០ឆ្នាំមកហើយ ដោយមុខរបរនេះទទួលបានប្រាក់កំរ៉ៃសមរម្យ និងជួយអោយជីវភាពគ្រួសារគាត់ធូរធាច្រើន មិនពិបាកខ្វះមុខខ្វះក្រោយនោះទេ។
អាជីវករលក់ត្រីងៀតដដែលនេះបានបន្តទៀតថា ត្រីរ៉ស់ដែលគាត់ប្រឡាក់ធ្វើងៀតលក់រាល់ថ្ងៃនេះមាន២ប្រភេទ គឺត្រីរ៉ស់ចិញ្ចឹម និងត្រីរ៉ស់ស្រែ ហើយក្នុង១ថ្ងៃៗគាត់ប្រឡាក់លក់ប្រមាណជា៥០គីឡូឯណោះ។ សំរាប់ងៀតត្រីរ៉ស់ចិញ្ចឹម គាត់លក់បានតម្លៃ២៥០០០រៀល ក្នុង១គីឡូ ចំណែកងៀតត្រីរ៉ស់ស្រែ លក់បានតម្លៃ៣ម៉ឺនរៀល ចំណែកអតិថិជនរបស់គាត់វិញ ក្រៅពីប្រជាពលរដ្ឋនៅតំបន់អ្នកលឿង ក៏មានម៉ូយមកកុម្ម៉ង់ទិញយកទៅលក់បន្តនៅតាមបណ្តាស្រុកផ្សេងៗ និងនៅរាជធានីភ្នំពេញផងដែរ។
ហើយនៅក្នុងផ្សារអ្នកលឿងទាំងមូល អ្នកប្រកបមុខរបរនេះ មិនមែនមានតែរូបគាត់ម្នាក់ទេ គឺមានដល់ទៅ៥-៦នាក់ឯណោះ ប៉ុន្តែក៏មានអ្នកខ្លះលក់ដាច់ច្រើន អ្នកខ្លះលក់មិនសូវដាច់ដែរ ដោយសាររសជាតិត្រីងៀត អ្នកខ្លះធ្វើឆ្ងាញ់ អ្នកខ្លះធ្វើមិនសូវឆ្ងាញ់។
ពាក់ព័ន្ធទៅនឹងរូបមន្តនៃការវះត្រីប្រឡាក់ងៀតអោយមានរសជាតិឆ្ងាញ់ពិសានោះ ត្រូវបានស្ត្រីឈ្មោះ អាថាវ បង្ហើបឱ្យដឹងថា ពេលធ្វើត្រីអោយស្អាតរួចហើយ មុនប្រឡាក់គ្រឿងគឺគាត់យកត្រីទាំងនោះទៅត្រាំទឹកអំបិល១ម៉ោងសិន ដើម្បីអោយសាច់ត្រីរឹង រួចទើបយកមកប្រឡាក់គ្រឿង។
ពេលប្រឡាក់គ្រឿងរួចហើយ គឺត្រូវយកត្រីទាំងនោះ ទៅក្លាសេទឹកកករយៈពេល១យប់ទៀត ទើបយកទៅហាលថ្ងៃ ដោយហាលថ្ងៃរយៈពេល២ទៅ៣ថ្ងៃ ទើបអាចយកមកលក់អោយអតិថិជន ទិញយកទៅបរិភោគបាន នេះគឺជារូបមន្តពិសេស ក្នុងការប្រឡាក់ត្រីងៀតឱ្យមានរសជាតិឆ្ងាញ់៕
ចែករំលែកព័តមាននេះ