ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មូលហេតុ​អ្វី​បានជា​ការ​ប្រើប្រាស់​ប្រាក់​រៀល​មានការ​កើនឡើង តែ​កំណើន​ស្ថិត​ក្នុង​កម្រិត​ទាប ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល ៤ ឬ​៥​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នកជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បាន​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​មានការ​យល់​ដឹង​ច្រើន​ជាង​មុន​ពាក់ព័ន្ធ​នឹង​ប្រាក់​រៀល​ខ្មែរ ហើយ​គាត់​ក៏​ពេញ​និយម​ប្រើប្រាស់​ប្រាក់​រៀល​នៅ​ក្នុង​អាជីវកម្ម ប្រចាំ​ថ្ងៃ​ផង​ដែរ នាំ​ឲ្យ​មានការ​កើនឡើង​នូវ​ការ​ចាយប្រាក់​រៀល​ខ្មែរ…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល ៤ ឬ​៥​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នកជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បាន​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​មានការ​យល់​ដឹង​ច្រើន​ជាង​មុន​ពាក់ព័ន្ធ​នឹង​ប្រាក់​រៀល​ខ្មែរ ហើយ​គាត់​ក៏​ពេញ​និយម​ប្រើប្រាស់​ប្រាក់​រៀល​នៅ​ក្នុង​អាជីវកម្ម ប្រចាំ​ថ្ងៃ​ផង​ដែរ នាំ​ឲ្យ​មានការ​កើនឡើង​នូវ​ការ​ចាយប្រាក់​រៀល​ខ្មែរ ។ តែ​ការ​ជម្រុញ ឬ​បំផុស​ឲ្យ​មានការ​ប្រើប្រាស់​ប្រាក់​រៀល​ខ្មែរ​ឲ្យ​មាន​កំណើន​បន្ថែម​ទៀត គឺ​ទាមទារ​ឱ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ខណៈ​ប្រាក់​ដុល្លារ​នៅ​តែ​មានការ​ពេញ​និយម​ខ្លាំង​ពី​ពលរដ្ឋ​នៅ​តែ​មានការ​ប្រើប្រាស់ បើ​ធៀប​នឹង​ប្រាក់​ដុល្លារ ។

លោក ដុស ឌី​ន អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ឱ្យ​ដឹង​ក្នុង​ទិវា​ប្រាក់​រៀល​ខួប​លើក​ទី​៣៩ នៃ​ការ​ដាក់​ឱ្យ​ចរាចរណ៍​ប្រាក់​រៀល​ឡើង​វិញ​កាលពី​ថ្ងៃ​ទី​២៥ ខែមីនា នៅ​ផ្សារ​ទំនើប​អ៊ី​អន​ទី​២​ថា តាម​ការ​សង្កេត តម្រូវការ​នៃ​ការ​ប្រើប្រាស់​ប្រាក់​រៀល​មានការ​កើនឡើង តែ​កំណើន​នេះ​វា​មិន​កើនឡើង​ខ្លាំង​តាម​ការ​ចង់​បាន​របស់ ធនាគារជាតិ ឬ​រាជរដ្ឋាភិបាល​។

អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត លើក​ឡើង​ថា «​ស្ថាបន​មីក្រូហិរញ្ញវត្ថុ​នីមួយ​ៗ​យកចិត្តទុកដាក់​ចង់ឱ្យ​មានការ​ប្រើប្រាស់​ប្រាក់​រៀល​បាន​កាន់តែ​ច្រើន​។ គាត់​តែងតែ​ខំ​រក​វិធី​ក្នុង​លើកទឹកចិត្ត​ឱ្យ​អតិថិជន​ក៏​ដូច​ជា​បុគ្គលិក​ប្រើប្រាស់​លុយ​រៀល​។ ជាក់ស្តែង​អម្រឹត​យើង នៅ​ក្នុង​បញ្ជី​ការ​គណនេយ្យ​របស់​យើង​កត់​ត្រា​ជា​លុយ​រៀល​សុទ្ធ​,​រាល់​ប្រាក់​បំណាច់​ឬ​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ផ្សេង​ៗ​យើង​បើក​ជា​ប្រាក់​រៀល​, យើង​លើកទឹកចិត្ត​ដល់​អតិថិជន​ដែល​មាន​ចំណូល​ជា​ប្រាក់​រៀល ទទួលយក​កម្ចី​ឬ​សេវាកម្ម​ជា​លុយ​រៀល ដើម្បី​កាត់​បន្ថយ​នូវ​ហានិភ័យ​ដែល​កើតឡើង​ពី​អត្រា​ប្តូរ​ប្រាក់​អាច​នឹង​កើត​មាន​ឡើង​» ។

បើ​តាម​លោក ដុស ឌី​ន មក​ដល់​សព្វ​ថ្ងៃនេះ អ​ម្រិ​ត​បាន​ផ្តល់​ឥណទាន​ជា​ប្រាក់​រៀល​ទៅ​ដល់​អតិថិជន​គិត​ជា​ប្រាក់​រៀល​មាន​ប្រមាណ ២០% ស្មើ​ប្រមាណ​១៦០​លាន​ដុល្លារ ក្នុង​ចំណោម​ឥណទាន​សរុប ៨០០​លាន​ដុល្លារ ។ ​តាម​លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​អគ្គនាយក​ធនាគារ​អេ​ស៊ី​លី​ដា បានឱ្យ​ដឹង​ថា អេ​ស៊ី​លី​ដា ផ្តល់​ឥណទាន​ជា​ប្រាក់​រៀល​ទៅ​ឱ្យ​អតិថិជន​បាន​ច្រើន គឺ​ដោយសារ អេ​ស៊ី​លី​ដា​ព្យាយាម​ពន្យល់​ពី​អត្ថប្រយោជន៍​ប្រាក់​រៀល ធៀប​ទៅ​និង​ប្រាក់​ដុល្លារ​សព្វថ្ងៃ​។

លោក​បណ្ឌិត​អ៊ិ​ន​ចាន់​នី មាន​ប្រសាសន៍​ថា « នៅ​ពេល​ប្រាក់​រៀល​របស់​ពួក​គាត់ (​អតិថិជន​) មានការ​រហែក ឬ​ប្រឡាក់​គឺ​យើង​ទទួលយក​ដោយ​រីករាយ​។ យើង​មាន​កន្លែង​ដែល​ត្រូវ​ដោះ​ដូរ គឺ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា ស្ថិត​នៅ​កម្រិត​ថ្នាក់​ជាតិ​និង​នៅ​តាម​មូលដ្ឋាន​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​។​លើស​ពី​នេះ​នូវ​មានការ​ផ្តល់​ជូន​នូវ​អត្រា​ពិសេស​សម្រាប់​អតិថិជន​ដែល​ត្រូវការ​ប្រាក់​រៀល បើ​ធៀប​និង​ប្រាក់​ដុល្លារ​»​។
លោក ជំទាវ នាវ ច​ន្ទ័​ថា​ណា ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​ប្រើប្រាស់​ប្រាក់​រៀល​កាន់តែ​ទូលំទូលាយ​ក្នុង​សេដ្ឋកិច្ច នឹង​ជួយ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​គោលនយោបាយ​រូបិយ​វត្ថុ និង​អត្រា​ប្តូរ​ប្រាក់ ក្នុង​គោលដៅ​រក្សា​ស្ថិរភាព​ថ្លៃ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ទាំងមូល ព្រមទាំង​ផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន ទៀត​មក​ដល់​សេដ្ឋកិច្ច​។

លោក​ជំទាវ បញ្ជាក់​ថា « ចំពោះ​វិស័យ​ពាណិជ្ជកម្ម ការ​ប្រើប្រាស់​ប្រាក់​រៀល តែ​មួយ​អាច​ជួយ​កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ​ដូច​ការ​ប្តូរ​ប្រាក់ សម្រាប់​ដោះ​ដូរ ក្នុងស្រុក កាត់​បន្ថយ​ហានិភ័យ​ពី​ការ​បាត់បង់​តម្លៃ​ដោយសារ​បម្រែបម្រួល​អត្រា​ប្តូរ​ប្រាក់ និង​សម្រួលការ​កំណត់​ថ្លៃ​ទូទាត់​តែ​មួយ ដែល​ធ្វើ​ឱ្យ​ការ​ដោះ​ដូរ​ប្រព្រឹត្ត​ទៅ​យ៉ាង​ងាយស្រួល​និង​ឆាប់រហ័ស​។​ការ​ប្រើប្រាស់​ប្រាក់​រៀល​រួមចំណែក​ជំរុញ​ការ​វិនិយោគ​និង​បង្កើត​ការងារ តាម​រយៈ​ឥទ្ធិពល​នៃ​គោ​លន​យោ​បា​យា​រូបិយ​វត្ថុ លើ​ការ​បន្ទាប​អត្រា​ការ​ប្រាក់ ទីផ្សារ​ដែល​ជា​កត្តា​កំណត់​និន្នាការ​នៃ​កម្ចី​សម្រាប់​ការ​វិនិយោគ​និង​ផលិតកម្ម និង​ឈាន​ទៅ​ជំរុញ​ឱ្យ​មានការ​បង្កើត​ការងារ​» ។

លោក​ជំទាវ​ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​បន្ត​ថា «​លើស​ពី​នេះ​ការ​ប្រើប្រាស់​ប្រាក់​រៀល​នឹង​ធ្វើ​ឱ្យ​បទេស​យើង​ទទួល​បាន​ប្រាក់​ចំណូល​ពី​ការ​បោះពុម្ព​រូបិយ​វត្ថុ និង​អនុញ្ញាត​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា ស្រូប​យក​នូវ​រូបិយប័ណ្ណ ដើម្បី​គរ​ពូន​ទុនបម្រុង​អន្តរជាតិ​សម្រាប់​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​វិនិយោគិន​មក​លើ​សេដ្ឋកិច្ច​កម្ពុជា ។ ម្យ៉ាងទៀត​រាជរដ្ឋាភិបាល​អាច​អភិវឌ្ឍ​ទីផ្សារ​សញ្ញាប័ណ្ណ​ចារឹក​ជា​ប្រាក់​រៀល​ដ៏​រឹង​មាំ​មួយ​ដើម្បី​គាំទ្រ​ដល់​ការ​ផ្តល់​ហិរញ្ញប្បទាន​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​កាត់​បន្ថយ​បំណុល​ពី​បរទេស​តាម​រយៈ​ការ​កៀរគរ​មូលនិធិ​ជា​រូបិយ​វត្ថុ​ក្នុងស្រុក​ពី​សាធារណជន​»។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ថា ពលរដ្ឋ​កម្ពុជា​ចាប់ផ្តើម​និយម​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ប្រតិបត្តិកា​អាជីវកម្ម​ច្រើន​ជាង​មុន​នោះ លោក យុន សុ​វ​ណ្ណា នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មាន​ប្រសាសន៍​ថា « តាម​ការ​សង្កេត​ផ្ទាល់ខ្លួន​របស់ខ្ញុំ ប្រាក់​រៀល​ខ្មែរ​យើង​ឥឡូវ​មានការ​និយម​ប្រើប្រាស់​ច្រើន​ពី​ប្រជាពលរដ្ឋ​ធម្មតា​ក្នុង​ការ​ទិញ​សម្ភារៈ​ប្រើប្រាស់​និង​ការ​ចំណាយ​ផ្ទាល់ខ្លួន​។ ក្នុង​អាជីវកម្ម​ទោះបី​មាន​កំណើន​កើនឡើង​នៃ​ការ​ប្រើប្រាស់​ប្រាក់​រៀល ក្នុង​នោះ​ប្រាស់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ក៏​កើន ឡើង​ដែរ​នៅ​ក្នុង​ពាណិជ្ជកម្ម​និង​អាជីវកម្ម​។ អីចឹង​ចំណុច​នេះ​យើង​ក៏​គួរ​យកចិត្តទុកដាក់​បន្ថែម ទៀត​»​។

លោក​បញ្ជាក់​ដូច្នេះ​ថា «​ក្នុង​រយៈពេល​៤ ឬ​៥​ឆ្នាំ​កន្លង​មកនេះ ខ្ញុំ​គិត​ថា​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​យល់​ដឹង​ច្រើន ហើយ​ម្ចាស់​អាជីវកម្ម​ដូច​គ្នា ។ តែ​យើង​ត្រូវ​ចង​ចាំ​ថា កម្ពុជា​យើង​ជា​ទូទៅ​ចំណេះដឹង​ទូទៅ​និង​ចំណេះដឹង​ផ្នែករ​ហិញ្ញ​វត្ថុ​របស់​យើង​មាន​កម្រិត ។ ដូចនេះ​ចំណេះដឹង​ពាក់ព័ន្ធ​បញ្ហា​អត្រា​ប្តូរ​ប្រាក់​និង​ហានិភ័យ​វា​នូវ​ជា​បញ្ហា​មួយ​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​ចំណេះដឹង​ទៅ​ដល់​ពួក​គាត់​»​។
លោក យុន សុ​វ​ណ្ណា បន្ត​ថា «​ដើម្បី​ពង្រឹង​ចំណេះដឹង​ទៅ​ដល់​ប្រពល​រដ្ឋ​ទាមទារ​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា រៀបចំ​នូវ​យុទ្ធនាការ​ថ្នាក់​ជាតិ ដែល​មាន​ចូលរួម​ពី​វិស័យ​ឯកជន ស្ថាបន​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ ដើម្បី​ឱ្យ​ពលរដ្ឋ​យល់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ប្រាក់​រៀល​ឱ្យ​បាន​កាន់តែ​ច្រើន ពិសេស​ពី​ស្រទាប់​ប្រជាពលរដ្ឋ​ទូទៅ​។​លើស​ពី​នេះ​យើង​ត្រូវ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​នូវ​ហានិភ័យ​នានា​ដែល​កើតឡើង​ពី​កា​ផ្លាស់​ប្តូរ​អត្រា​ប្តូរ​ប្រាក់​ពី​ប្រាក់​រៀល​ទៅ​រូបិយប័ណ្ណ​ផ្សេង​ៗ​ទៀត​ថា​វា​មាន​ផល​ប៉ះពាល់​និង​ហានិ​ភ័យ​»​។

លោក​លើក​ជា​ឧទាហរណ៍​ថា បើសិន​ចំណូល​ជាក់ស្តែង​របស់​ពលរដ្ឋ​បាន​មក​ជា​ប្រាក់​រៀល ពលរដ្ឋ​គួរ​ប្រើប្រាស់​ប្រាក់​រៀល​ឱ្យ​បាន​ច្រើន ហើយ​បើ​ត្រូវការ​ដើមទុន​ពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នានា គឺ​ត្រូវ​ស្នើ​សុំ ឬ​ខ្ចី​ជា​ប្រាក់​រៀល ព្រោះ​វា​សម​ស្រប​ជាមួយ​និង​ចំណូល​ទទួល​បានជា​ប្រាក់​រៀល​ជា​ជាង​ខ្ចី​លុយ​ជា​ដុល្លារ​អា​មេ​រិ​ក ធ្វើ​ឱ្យ​ខាតបង់​នូវ​អត្រា​ប្តូរ​ប្រាក់​នៅ​ពេល​សង​ត្រឡប់​។

លោក​លើក​ឡើង​ថា «​ធនាគារជាតិ​នៃ​កម្ពុជា​ដើរតួ​ធ្វើ​រឿង​នេះ ។ ជាក់ស្តែង​យើង​មាន​ទិវា​ប្រចាំឆ្នាំ​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​ថ្ងៃ​ទី​២៥​មីនា​ខាង​មុខ​នេះ ហើយ​សមាជិក​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ចូលរួម​គាំទ្រ ហើយ​យើង​ប្រើ​ទិវា​នេះ​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​។​ម្យ៉ាងទៀត​យើង​ចង់​ជំរុញ​ការ​ឯកភាព​ជាតិ​តាម​រយៈ​ការ​ប្រើប្រាស់​ប្រាក់​រៀល​»​។

លោក​បញ្ជាក់​ថា «​ការ​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​នេះ វា​ជា​រឿង​ល្អ ពីព្រោះ​ប្រទេស​កម្ពុជា​យើង​ជា​អ្នក​ផលិត អ្នកគ្រប់គ្រង ចរាចរណ៍ និង​ជា​អ្នកគ្រប់គ្រង​នូវ​គោលនយោបាយ​រូបិយ​វត្ថុ​។​បើ​យើង​ប្រើ​រូបិយប័ណ្ណ​បរទេស យើង​មិន​អាច​ផលិត​និង​គ្រប់គ្រង​គោលនយោបាយ​រូបិយ​វត្ថុ​បាន​ទេ គេ​មាន​បញ្ហា​នៅ​ប្រទេស​ដទៃ ក៏​វា​ជះ​ឥទ្ធិពល​មក​ដល់​ប្រទេស​យើង ព្រោះ​ពឹងផ្អែក​លើ​រូបិយប័ណ្ណ​ប្រទេស​គេ​។​តែបើ​ជា​រូបិយ​វត្ថុ​របស់​ជាតិ​យើង​មាន​ន័យ​ថា ធនាគារជាតិ​និង​ក្រសួង​ពាក់ព័ន្ធ​អាច​ធ្វើការ​រួម​គ្នា ដាក់​ចេញ​នូវ​គោលនយោបាយ​គ្រប់គ្រង​ឱ្យ​មាន​ប្រសិទ្ធភាព​។​ដូចនេះ​ការ​ប្រើប្រាស់​ប្រាក់​រៀល ចូលរួម​លើកកម្ពស់​ជំនឿ​ចិត្ត ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​យើង​ឱ្យ​មាន​មោទនភាព ស្រលាញ់​និង​ប្រើប្រាស់​របស់​ជា​អត្តសញ្ញាណ​ដែល​ជា​របស់​កម្ពុជា​»​។

តាម​លោក យុន​សុ​វ​ណ្ណា មក​ដល់​បច្ចុប្បន្ន​នេះ នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ការ​ប្រើប្រាស់​លុយ​រៀល​មាន​ក្នុង​រង្វង់ ១០% ហើយ​ដល់​ចុងឆ្នាំ​២០១៩​នេះ តាម​ការ​កំណត់​និង​ប្រកាស​របស់​ធនាគារជាតិ​គ្រឹះស្ថាន​ធនាគារជាតិ​និង​ហិរញ្ញវត្ថុ​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​ធន​គារ​ជាតិ​នេះ​តម្រូវ​ឱ្យ​បាន ១០% ក្នុង​ចំណោម​សំពាធ​ឥណទាន​សរុប​។

ការ​ប្រើប្រាស់​ប្រាក់​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​បើ​តាម​អ្នក​ស្រាវជ្រាវ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បង្ហាញ​ថ្មី​ៗ​នេះ​ឱ្យ​ដឹង​នៅ​តាម​តំបន់​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​ធ្លាប់តែ​ប្រើប្រាស់​ប្រាក់​ដុល្លារ​ច្រើន​ជាង​លុយ​រៀល​នោះ ពលរដ្ឋ បាន​ងាក​មក​ប្រើប្រាស់​លុយ​រៀល​ជំនួស​ប្រាក់​ដុល្លារ ច្រើន​វិញ​ដូច​មាននៅ​ឧត្ត​មាន​ជ័យ​,​ក្រុង​ព្រះ សីហ​នុ​, កែប​,​ត្បូ​ត​ឃ្មុំ​និង​ព្រៃវែង ប៉ៃលិន​និង​កោះកុង​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ