ខេត្តព្រៃវែង ៖ ជុំវិញរឿងរ៉ាវដ៏កក្រើកមួយនេះ ដែលមហាជនកំពុងតាមដានយ៉ាងខ្លាំង និងចង់ដឹងទៀតថា តើជោគវាសនារបស់មន្ត្រីប៉ូលិសទាំង២នាក់ខាងលើទៅជាបែបណា? ហើយថែមទាំងបានលើកជាសំណួរមួយទៀតថា តើម្ចាស់រថយន្តដែលជាដើមបណ្តឹង ត្រូវទទួលខុសត្រូវដែរឬទេចំពោះរឿងរ៉ាវនេះ?
រឿងរ៉ាវសមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ ដើម្បីបង្ក្រាបជនសង្ស័យក្នុងអំពើចោរកម្ម ដែលបានកើតឡើងនៅស្រុកបាភ្នំ កាលពីយប់ថ្ងៃទី២៣ មីនា ដោយបានធ្វើអោយជនសង្ស័យម្នាក់បានស្លាប់នោះ មកទល់ព្រឹកថ្ងៃទី២៥ មីនា នេះ បានឈានដល់ការឃាត់ខ្លួនមន្ត្រីប៉ូលិសម្នាក់ហើយ ជាប់ពាក់ពន្ធ័និងការបាញ់ប្រហារទៅលើជនសង្ស័យស្លាប់ ។
ប្រភពពីកំលាំងសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីកើតមានហេតុការណ៍ផ្ទុះអាវុធនេះមក កាលពីព្រឹកថ្ងៃទី២៤ មីនា ក្រោយកើតហេតុប៉ុន្មានម៉ោង លោកឧត្តមសេនីយត្រី ពៅ ជីវី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកំលាំងចុះទៅធ្វើការស្រាវជ្រាវដោយផ្ទាល់នៅមូលដ្ឋានកើតហេតុ ។ ការស្រាវជ្រាវបានអូសបន្លាយពេលស្ទើរពេញមួយថ្ងៃ ។ ទីបំផុត នៅល្ងាចថ្ងៃដដែលនោះ ក៏មានការនាំខ្លួនមន្ត្រីនគរបាល២រូបមកធ្វើការសាកសួរ ក្នុងនោះ មានលោក ជា ឡាឌីន នាយប៉ុស្តិ៍រដ្ឋបាលឃុំកំពង់សឹង្ហ និងលោក ជឹម សាវុធ មន្ត្រីនគរបាលស្រុកព្រះស្តេច ។
ប្រភពដដែលនេះបានបញ្ជាក់ថា ក្រោយពីធ្វើការសាកសួរមន្ត្រីនគរបាលទាំង២នាក់នេះរួច កំលាំងស្នងការខេត្ត បានសម្រេចឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ឈ្មោះ ជឹម សាវុធ ដោយជាប់ពាក់ពន្ធ័ក្នុងការបាញ់ប្រហារទៅលើរថយន្តជនសង្ស័យ បណ្តាលអោយជនសង្ស័យម្នាក់ស្លាប់បាត់បង់ជីវិត ដោយឡែក មន្ត្រីនគរបាលម្នាក់ទៀត លោក ជឹម រតនៈ នាយផ្នែកអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលស្រុកព្រះស្តេច ដែលជាប់ពាក់ពន្ធ័ក្នុងរឿងនេះដែរ កំពុងរត់គេចខ្លួនបាត់ ។
ទោះជាយ៉ាងណា នៅព្រឹកថ្ងៃទី២៥ មីនា លោកឧត្តមសេនីយត្រី ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង បានអោយកោះសន្តិភាពដឹងតាមទូរស័ព្ទថា ចំពោះមន្ត្រីប៉ូលិសដែលបានធ្វើសកម្មភាពផ្ទុះអាវុធ បណ្តាលឱ្យត្រូវជនសង្ស័យរហូតដល់ស្លាប់នោះ លោកនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ហើយសំរាប់មន្ត្រីនគរបាលឈ្មោះ ជឹម រតនៈ បានដែលរត់គេចខ្លួននោះ លោកក៏បញ្ជាអោយតាមរកចាប់ខ្លួនផងដែរ គឺមិនបណ្តោយអោយរួចខ្លួននោះទេ។
គួររំលឹកឡើងដែរថា នៅវេលាម៉ោង១១យប់ថ្ងៃទី២៣ មីនា មានការផ្ទុះអាវុធបន្តបន្ទាប់គ្នាចំនួន៥គ្រាប់ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ធ្វើឡើងដោយកំលាំងនគរបាលស្រុកព្រះស្តេចចំនួន៣នាក់ នៅក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យនៃអំពើចោរកម្ម ដោយយោងទៅតាមពាក្យបណ្តឹងផ្ទាល់មាត់ពីភាគីជនរងគ្រោះម្នាក់ ឈ្មោះ ផាន់ សុឌី ដែលជាជាងជួសជុលរថយន្តនៅរាជធានី
ភ្នំពេញ ។ ដោយបានប្តឹងថា មានចោរលួចរថយន្តរបស់ខ្លួនម៉ាកព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ២AF ២៦៧៩ ហើយជនសង្ស័យបានកំពុងជិះរថយន្តនេះ នៅលើកំណាត់ផ្លូវជាតិលេខ១ ឆ្ពោះមកកាន់ខេត្តព្រៃវែង និងបានស្នើសុំឱ្យសមត្ថកិច្ចជួយស្ទាក់ចាប់ផង ។
តាមរយៈការប្តឹងនេះ លោក ជា ឡាឌីន នាយប៉ូស្តិ៍នគរបាលឃុំកំពង់សឹង្ហ បានដឹកនាំមន្ត្រីប៉ូលិស២នាក់ផ្សេងទៀត គឺលោក ជឹម សាវុធ និងលោក ជឹម រតនះ ចេញធ្វើសកម្មភាពស្ទាក់ចាប់ ព្រមទាំងមានការសហកាពីកំលាំងកងរាជអាវុធហត្ថខេត្តចំនួន៧ ទៅ៨នាក់ផងដែរ ។
លុះនៅវេលាម៉ោង១១យប់ ពេលប្រទះជួបរថយន្តជនសង្ស័យ ហើយរថយន្តមិនព្រមឈប់ និងបានបុកទំលាយបារាស់របស់សមត្ថកិច្ចទៀតនោះ ទើបធ្វើអោយមានការផ្ទុះអាវុធឡើងចំនួន៥គ្រាប់ និងបានធ្វើអោយត្រូវជនសង្ស័យឈ្មោះ ម៉ន រ៉ាវុធ ត្រង់ក្បាលចំនួន៣គ្រាប់ និងបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ។ លុះស្អែកឡើងថ្ងៃបន្ទាប់ ក្រោយពីមានការអះអាងពីក្រុមគ្រួសារនៃសព និងតាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ចផងនោះ ធ្វើអោយគេសន្និដ្ឋានថា សកម្មភាពបង្ក្រាបអំពើចោរកម្មខាងលើ អាចជាការយល់ច្រឡំ ដោយសារជនសង្ស័យនិងម្ចាស់បណ្តឹង មានការពាក់ពន្ធ័និងគ្នារឿងទិញរថយន្តបង់
រំលោះនៅខ្វះលុយ៣០០០ដុល្លារទៀត ។
ហើយត្រូវម្ចាស់រថយន្តបានយករថយន្តនោះ ទៅជួលឱ្យជនជាតិចិនជិះនៅរាជធានីភ្នំពេញ តែជនសង្ស័យបានឡើងទៅយករថយន្តនោះ ពីជនជាតិចិនវិញ ដោយមិនប្រាប់ម្ចាស់ដើម ទើបធ្វើអោយមានការស្រាវជ្រាវរកតាមប្រពន្ធ័ GPS រហូតឈានដល់ការប្តឹងសមត្ថកិច្ច ឱ្យជួយស្ទាក់ចាប់ជនសង្ស័យថា ជាចោរលួចរថយន្ត និងបានបង្កអោយមានការផ្ទុះអាវុធ បណ្តាលអោយមានអ្នកស្លាប់បែបនេះតែម្តង ។
ចែករំលែកព័តមាននេះ