ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ស្វាយប៉ាក ហោះ​​ដល់​វៀត​ណាម​បាត់​…​ទប់​មិន​ជាប់​ទេ ម្ចាស់​ថ្លៃ​អើយ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ទីបំផុត​ ការ​ជំទាស់​របស់​អ្នក​ភូមិ​ក្រូច ​មិន​ឱ្យ​ដឹក​ដើម​ស្វាយប៉ាក​អាយុជាង​២០០​ឆ្នាំទៅ​ស្រុក​យួន ព្រមទាំង​ស្វែងរក​អាជ្ញាធរ​ខេត្ត​ឱ្យ​ជួយ​សង្គ្រោះ​ដើម​ស្វាយប៉ាកមួយ​ដើម​នេះ​ត្រូវ​បរាជ័យ ដែល​ធ្វើ​ឲ្យ​ពួក​គាត់ខកចិត្ត​យ៉ាង​ខ្លាំង ព្រោះតែ​អាជ្ញាធរ​មិន​ព្រម​ជួយ​សង្គ្រោះ ។ ប៉ុន្តែ​បែរជា​បើកដៃ​ឲ្យ​ឈ្មួញ​យក​អេ​ស្កា​វ៉ា​ទ័​រ​២​គ្រឿង…

ខេត្តស្វាយរៀង ៖ ទីបំផុត​ ការ​ជំទាស់​របស់​អ្នក​ភូមិ​ក្រូច ​មិន​ឱ្យ​ដឹក​ដើម​ស្វាយប៉ាក​អាយុជាង​២០០​ឆ្នាំទៅ​ស្រុក​យួន ព្រមទាំង​ស្វែងរក​អាជ្ញាធរ​ខេត្ត​ឱ្យ​ជួយ​សង្គ្រោះ​ដើម​ស្វាយប៉ាកមួយ​ដើម​នេះ​ត្រូវ​បរាជ័យ ដែល​ធ្វើ​ឲ្យ​ពួក​គាត់ខកចិត្ត​យ៉ាង​ខ្លាំង ព្រោះតែ​អាជ្ញាធរ​មិន​ព្រម​ជួយ​សង្គ្រោះ ។ ប៉ុន្តែ​បែរជា​បើកដៃ​ឲ្យ​ឈ្មួញ​យក​អេ​ស្កា​វ៉ា​ទ័​រ​២​គ្រឿង មក​ស្ទូច​ដើម​ស្វាយប៉ាក​ដាក់​លើ​រថយន្ត​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​យ៉ាង​រំភើយ កាលពី​វេលា​ម៉ោង​១​និង​១០​នាទី រំលងអ​ធ្រា​ត​ថ្ងៃ​ទី​២១ ខែមីនា ដោយសារ​តែ​ដើម​ស្វាយប៉ាក​យក្ស​១​ដើម​នេះ​មាន​តម្លៃ​ជិត​១​ម៉ឺន​ដុល្លារ ពេល​ឆ្លង​ដែន​ចូល​ដី​វៀតណាម ។

បើ​តាម​មន្ត្រី​យោធា​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា ឈ្មួញ​បាន​ដឹក​ឆ្លង​ដែន​តាម​ច្រករបៀង​ប៉ុស្តិ៍​ត្រឡោក​បែក ក្នុងភូមិ​តា​សួ​ស ឃុំ​ដូង ស្រុក​រមាស​ហែក ។ សូម​រំឭក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា កន្លង​ទៅ នៅ​ភូមិ​ក្រូច ឃុំ​ជ្រុង​ពពេល ស្រុក​រំដួល អ្នក​ភូមិ​បាន​ស្វះ​ស្វែងរក​ការ​សង្គ្រោះ​ដើមស្វាយប៉ាក​នេះ និង​បាន​រារាំង​២​លើក​មិន​ឱ្យ​ក្រុមឈ្មួញ​ស្ទូច​ដឹក​ចេញ តែ​ការ​រារាំង​មិន​មាន​ប្រសិទ្ធភាព​ទេ ដោយ​ត្រូវ​មន្ត្រី​ខិលខូច​ឃុបឃិត​ជាមួយ​ឈ្មួញ នាំ​ដើម​ស្វាយប៉ាក​នេះ​ចេញ​ទៅ​ប្រទេស​វៀតណាម​គួរ​ឲ្យ​ស្តាយ ។

បើ​តាម​ចាស់ទុំ​ក្នុងភូមិ​ក្រូច​ម្នាក់ អាយុ​៨២​ឆ្នាំ បាន​ឲ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ក្រុម​ឈ្មួញ​បាន​នាំ​គ្នា​មក​គាស់​រំលើង​ដើម​ស្វាយប៉ាក​មួយ​ដើម​នេះ ស្ថិត​នៅ​ភូមិ​ក្រូច ដែល​មាន​ទំហំ​ប៉ុន​កង់រទេះ កម្ពស់​ជាង​២០​ម៉ែត្រ មាន​មែក​សាខា ជា​ស្វាយ​ដ៏​កម្រ​ដែល​អាច​នឹង​បាត់​ផុត​ពូជ ក្នុងស្រុក​ខ្មែរ​ទៅ​ហើយ ។ ដើម​ស្វាយ​នេះ​មាន​អាយុ​ជាង​២០០​ឆ្នាំ​មក​ហើយ ដែល​គាត់​កើតមក​ឃើញ​ស្វាយ​នេះ​ធំ​ប៉ុន​កង់រទេះ​ទៅ​ហើយ ។

លោកតា​បាន​ឲ្យ​ដឹង​ទៀត​ថា ស្វាយ​បា​៉​ក​នេះមាន​២​ដើម ក៏​ប៉ុន្តែ​នៅ​អំឡុង​ឆ្នាំ​១៩៩៧ រន្ទះបាញ់​ងាប់​អស់​មួយ​ដើម ដែល​នៅ​ចម្ងាយ​ពី​គ្នា​ប្រមាណ​២០​ម៉ែត្រ នៅ​សល់​មួយ​ដើម​នេះ​ផ្លែ​រាល់​ឆ្នាំ ទុំ​ជ្រុះ​ក្រាល​ពេញ​ដី ។ ផ្លែ​ស្វាយប៉ាក មាន​រាង​សំប៉ែត ធំ​ជាង​ស្វាយ​ខ្លាំ​បន្តិច ផ្លែ​ខ្ចី​មានរសជាតិ​ជូរ​អាចយ​កមក​ហូប​ឬ​សាប់​ដាក់​ទឹកត្រី​ហូប​បាន ។ ពេល​ទុំ​មាន​ក្លិនក្រអូប ហើយ​រសជាតិ​ផ្អែម ក៏​ប៉ុន្តែ​ពេល​ហូប​ទៅរ​មាស់ក​បន្តិច ។ ប្រជាពលរដ្ឋ​ដែល​មាន​វ័យ​ចំណាស់ មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ព្រោះ​ដើម​ស្វាយប៉ាក​នេះ​ធ្លាប់​ផ្តល់​ម្លប់​ត្រជាក់​ត្រឈឹងត្រឈៃ​សម្រាប់​មនុស្ស សត្វ ជ្រក ។

ដើម​ស្វាយប៉ាក​យក្ស​១​ដើម​នេះ ក្រោយ​ពីមានការ​គាស់​រំលើង​គល់​ហើយ​នោះ អ្នក​ភូមិ​ដែលមានការ​ស​សោកស្តាយ បាន​នាំ​គ្នា​រារាំង​ជា​បន្តបន្ទាប់​នៅ​ថ្ងៃ​ទី​១៨ ខែមីនា ។ លុះ​នៅ​ថ្ងៃ​ទី​១៩ខែមីនា វេលា​ម៉ោង​៦​ល្ងាច ក៏​នាំ​គ្នា​រារាំង​ទៀត​ខណៈ​ឈ្មួញ​យក​អេ​ស្កា​វ៉ា​ទ័​រ​បម្រុង​លើកដាក់​លើ​រថយន្ត ។ នៅ​ថ្ងៃ​ទី​២០ ខែមីនា ពេល​ក្រុម​ឈ្មួញ​កំពុង​រត់ការ​ខ្វែងដៃខ្វែងជើង និង​ត្រៀម​អេ​ស្កា​វ៉ា​ទ័​រ​ចំនួន​២​គ្រឿង​សម្រាប់​លើកដាក់​លើ​រថយន្ត និង​ដឹក​ចេញ​នៅ​ពេល​យប់ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ លោក សុក ខា​រ៉ា​ម អភិបាលស្រុក​រំដួល មាន​ប្រសាសន៍​ថា លោក​បាន​ឲ្យ​សមត្ថកិច្ច​នគរបាល​ចុះ​ហាមឃាត់​ហើយ បើ​គ្មាន​ច្បាប់​ពី​មេព្រៃ​និង​ច្បាប់​អនុញ្ញាត​ពី​ថ្នាក់លើ​ទេ គឺ​មិន​អនុ​ញ្ញាត​ឲ្យ​ដឹក​ចេញ​ឡើយ ។ ផ្ទុយ​ទៅ​វិញ ទឹកមាត់​លោក​អភិបាលស្រុក​សាប​ដូច​ទឹកទន្លេ ហើយ​ក្រុម​ឈ្មួញ​បាន​ទទួល​ជ័យជម្នះ ៕ ​

អត្ថបទសរសេរ ដោយ