ប្រទេសថៃ ៖ ភ្នាក់ងារសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីថ្ងៃទី ២០កន្លងមកេថា ឆ្នាំនេះជាឆ្នាំល្អសម្រាប់អតិថិជនដែលចង់ទិញខុនដូក្នុងប្រទេសថៃសម្រាប់ការរស់នៅ ព្រោះក្រុមហ៊ុនអចលនទ្រព្យជាច្រើននិយាយថាពួកគេនឹងផ្តោតសំខាន់លើលក់ខុនដូដែលមិនទាន់លក់ចេញឲ្យអស់ដើម្បីឆ្លើយតបនឹងការធ្លាក់ចុះនៃតម្រូវការ។
ទីផ្សារឆ្នាំនេះនឹងត្រូវបានជំរុញដោយតម្រូវការពីអតិថិជនដែលទិញខុនដូសម្រាប់ស្នាក់នៅ និងមានវិនិយោគិន និងអ្នកទិញទុកលក់បន្តតិចជាងឆ្នាំមុន។
ក្រុមហ៊ុនអចលនទ្រព្យជាច្រើននិយាយថាពួកគេនឹងផ្តោតសំខាន់លើផ្ទះទាបៗវិញឆ្នាំនេះ ដែលត្រូវបានជំរុញដោយអតិថិជនដែលទិញសម្រាប់ស្នាក់នៅទាំងស្រុង។ ក្រុមហ៊ុន CBRE គិតថាគម្រោងផ្ទះទាបៗនឹងកើនឡើងដែលបង្កឲ្យផ្នែកនេះកាន់តែមានភាពប្រកួតប្រជែងផងដែរ។ ទីផ្សារខុនដូនឹងមានការអន់ថយក្នុងឆ្នាំនេះ ដោយក្រុមហ៊ុនខុនដូនឹងផ្តោតលើការលក់ខុនដូដែលនៅសល់ច្រើនជាងចេញគម្រោងថ្មីៗ។
ក្រុមហ៊ុន CBRE គិតថាទីផ្សារខុនដូនឹងត្រូវបានជំរុញដោយអតិថិជនដែលទិញសម្រាប់ស្នាក់នៅផងដែរ។ វិនិយោគិនដែលទិញខុនដូសម្រាប់ជួលបន្តនឹងមានភាពស្ទាក់ស្ទើរជាងមុនព្រោះចំនួនជនបរទេសដែលទៅធ្វើការក្នុងប្រទេសថៃមិនបានកើនឡើងទេ។ មូលហេតុដែលអតិថិជនដែលមានបំណងទិញផ្ទះសម្រាប់ស្នាក់នៅគួរសប្បាយចិត្តគឺព្រោះក្រុមហ៊ុនអចលនទ្រព្យនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនដែលរួមមានការលក់បញ្ចុះតម្លៃ និងយុទ្ធនាការផ្សព្វផ្សាយបន្ថែមទៀតផងដែរ។
អតិថិជននឹងមើលឃើញមានគម្រោងដែលសម្រេចការសាងសង់រួចជាច្រើនក្នុងទីតាំងដែលពួកគេពេញចិត្ត។ ប៉ុន្តែការលក់បញ្ចុះតម្លៃនឹងមានតែសម្រាប់ផ្ទះក្នុងអគារដែលលក់មិនទាន់ចេញប៉ុណ្ណោះ ហើយ CBRE មិនគិតថាតម្លៃនឹងធ្លាក់ចុះទេ។ ផ្ទុយទៅវិញតម្លៃនៅតែកើនឡើងសម្រាប់ខុនដូក្នុងតំបន់សំខាន់ៗ។
ចែករំលែកព័តមាននេះ