គូឡាឡាំពួរ ៖ ភ្នាក់ងារសារព័ត៌មាន Channel NewsAsia បានឲ្យដឹងកាលពីថ្ងៃអាទិត្យមកថា ប្រទេសម៉ាឡេស៊ីអាចនឹងឆ្លើយតបនឹងគម្រោងរបស់សហភាពអ៊ឺរ៉ុប (EU) ក្នុងការកាត់បន្ថយការប្រើប្រាស់ប្រេងដូងដោយទិញយន្តហោះចម្បាំងពីប្រទេសចិនវិញ។
ប្រទេសម៉ាឡេស៊ីគឺជាប្រទេសផលិតប្រេងដូងធំជាងគេលេខពីរបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ហើយក្នុងពេលថ្មីៗនេះបានប្រឆាំងនឹងគម្រោងរបស់ក្រុមប្រទេសអ៊ឺរ៉ុបក្នុងការកាត់បន្ថយការប្រើប្រេងចម្រាញ់ពីរុក្ខជាតិនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីបានប្រឆាំងជាមួយនឹងតំណាងរាស្ត្រក្នុង EU ទាក់ទិននឹងការដាំដុះដូងប្រេងដែលបានបង្កឲ្យមានការកាប់ព្រៃឈើ និងបំផ្លិចបំផ្លាញសត្វព្រៃផងដែរ។ លោកនាយករដ្ឋមន្ត្រី Mahathir Mohamad របស់ម៉ាឡេស៊ីបាននិយាយថា ប្រទេសរបស់លោកនឹងងាកទៅប្រទេសផ្សេងសម្រាប់ការទិញយន្តហោះចម្បាំង។
លោកបានប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន Bernama ថា “ប្រសិនបើពួកគេបន្តចេញសកម្មភាពប្រឆាំងនឹងពួកយើងនោះ ពួកយើងនឹងពិចារណាទិញយន្តហោះពីប្រទេសចិន ឬប្រទេសដទៃវិញ”។ ប៉ុន្តែលោកបានបន្តថា លោកមិនមែនកំពុងតែប្រកាសសង្គ្រាមជាមួយនឹង EU ទេ ព្រោះប្រទេសរបស់លោកត្រូវការផលិតផលពីក្រុមប្រទេសនេះដែលមានប្រទេសជាច្រើនស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ម៉ាឡេស៊ី។
លោក Mahathir មានប្រសាសន៍ដូច្នេះ មុនការតាំងពិពណ៌វិស័យការពារអន្តរជាតិដែលចាប់ផ្តើមនៅថ្ងៃច័ន្ទលើកោះ Langkawi ។ រាល់ការកាត់បន្ថយការប្រើប្រាស់ប្រេងដូចដោយ EU អាចនឹងប៉ះពាល់ដល់កសិករយ៉ាងខ្លាំងដែលជាសម្លេងគាំទ្រយ៉ាងសំខាន់សម្រាប់ការបោះឆ្នោតក្នុងប្រទេសម៉ាឡេស៊ី និងឥណ្ឌូ នេស៊ី។
ជាមួយគ្នានេះផងដែរ ប្រទេសទាំងពីរកំពុងតែជួបការលំបាកក្នុងការបង្កើនតម្រូវការប្រេងដូងដែលត្រូវបានប្រើប្រាស់ក្នុងផលិតផលជាច្រើនរួមទាំងសាប៊ូ និងសូកូឡាផងដែរ។ ប៉ុន្តែតំណាងរាស្ត្រក្នុងប្រទេសបារាំងក្នុងពេលថ្មីៗនេះបានបោះឆ្នោតទាមទារឲ្យមានការឈប់ប្រើប្រាស់ប្រេងដូងចាប់ពីឆ្នាំក្រោយទៅ ៕
ចែករំលែកព័តមាននេះ