ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជាស្នើ​វិនិយោគិន​ចិន ជួយបង្កើត​កម្មវិធី WeChat កម្ពុជា​ដើម្បី​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួង ពាណិជ្ជកម្ម កម្ពុជា​ថ្មី​ៗ​នេះ​បាន​ស្នើ​គណៈប្រតិភូ​មូលនិធិ​ហ្សិ​ន​ចិន (Shenzhen) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជួយ​សម្របសម្រួល​គម្រោង​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ WeChat ជា​ខេមរៈភាសា…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួង ពាណិជ្ជកម្ម កម្ពុជា​ថ្មី​ៗ​នេះ​បាន​ស្នើ​គណៈប្រតិភូ​មូលនិធិ​ហ្សិ​ន​ចិន (Shenzhen) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជួយ​សម្របសម្រួល​គម្រោង​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ WeChat ជា​ខេមរៈភាសា ដើម្បី​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក (E-Commerce) បច្ចេកវិទ្យា និង​សុវត្ថិភាព​ព័ត៌មាន នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ លោក​ជំទាវ តៅ យី​តៅ (Tao Yitao) អនុប្រធាន​មូលនិធិ​ហ្សិ​ន​ចិន សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​គណៈប្រតិភូ បាន​គូសបញ្ជាក់​ថា ក្រសួងពាណិជ្ជកម្ម ចង់បាន​កម្មវិធី​ទូរស័ព្ទ​ដៃ WeChat ជា​ខមេ​រៈ​ភាសា (​ភាសា​ខ្មែរ​) ដោយសារ​កម្មវិធី​នេះ​ផ្តល់​ឱ្យ​អ្នក​ប្រើប្រាស់ ធ្វើការ​ទំនាក់ទំនង​គ្នា​គ្រប់​ទីកន្លែង​, ទូទាត់​ចំណាយ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក (E-payment) ដោយ​ប្រើប្រាស់​បា​កូដ និង​អាច​ទប់​ស្តា​ត់​ព័ត៌មាន​ក្លែងក្លាយ (Fake News) នៅ​លើ​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​ត​ថែម​ទៀត​។

លោក​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងប្រាប់​គណៈប្រតិភូ​មូលនិធិ​ហ្សិ​ន​ចិន អំពី​កំណែទម្រង់​របស់​ក្រសួងពាណិជ្ជកម្ម និង​ការ​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម (CTIS) ឆ្នាំ​២០១៩-២០២៣ ដែល​មាន​ដាក់​បញ្ចូល​សេវាកម្ម ឧស្សាហកម្ម​ធុន​ស្រាល ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និ​ច ក៏​ដូច​ជា​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​បដិវត្ត​ឧស្សាហកម្ម ៤.០ ជា​គោលដៅ​អាទិភាព​សម្រាប់​អភិវឌ្ឍន៍​។

លោក​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ដល់​មូលនិធិ​ហ្សិ​ន​ចិន និង​គណៈប្រតិភូ​ទាំងអស់ សិក្សា​លម្អិត និង​ជួយ​គាំទ្រ​កម្ពុជា តាម​រយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដោយសារ Shenzhen គឺជា​តំបន់​មួយ ដែល​មានការ​អភិវឌ្ឍ ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប និង​ឈានមុខ​គេ នៅ​លើ​វិស័យ​ផលិតកម្ម ឧស្សាហ កម្ម និង​សេវាកម្ម ជា​ពិសេស​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និក​។

លោកស្រី តៅ យី​តៅ បាន​លើក​ឡើង​ថា​លោកស្រី​នឹង​យក​សំណើ​របស់​ក្រសួងពាណិជ្ជកម្ម ទៅ​ជូន​ក្រុម​ហ៊ុន​វិនិយោគ​ចិន «​ដើម្បី​សិក្សា​អំពី​លទ្ធភាព​បង្កើត​កម្មវិធី WeChat ជា​ខេមរៈភាសា សម្រាប់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​នៅ​ក្នុង​ប្រទេស​កម្ពុជា សំដៅ​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ជាមួយ​រាជរដ្ឋាភិបាល​» ។

លោកស្រី​ក៏​បាន​បន្ត​ថា​លោកស្រី​ពិតជា​ចាប់អារម្មណ៍​ក្នុង​កា​រិ​វិនិយោគ​នៅ​ក្នុង​ប្រទេស កម្ពុជា លើ​វិស័យ​បច្ចេកវិទ្យា ពីព្រោះ នៅ​ទីក្រុង​ស៊ិ​ន​ជិន​ជាទី​ក្រុង​ដែល​ខ្លាំង​លើ​វិស័យ​បច្ចេកវិទ្យា​ជាក់ស្ដែង បណ្ដា​ក្រុមហ៊ុន បច្ចេកវិទ្យា​ជា​ច្រើន​ក៏​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​មួយ​នេះ​ដែរ ។ លោកស្រី​បន្ត​ថា នៅ​ទីក្រុង​ស៊ិ​ន​ជិន​ក៏​មាន​សាលា​បណ្ដុះបណ្ដាល​វិស័យ​បច្ចេកវិទ្យា​ដែរ ដូច្នេះ វា​ពិតជា​មាន​ភាព​ងាយស្រួល ក្នុង​ការ​បញ្ជូន​សិស្ស​និស្សិត​ពី​កម្ពុជា ដើម្បី​ទៅ​សិក្សា​នៅ​ទីក្រុង​ស៊ិ​ន​ជិន និង​ត្រលប់​មក​វិញ​ធ្វើការ​នៅ​កម្ពុជា ។

លោកស្រី តៅ យី​តៅ បន្ត​ថា « យើង​មាន​វិទ្យាស្ថាន​មួយ នៅ​ទីក្រុង​ស៊ិ​ន​ជិន និង​ជា​វិទ្យាស្ថាន​ដែល​ល្បី និង​មាន​គុណភាព​សម្រាប់​បណ្ដុះបណ្ដាល​ធនធានមនុស្ស នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា ដូច្នេះ​នៅ​ពេល​អនាគត យើង​អាច​បញ្ជូន​សិក្ខាកាម ពី​កម្ពុជា ទៅ​ទទួល​បណ្ដុះបណ្ដាល​នៅ​ទីនោះ រួច​ហើយ​យក​ពួក​គេ​មក​ធ្វើការ​នៅ​ក្រុមហ៊ុន​យើង ក្នុង​ករណី​យើង​វិនិយោគ​នៅ​កម្ពុជា អ​ញ្ចឹ​ង​វា​កាន់តែ​ងាយស្រួល​សម្រាប់​ពួក​យើង » ។

លោកស្រី​ក៏​បាន​បញ្ជាក់​ពី​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន​ផង​ដែរ ដោយ​ប្រទេស​ទាំង​ពីរ មិនមែន​ទើបតែ​មាន​ទំនាក់ទំនង​គ្នា​ក្នុង​រយៈពេល​ខ្លី​នេះ​ទេ តែបើ​តាម​ប្រវត្តិសាស្ត្រ ប្រទេស​កម្ពុជា និង​ចិន គឺ​មាន​ទំនាក់​ទំនង​តាំងពី​យូរណាស់​មក​ហើយ ជាក់ស្ដែង​នៅ​ជំនាន់​សម្ដេចព្រះ​នរោត្តម​សីហ​នុ គឺ​មានការ​ធ្វើ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មករ​វាង​មេដឹកនាំ​ទាំង​ប្រទេស ។

ជាមួយ​គ្នា​នោះ​ផង​ដែរ លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ក៏​ស្នើ​ឲ្យ​ចិន​បន្ត​ថា​វិនិយោគ​ឲ្យ​បាន​ខ្លាំងក្លា មិន​ត្រឹមតែ​វិស័យ​បច្ចេកវិទ្យា​នោះ​ទេ គឺ​កម្ពុជា​សូម​ស្វាគមន៍​នូវ​ការ​វិនិយោគ​គ្រប់​ប្រភេទ និង​ស្នើ​អោយ​វិនិ​យោគិន​មក​ពី​ទីក្រុង​មួយ​នេះ វិនិយោគ​លើ​វិស័យ​ក​សិ​-​ឧស្សាហកម្ម និង​ឧស្សាហកម្ម ដែល​កំពុង​មាន​សក្ដានុពល​ខ្ពស់ ជាក់ស្ដែង​នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​មាន​កំពុង​មានដំណើរ​ការ​ផុសផុល ដើម្បី​ត្រៀម​ទទួល​វិនិយោគិន​ទាំងនោះ ក្នុង​ការ​បង្កើត​រោងចក្រ កែ​ច្នៃ​នានា ដើម្បី​ផ្ដល់​ការងារ​ជា​ច្រើន​ទៀត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ។

គួរ​បញ្ជាក់​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ ចិន​បាន​ឈរ​លំដាប់​កំពូល ជា​វិនិយោគិន​បរទេស​ដែល​បាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា ច្រើន​ជាងគេ ហើយ​ក្នុង​នោះ​ដែរ​ចិន​ក៏​បាន​កាន់កាប់​គម្រោង​អចលនទ្រព្យ​ធំ​ៗ នៅ​កម្ពុជា​ផង​ដែរ​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ