ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​លួច​ចម្លង​បទ​ចម្រៀង​អ្នក​លួច​មិន​ខ្លាច​ក្រសួង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​តាម​រយៈ​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល គ្រោង​កោះហៅ​បណ្តា​ផលិតកម្ម និង​បុគ្គល​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​បទ​ចម្រៀង ទៅ​ជួបជុំ​ដើម្បី​អប់រំ​ណែនាំ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​ឈប់​លួច​ចម្លង​ស្នាដៃ​អ្នក​ដទៃ​តាម​គ្រប់​រូបភាព ។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ករណី​ស្នាដៃ​របស់​កវី​គ​ង្គ…

រាជធានី​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​តាម​រយៈ​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល គ្រោង​កោះហៅ​បណ្តា​ផលិតកម្ម និង​បុគ្គល​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​បទ​ចម្រៀង ទៅ​ជួបជុំ​ដើម្បី​អប់រំ​ណែនាំ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​ឈប់​លួច​ចម្លង​ស្នាដៃ​អ្នក​ដទៃ​តាម​គ្រប់​រូបភាព ។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ករណី​ស្នាដៃ​របស់​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន ត្រូវ​បាន​គេ​ចម្លង​បទ​ភ្លេង ហើយ​កាឡៃ​មក​ច្រៀង​ខុស​ពី​លក្ខណៈ​ដើម ពី​ផលិតកម្ម​សាន់​ដេ ហើយ​ត្រូវ​ក្រុម​គ្រួសារ​របស់​លោក​ប្តឹង​ទៅ​កាន់​ក្រសួង​ឲ្យ​មាន​វិធានការ​ចំពោះ​រឿង​នេះ ។

មន្ត្រី​ពាក់ព័ន្ធ​របស់​ក្រសួង​វប្បធម៌​បាន​អះអាង​កាលពី​ថ្ងៃ​ទី​២១ មីនា ២០១៩​ថា ករណី​នេះ​ក្រសួង​ធ្លាប់​បាន​ធ្វើ និង​បន្ត​ធ្វើ​ជា​បន្តបន្ទាប់​រួច​មក​ហើយ មិនមែន​ធ្វើ​ឡើង​បន្ទាប់​ពី​ករណី​ក្រុម​គ្រួសារ​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​ផ្ទុះ​ឡើង​នោះ​ឡើយ ។ ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល លោក​ស៊ឹ​ម សត្តា អះអាង​ថា កន្លង​មក​បាន​អប់រំ​ណែនាំ​ជុំវិញ​ការ​លួច​ចម្លង​ស្នាដៃ​នេះ ប៉ុន្តែ​ម្ចាស់​ផលិតកម្ម និង​បុគ្គល​មួយ​ចំនួន​ហាក់​មិន​អនុវត្ត​តាម​ឡើយ​។

ការ​លួច​ចម្លង​ស្នាដៃ​របស់​អ្នកនិពន្ធ​មាន​ច្រើន​ករណី​ណាស់ ហើយដោយ​សារ​ករណី​លួច​ចម្លង​ស្នាដៃ​នេះ​ចេះ​តែ​បន្ត​កើតឡើង​ទើប​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​គ្រោង​នឹង​ហៅ​គ្រប់​ផលិតកម្ម និង​បុគ្គល​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ករណី​នេះ​ទៅ​អប់រំ​ណែនាំ ហើយ​ធ្វើ​កិច្ចសន្យា​ឲ្យ​ឈប់​ចម្លង​ស្នាដៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​។

ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​រូប​នេះ​ថ្លែង​ថា​«​កន្លង​មក​ក្រសួង​សាមី​ធ្លាប់​បាន​អប់រំ​ណែនាំ​ករណី​លួច​ចម្លង​ស្នាដៃ​នេះ តែ​មិន​មានការ​យកចិត្តទុកដាក់​អនុវត្ត​នោះ​ឡើយ ហើយ​លើក​នេះ​នឹង​អប់​រំជា​ទ្រង់ទ្រាយ​ធំ ដោយ​នឹង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លួច​ចម្លង​ស្នាដៃ​ផង​ដែរ ។ ស្នាដៃ​ដែល​មិន​បាន​ផ្ទេរ​បណ្ដាំមរតក​សាស្ត្រ ឬ​រាល់​ស្នាដៃ​ដែល​មិន​ទាន់​បាន​ចុះបញ្ជី​ម្ចាស់​កម្មសិទ្ធិ គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង ។ ដូច្នេះ​បើ​ទោះបីជា​ស្នាដៃ​ដែល​មាន​កម្មសិទ្ធិបញ្ញា ឬ​មិន​ទាន់​មាន​កម្មសិទ្ធិបញ្ញា​ក្ដី ក៏​មិន​អាច​អនុញ្ញាត​ឲ្យ​ផលិតកម្ម ឬ​បុគ្គល​ណាមួយ​យក​ទៅ​កាឡៃ​ដោយ​គ្មាន​សុំ​ច្បាប់​ត្រឹមត្រូវ ក្នុង​ន័យ​ធ្វើ​អាជីវកម្ម​នឹង​ត្រូវ​មានទោស »​។

ដោយឡែក​ពាក់ព័ន្ធ​ពាក់ព័ន្ធ​ករណី​នាយ​ចឺម យក​បទ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន មក​កាឡៃ​ច្រៀង​ខុស​របៀប​នោះ​ត្រូវ​បាន​ប្រធាន​នាយកដ្ឋាន​រូប​នេះ​អះអាង​ថា «​នាយកដ្ឋាន​សិ​ទិ្ធ​អ្នកនិពន្ធ កំពុង​រៀបចំ​ប្រមូល​ភស្តុ​តាង និង​ស្នើ​សុំ​ថ្នាក់​នាំ​ក្រសួង​ដើម្បី​ចាត់វិធានការ​ណ៍ និង​កោះហៅ​ភាគី​រំលោភ​សិ​ទិ្ធ​ទាំងអស់​មក​អប់រំ​ណែនាំ និង​បំផ្លាញ​ចោល​ទាំងអស់​នូវ​ស្នាដៃ​រំលោភច្បាប់ និង​ឲ្យ​ភាគី​រំលោភ​បំពាន​ទាំងអស់​សុំ​ទោស​ជា​សាធារណៈ និង​ធ្វើ​កិច្ចសន្យា »​។

ពាក់ព័ន្ធ​ករណី​ខាង​នេះ​តារាចម្រៀង​ជើង​ចាស់​និង​ជា​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច បាន​សាទរ​ចំពោះ​វិធានការ​របស់​ក្រសួង​នា​ពេល​នេះ​។ លោក​ថ្លែង​ថា «​ខ្ញុំ​សូម​សាទរ និង​គាំទ្រ​ចំពោះ​អ្វី​ដែល​ក្រសួង​បាន​និង​កំពុង​គិតគូរ តែបើ​និយាយ​ហើយ​បែរជា​គ្មាន​ការ​អនុវត្ត​ធ្វើ​តាម​ដូច​អ្វី​ដែល​ក្រសួង​បាន​ចេញ​សេចក្តីណែនាំ​ដូច​មុន ហើយ​គ្មាន​ការ​គោរព​នោះ​វា​ដដែល​ជា​ដដែល​ទេ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា​ពេល​នេះ​ក្រសួង​លោក​មិន​បណ្តែតបណ្ដោយ​ទៀត​ទេ នេះ​ជា​ផលប្រយោជន៍​ក្នុង​ការ​អភិរក្ស និង​អភិវឌ្ឍន៍​វិស័យ​សិល្បៈ​ចម្រៀង បើ​គ្មាន​ការ​ផលិត​ថ្មី​គឺ​មាន​ន័យ​ថា​គ្មាន​ការ​រីក​ចម្រើន​ទេ​វិស័យ​មួយ​នេះ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា​ខាង​ផលិតកម្ម​លោក​នឹង​មាន​ឆន្ទៈ​ក្នុង​ការ​ចូលរួម​គិតគូរ​ក្នុង​រឿង​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ