រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងមានដឹករថយន្តសាំយ៉ុងមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន បានបុកពីក្រោយរថយន្តកុងតឺន័រកំពុងឈប់ស្តុប បណ្តាលឲ្យអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយស្លាប់កៀបជាប់ក្នុងរថយន្ត ហើយត្រូវបានប្រជាពលរដ្ឋទូរស័ព្ទហៅក្រុមអ្នកជួយសង្គ្រោះរបស់អង្គភាព៧១១ មកកាត់រថយន្តដើម្បីទាញយកសពជនរងគ្រោះចេញមកក្រៅ។
ហេតុការណ៍ដ៏រន្ធត់ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥៨នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ កែងស្តុបមហាវិថីឈ្នះឈ្នះ (ស្តុបទំនប់កប់ស្រូវ) ស្ថិតក្នុងភូមិ ព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
រថយន្ដកុងតឺន័រម៉ាក FREIGHTER ព៍ណខៀវ ពាក់ស្លាកលេខ ភ្នំពេញ៣B -៧០៦១ ជារថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតតេងឡាយ។
ចំណែករថយន្ដរងគ្រោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស មានដឹករថយន្តម៉ាកសាំយ៉ុងមួយគ្រឿង រីឯអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយដែលស្លាប់ ឈ្មោះ ហ៊ាង សេងហ៊ុយ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើតនៅភូមិជួរកណ្តាល ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេ ឃើញ រថយន្តកុងតឺន័របើកបរក្នុងទិសដៅពីលិចទៅកើត ហើយកំពុងឈប់ស្តុប ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងដោយមានដឹករថយន្តសាំយ៉ុងមួយគ្រឿងទៀតបានបើកបរក្នុងល្បឿនយ៉ាងលឿន ហើយក៏បុកពីក្រោយរថយន្តកុងតឺន័រកំពុងឈប់ស្តុបយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តម៉ាកហ៊ីយ៉ាន់ដាយក្រពឹតកៀបជាប់នឹងរថយន្តកុងតឺន័រ ធ្វើអោយអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយស្លាប់កៀបជាប់ក្នុងរថយន្តនោះផងដែរ ។ ភ្លាមៗនោះដែរ ក៏មានប្រជាពលរដ្ឋបានទូរស័ព្ទហៅក្រុមអ្នកជួយសង្គ្រោះរបស់អង្គភាព៧១១ មកកាត់រថយន្តដើម្បីទាញយកសពជនរងគ្រោះចេញមកក្រៅផងដែរ។
ក្រោយពេលកើតហេតុ ជំនាញចរាចរណ៍រាជធានីភ្នំពេញបានធ្វើការវាស់វែង និងស្ទូចរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ព្រមទាំងរថយន្តម៉ាកកុងតឺន័រខាងលើ យកទៅជំនាញចរាចរណ៍រាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខាងលើប្រគល់អោយក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕
ចែករំលែកព័តមាននេះ