រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជួនបានឲ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ (Express Way) ដែលជាផ្លូវល្បឿនលឿនដំបូងគេនៅប្រទេសកម្ពុជា គ្រោងនឹងបញ្ចប់ការសាងសង់នាខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ហើយផ្លូវនេះនឹងអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុងមួយម៉ោង។
ដូច្នេះក្រោយពេលសាងសង់រួចរាល់ រយៈពេលធ្វើដំណើររវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ នឹងប្រែពី ៥ ម៉ោងក្នុងពេលបច្ចុប្បន្នមកនៅត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ នាពេលអនាគត ។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងតម្លៃសេវានៃការប្រើប្រាស់ផ្លូវល្បឿនលឿននេះ នៅមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ ខណៈអ្នករកស៊ីខាងសេវាដឹកជញ្ជូន ក៏ដូចជាប្រជាពលដ្ឋទូទៅ សង្ឃឹមថា តម្លៃឆ្លងកាត់ផ្លូវហាយវេ៉ដំបូងគេនេះ នឹងត្រូវបានកំណត់ក្នុងអត្រាមួយធូរថ្លៃជាង តម្លៃដែលធ្លាប់បានបង់កាលពីមុនទៅក្រុមហ៊ុនឯកជនសម្រាប់ការប្រើប្រាស់ផ្លូវជាតិលេខ ៤ កន្លងទៅ។
បើតាមប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជួនបានឲ្យដឹងថា បើទោះបីជាតម្លៃសេវាឆ្លងកាត់ផ្លូវមិនទាន់កំណត់ផ្លូវការក៏ពិតមែន តែជាបទពិសោធន៍គឺតម្លៃនៃការប្រើប្រាស់ផ្លូវល្បឿនលឿនក្នុងតំបន់ មានប្រទេសខ្លះ គឺតម្លៃមានចម្លោះពី ១០ ទៅ១៣ សេន ក្នុងមួយគីឡួម៉ែត្រ ។
ដូច្នេះប្រសិនបើ ផ្លូវល្បឿនលឿន នៅកម្ពុជាពី ភ្នំពេញ-ព្រះសីហនុ កំណត់តម្លៃប្រហាក់ប្រហែលនេះ គឺសម្រាប់ចម្ងាយជាង ១៩០ គីឡូម៉ែត្រ អ្នកប្រើប្រាស់ផ្លូវល្បឿនលឿននេះ គឺអាចត្រូវបង់ប្រាក់ពីរង្វង់ ១៩ ទៅ ២៤,៧ ដុល្លារ សម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿនមួយនេះ ។
ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា លោក ស៊ិន ចន្ទី សង្ឃឹមថាកម្រិតតម្លៃសេវាឆ្លងកាត់ បើដូចព័ត៌មានថានឹងមានកម្រិត ពី១០ សេន ទៅ ១៣ សេនក្នុងមួយគីឡូមែត្រ គឺអាចទទួលយកបានពាក់ព័ន្ធនឹងតម្លៃឆ្លងកាត់ លោក ស៊ិន ចន្ទី បានមានប្រសាសន៍បញ្ជាក់ លោកមិនទាន់បានទទួលព័ត៌មានច្បាស់ការនៅឡើយ ពីតម្លៃនៃការឆ្លងកាត់ផ្លូវល្បឿនលឿន ពីភ្នំពេញ-ព្រះសីហនុនោះទេ ។
តែលោកសង្ឃឹមថានឹងធូរថ្លៃជាងមុន ព្រោះតម្លៃបង់ពីមុនសម្រាប់ការប្រើប្រាស់ផ្លូវជាតិ លេខ៤ យើងត្រូវបង់អស់ប្រមាណជិត៤០ដុល្លារអាមេរិកឯណោះ គឺប្រមាន ៣៧ដុល្លារសម្រាប់កុងតឺន័រ ដូច្នេះ បើសិនជា (តម្លៃនៅស្រុកខ្មែរ) ត្រឹមតែ១០ទៅ១៣សេន ក្នុងមួយគីឡូម៉ែត្រ ហើយគិតសរុបទៅយើងអស់ប្រមាណតែ២៤ដុល្លារអាមេរិក អញ្ចឹងយើងគិតថាអាចទទួលយកបាន » ។
លោកបន្តថា វាមិនចម្លែកទេ ដែលផ្លូវល្បឿនលឿន រឺហាយវេរយ៍ គេយកលុយពីអ្នកឆ្លងកាត់នោះ ពីព្រោះនៅស្ទើរតែគ្រប់ប្រទេសទៅហើយ នៅលើពិភពលោក គ្មានអ្នកធ្វើផ្លូវអោយទទេ ដោយមិនយកលុយទេ ។ គេធ្វើអស់រាប់ពាន់លានដុល្លារ អញ្ចឹងគេត្រូវតែយកលុយមកវិញហើយ តែបើយកខ្ពស់ពេក ក៏មានផលអាក្រក់សម្រាប់អ្នកដឹកជញ្ជូនដែរ ។
ហើយសម្រាប់ផ្លូវល្បឿនលឿនរបស់កម្ពុជា វានឹងធ្វើអោយវិស័យដឹកជញ្ជូន កាន់តែប្រសើរ ដោយសារតែរយៈចំងាយខ្លីជាងផ្លូវចាស់ ជាពិសេសផ្លូវថ្មីនេះ អាចបើកបរបានលឿន និងមិនមានឧបសគ្គដូចការប្រើប្រាស់ផ្លូវចាស់នោះឡើយ ។
លោកបន្ថែមថា នៅពេលផ្លូវនេះ រួចរាល់នឹងផ្ដល់ផលចំណេញច្រើនណាស់ សម្រាប់វិស័យដឹកជញ្ជូន ជាក់ស្ដែងសព្វថ្ងៃនេះ ផ្លូវលេខ៤ គេប្រើពេលរហូតដល់៦ទៅ៨ម៉ោង ពីភ្នំពេញទៅព្រះសីហនុ ហើយពេលខ្លះត្រូវប្រើយូរជាងនេះ ហើយវាក៏បានស៊ីប្រេងឥន្ធនៈច្រើនផងដែរ ដោយសារតែវាស្ទះចរាចរណ៍
និងប្រើពេលយូរ ក៏ប៉ុន្តែបើសិនជាផ្លូវល្បឿនលឿនរួចរាល់ វាមានចំងាយត្រឹមតែជាង១៩០គីឡូម៉ែត្រ ដូច្នេះខ្លីជាងមុន អាចបើកលឿនជាងមុន ដែលធ្វើអោយប្រើពេលខ្លីជាងមុន អស់ប្រេងតិចជាងមុន និងមិនធ្វើអោយប៉ះពាល់ដល់បរិស្ថានផងដែរ ។
ក៏ប៉ុន្តែលោកសំណូមពរដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធថាដោយសារតែផ្លូវនេះ គេកំណត់អោយបើករាងលឿនបន្តិច ។
លោកបន្តថា «ដូច្នេះវាជាបញ្ហាមួយ ដោយសារតែរថយន្តសណ្ដោងសព្វថ្ងៃនេះជារថយន្តចាស់ៗ និងចង់នាំចូលរថយន្តថ្មីៗមកជំនួសវិញ តែពន្ធនាំចូលរថយន្តនៅខ្ពស់បើធៀបនឹងប្រទេសជិតខាង ដូច្នេះបើសិនជារដ្ឋាភិបាលសម្រួលពន្ធនាំចូលរថយន្តមកនៅកម្រិតមួយទាបបន្តិចនោះ វាជាការសម្រួលបន្ថែមមួយទៀតសម្រាប់វិស័យដឹកជញ្ជូន កម្ពុជា និងចូលរួមពង្រឹងសុវត្ថិភាពលើការដឹកជញ្ជូន និងចូលរួមថែរក្សាបរិស្ថានផងដែរ» ។
លោក វ៉ា ស៊ឹម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអោយដឹងថាតម្លៃជាក់លាក់ណាមួយ នៅមិនទាន់ដឹងប្រាកដនៅឡើយទេ រហូតទាល់តែប្រជុំជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមហ៊ុនសាងសង់ ទើបអាចកំណត់បាន ។ គួរបញ្ជាក់ថា ផ្លូវនេះនឹងប្រើពេលសាងសង់រយៈ៤៨ខែ ពោលគឺ៤ឆ្នាំដើម្បីបញ្ចប់ទាំងស្រុង នៅអំឡុងឆ្នាំ ២០២៣ខាងមុខ និងអាចដាក់អោយដំណើរការជាផ្លូវការតែម្ដង ។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុនខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ (Cambodian PPSHV Expressway Co., Ltd ) ត្រួតពិនិត្យ និងផ្តល់ការប្រឹក្សាបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ដោយប្រើប្រាស់ថវិកាវិនិយោគប្រមាណជិត ២.០០០លានដុល្លារអាមេរិក
និងប្រើប្រាស់ថវិកាបដិភាគដែលជាហិរញ្ញប្បទានឥតសំណងពិសេសរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណ ១៥០លានដុល្លារអាមេរិក ដែលត្រូវប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ ដោយគិតចាប់ផ្តើមពីខែមីនា ឆ្នាំ២០១៩ និងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តភ្ជាប់ពីភូមិទី១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិទី១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលមានទទឹងតួផ្លូវសរុប ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ។
នៅពេលចរាចរណ៍កើនឡើង ផ្លូវនេះនឹងត្រូវពង្រីកចំនួន ២ គន្លងបន្ថែមទៀត ដែលមានន័យថាមាន ៣គន្លងទៅ និង ៣ គន្លងមក ។
លោក ស៊ុន ចាន់ថុល ថ្លែងនាឱកាសសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនាសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជួន មានប្រសាសន៍បញ្ជាក់ថា «ការវិនិយោគដែលអនុវត្តតាមរូបភាពសាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ Build-operate-transfer គឺអនុញ្ញាតិឲ្យក្រុមហ៊ុន វិនិយោគមានសិទ្ធប្រមូលកំរៃសេវា ពីអ្នកប្រើប្រាស់ផ្លូវ ក្នុងអត្រាកំណត់មួយ ដូចមានចែងក្នុងកិច្ចព្រមព្រៀងសម្បទាន ទៅតាមទំហំ និងប្រភេទនៃយានយន្តនីមួយៗ ។
យោងតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្នើសុំក្រុមហ៊ុនឲ្យបញ្ចុះតម្លៃ សេវា ឆ្លងកាត់លើផ្លូវល្បឿនលឿននេះ ក្រុមហ៊ុនក៏បានឯកភាព មិនយកថ្លៃយានយន្តគ្រប់ប្រភេទ ដែលបើកបរលើផ្លូវល្បឿនលឿននេះ ក្នុងរយៈពេលមួយខែដំបូង និងបញ្ចុះតម្លៃ ២០% សម្រាប់រយៈមួយឆ្នាំបន្ទាប់ នោះ ។
លើសពីនេះទៀត ក្រុមហ៊ុនយល់ព្រមកែសម្រួលតម្លៃ ពីសេវាឆ្លងកាត់ ក្នុងរយៈពេល ៥ ឆ្នាំម្តង នៃប្រតិបត្តិអាជីវកម្មរបស់ខ្លួនផងដែរ» ។
លោករដ្ឋមន្ត្រីបន្តថា «បន្ទាប់ពីការសាងសង់រួចជាស្ថាពរ ផ្លូវនេះ នឹងក្លាយទៅជាផ្លូវប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងប្រព័ន្ធ ភស្តុភារកម្មរបស់កម្ពុជា ។
សំដៅសម្រួលដល់ការដឹកជញ្ជួនផលិតផល ដំណាំកសិផល ផលិតផលកសិ-ឧស្សាហកម្ម ក្រុមហ៊ុនវិនិយោគ និងបងប្អូនប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេស ទៅកាន់ទីផ្សារក្នុងស្រុក
និងជាពិសេសទៅកាន់ទីផ្សារបរទេសតាមរយៈកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅរបស់យើងប្រកបដោយភាពងាយស្រួល ចំណាយតិច និង ឆាប់រហ័ស សំដៅបង្កើនសមត្ថភាពប្រកួតប្រជែងធុរកិច្ច និងទាញយកអត្ថប្រយោជន៍ឲ្យបានច្រើន លើសលប់ពីសមាហរន្តកម្ម សេដ្ឋកិច្ចអាស៊ាន តំបន់ និងពិភពលោក» ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ