ខេត្តមណ្ឌលគិរី ៖ ស្ត្រីជនជាតិព្នងម្នាក់ ព្រោះតែខ្លាចប្តីយកលុយកាក់ទៅចាយវាយផឹកស៊ីអស់ ក៏បានប្តឹងនគរបាលថា ខ្លួនត្រូវចោរប្លន់អស់ទ្រព្យសម្បត្តិពីខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩និង២០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចអូរណាវ ស្ថិតក្នុងភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា មានករណីចោរចូលប្លន់ផ្ទះប្រជាពលរដ្ឋ នេះបើតាមការបំភ្លឺពីជនរងគ្រោះដែលជាម្ចាស់ផ្ទះឈ្មោះ ចេស ហើប ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិព្នង មុខរបរកសិករ និងប្ដីឈ្មោះ ណែក ម្យន អាយុ៤១ឆ្នាំ ជនជាតិព្នង មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ។
លោកស្នងការបន្តថា បើតាមសម្តីស្ត្រីជាម្ចាស់ផ្ទះខាងលើ បានឲ្យដឹងថា «នៅម៉ោងកើតហេតុ ខ្ញុំនៅផ្ទះជាមួយកូនតូច ពេលនោះមានជនមិនស្គាល់មុខ មានគ្នាប្រហែល៣នាក់ ពាក់មួកសុវត្ថិភាពបានចូលផ្ទះខ្ញុំបានធ្វើសកម្មភាព ដោយ២នាក់បានចាប់ដៃ ខ្ទប់មាត់ និងបិទភ្នែករបស់ខ្ញុំ រីឯម្នាក់ទៀតរុះរើអីវ៉ាន់ រួចក៏រត់គេចខ្លួនបាត់អស់ទៅ។ ក្រោយពេលពួកវាទៅបាត់ ខ្ញុំក៏ពិនិត្យមើលទ្រព្យសម្បតិ្តទើបដឹងថា បានបាត់ចិញ្ជៀនមាស ចំនួន៤វង់ស្មើនិង៧ជី លុយខ្មែរ៧០ម៉ឺនរៀល និងលុយដុង១លានដុង»។
បើតាមការបញ្ជាក់របស់ស្ត្រីម្ចាស់ផ្ទះថា «ខ្ញុំមិនដឹងខ្លួនសោះ ពេលជនសង្ស័យចូលទៅចាប់ខ្ញុំ ហើយជនសង្ស័យនាំគ្នាគេចចេញទៅ ខ្ញុំមើលពុំទាន់ ព្រោះពេលនោះភ្នែករបស់ខ្ញុំស្រវាំង។ ក្រោយមកខ្ញុំបានពរកូនទៅហៅប្ដីរបស់ខ្ញុំនៅផ្ទះអ្នកជិតខាង និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង»។
លោកស្នងការបន្តថា ក្រោយស្តាប់ចម្លើយពីស្ត្រីម្ចាស់ផ្ទះ និងចុះពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ សមត្ថកិច្ចសង្ស័យករណីខាងលើជាការប្រឌិត ទើបបន្តការស្រាវជ្រាវរហូតដល់ល្ងាចថ្ងៃទី២៣ មីនា ស្ត្រីរូបនេះបានសារភាពថា «ខ្លួនពិតជាបានប្រឌិតរឿងថា មានករណីប្លន់កើតឡើងមែន ក្នុងគោលបំណងយកមាសចំនួន៧ជីទៅលាក់ទុកបំបាត់ពីប្តី ដោយសារប្តីដើរផឹកស៊ីយប់ៗជ្រៅពេក ហើយពេលចូលផ្ទះវិញ រករឿងទំនាស់ជាមួយប្រពន្ធទៀត ហេតុដូច្នេះហើយទើបខ្លួនប្រឌិតរឿងចោរប្លន់មាសខាងលើនេះ»។
លោក សូ សុវណ្ណ ស្នងការរងទទួលផែនយុត្តិធមិបានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចធ្វើការស៊ើបអង្កេតច្បាស់លាស់ហើយ ក៏ធ្វើការអប់រំណែនាំឲ្យស្ត្រីនោះវិលត្រលប់ទៅផ្ទះវិញ ព្រោះតែគាត់មានកូនតូច។ បើតាមលោកស្នងការរងបញ្ជាក់ថា ស្ត្រីម្នាក់នេះ មានស្មារតីល្អមិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែគាត់បែរជាគិតខ្លាចប្តីយកលុយទៅបំផ្លាញ ទើបបង្កើតជារឿងនេះឡើង។
តាមអ្នកជិតខាងរស់នៅភូមិពូទឺត និយាយថា បុរសជាប្តី គឺតែងទៅប្រកបធ្វើជាកម្មករគេ ដើម្បីបានកម្រៃចិញ្ចឹមគ្រួសារ ចំណែកការផឹកស៊ីពិតជាមានមែន តែក៏មិនដូចអ្វីដែលប្រពន្ធបានចោទគាត់ទាំងស្រុងដែរ៕
ចែករំលែកព័តមាននេះ