ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រូវការ​រោងចក្រ អគ្គី​ស​នី​ប្រើប្រាស់​បច្ចេក វិទ្យា​ថ្មី​នា​ពេល​អនាគត ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ថាមពល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ថាមពល​អគ្គិសនី​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​មាន​បញ្ហា មិន​អាច​ផ្គត់ផ្គង់​បាន​គ្រប់​តម្រូវការ​របស់​អ្នក​ប្រើប្រាស់ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា កម្ពុជា​ត្រូវការ​រោងចក្រ​អគ្គិសនី ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី ទំនើប​នា​ពេល​អនាគត ដើម្បី​ផ្គត់ផ្គង់​អោយ​គ្រប់​ទៅ​តាម​តម្រូវការ​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ថាមពល​អគ្គិសនី​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​មាន​បញ្ហា មិន​អាច​ផ្គត់ផ្គង់​បាន​គ្រប់​តម្រូវការ​របស់​អ្នក​ប្រើប្រាស់ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា កម្ពុជា​ត្រូវការ​រោងចក្រ​អគ្គិសនី ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី ទំនើប​នា​ពេល​អនាគត ដើម្បី​ផ្គត់ផ្គង់​អោយ​គ្រប់​ទៅ​តាម​តម្រូវការ​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន ។

កម្ពុ​ជានា​ពេល​នេះ​កំពុង​ប្រឈម​នូវ​កង្វះខាត​ភ្លើង​ប្រើប្រាស់ ដោយសារ​តែ​តម្រូវការ​កាន់តែ​ខ្ពស់ ដូច​ជា​នៅ​ទីក្រុង​ភ្នំពេញ សៀមរាប និង​ក្រុងព្រះសីហនុ ជាដើម ដែល​ពី​មុន​ការ​ប្រើប្រាស់​តែ​ជាង​២០​មេ​ហ្កា​វ៉ា​ត់ ប៉ុន្តែ​ពេល​នេះ ត្រូវការ​ភ្លើង​ជាង​១០០​មេ​ហ្កា​វ៉ា​ត់ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​កម្ពុ​ជានា​ឱកាស​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​ប្រមាណ​ជាង​១​ម៉ឺន​នាក់​មក​ពី​រោងចក្រ សហគ្រាស​ចំនួន​៦ នៅ​ក្នុង​ខេត្តពោធិ៍សាត់ នា​ថ្ងៃ​ទី ២០ មីនា ២០១៩ ម្សិលមិញ​នេះ​។

សម្ដេច​មាន​ប្រសាសន៍​ថា គ្រាន់តែ​នៅ​ក្នុង​វិស័យ​សំណង់​មួយ​ប៉ុណ្ណោះ កំណើន​នៃ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​ក្នុង​ខែមករា និង​កុម្ភៈ​ឆ្នាំ ២០១៩ បាន​កើនឡើង​ប្រហែល ៧០០​ភាគរយ​ធៀប​នឹង​ខែមករា​និង​ខែកុម្ភៈ​ឆ្នាំ​២០១៨​កន្លង​ទៅ ។ សម្ដេច​តេ​ជោ ថ្លែង​បញ្ជាក់​ថា «​ចំនុច​នេះ​ហើយ ដែល​ធ្វើ​អោយ​តម្រូវការ​នៃ​ការ​ប្រើប្រាស់​ភ្លើង​នៅ​កម្ពុជា​បាន​កើនឡើង​ច្រើន លើស​ពី​ការ​ព្យាករណ៍​របស់​រាជរដ្ឋាភិបាល​កាលពីមុន​នោះ » ។ សម្ដេច​តេ​ជោ​បន្ត​ថា ដំណោះស្រាយ​បន្ទាន់​ក្នុង​ការ​ផ្គត់ផ្គង់​ភ្លើង​នៅ​ទីក្រុង​ជា​បណ្តោះអាសន្ន​នៅ​ពេល​នេះ រដ្ឋាភិបាល​កំពុង​រៀបចំ អោយ​នាំ​ចូល​កប៉ាល់​ផលិត​អគ្គី​ស​នី​ពី​ប្រទេស​តួ​គី ដែល​អាច​ផ្តល់​ភ្លើង​ប្រើប្រាស់​បាន​ប្រមាណ ២០០​មេ​ហ្កា​វ៉ា​ត់ មក​ផ្គត់ផ្គង់​ក្នុង​ទីក្រុង ទម្រាំ​មាន​រោងចក្រ​ផលិត​អគ្គី​ស​នី​ថ្មី​ថែម​ទៀត ចាំ​ដក​កប៉ាល់​តួ​គី ចេញ​វិញ ។ ទោះបី​យើង​ទិញ​កប៉ាល់​ផលិត​អគ្គី​ស​នី​ពី​តួ​គី​ថ្លៃ​បន្តិច​មែន ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ទទួលផល​ប៉ះពាល់​ដោយសារ​ថ្លៃ​ភ្លើង​ទេ​។

តាម​គេហទំព័រ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថាស​ម្តេច​បាន​ជំរុញ​អោយ​ក្រសួង​រ៉ែ និង​ថាមពល សហការ​ជាមួយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ជ្រើសរើស​យក​រោងចក្រ​ផលិត​អគ្គិសនី​ដែល​មាន​លក្ខណៈ​បច្ចេកវិទ្យា​ទំនើប​ដូច​ជា​រោងចក្រ​ដែល​ប្រើប្រាស់​ហ្គា​ស (Gas) ដែល​ប្រសើរ​ជាង​ធ្យូងថ្ម ព្រោះ​យូរ​ទៅ​វា​មាន​តម្លៃ​កាន់តែ​ខ្ពស់​ដែល​បង្ក​ការ​លំបាក ។ ដូច្នេះ​យើង​ត្រូវការ​រោងចក្រ​ផលិត​អគ្គិសនី​បែប​ទំនើប​សម្រាប់​កម្ពុ​ជានា​ពេល
អនាគត ។

យោង​ទៅ​តាម​របាយការណ៍​របស់​អាជ្ញាធរ​អគ្គិសនី ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ ការ​នាំ​ចូល​ប្រភព​ថាមពល​អគ្គិសនី​មក​ផ្គត់ផ្គង់​នៅ​កម្ពុជា មាន​ប្រភព​ពី​ប្រទេស​សំខាន់​ៗ​ចំនួន​បី រួម​មាន ប្រទេស​វៀតណាម មានការ​នាំ​ចូល​ច្រើន​ជាងគេ ដែល​មាន​ទំហំ​រហូត​ដល់​២៧៧​មេ​ហ្កា​វ៉ា​ត់ ពី​ប្រទេស​ថៃ មាន​ទំហំ ១៣៥​មេ​ហ្កា​វ៉ា​ត់ និង​ពី​ប្រទេស​ឡាវ​នាំ​ចូល​ប្រមាណ​៣០​មេ​ហ្កា​វ៉ា​ត់​ផង​ដែរ ។ ដោយឡែក​ក្នុង​ឆ្នាំ ២០១៩​នេះ ផែនការ​នាំ​ចូល​ថាមពល​អគ្គិសនី​ពី​ប្រទេស​ជិត​ក៏​ប្រហាក់ប្រហែល​នឹង​ឆ្នាំ ២០១៨​កន្លង​ទៅដែរ ។

បើ​តាម​របាយការណ៍​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ដដែល​នេះ បាន​បង្ហាញ​ផង​ដែរ​ថា ប្រភព​ថាមពល​ក្នុងស្រុក សម្រាប់​ឆ្នាំ ២០១៨​កន្លង​ទៅ​នេះ កម្ពុជា​ផលិត​បាន​ប្រមាណ ២.២០៧​មេ​ហ្កា​វ៉ា​ត់ ឬ​ស្មើនឹង ៨៦,៤៥​ភាគរយ​នៃ​តម្រូវការ​សរុប ។ សម្រាប់​ឆ្នាំ ២០១៩​នេះ កម្ពុជា​នឹង​ផលិត​បាន​ថាមពល​អគ្គិសនី​សរុប​ប្រមាណ​២.៤២៨​មេ​ហ្កា​វ៉ា​ត់ ឬ​ស្មើនឹង​៧៨,៨៥​ភាគរយ​នៃ​តម្រូវការ​សរុប ហើយ​ឆ្នាំ ២០១៩​នេះ​ដែរ កម្ពុជា ត្រូវការ​ថាមពល​អគ្គិសនី​សរុប​ប្រមាណ ២.៨៧០​មេ​ហ្កា​វ៉ា​ត់ ដែល​មាន​កំណើន​ប្រមាណ ១៦,១២​ភាគរយ ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន កម្ពុជា​ទទួល​បាន​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់ ពី​ប្រភព ៦​សំខាន់​ៗ ដូច​ជា ពី​វា​រី​អគ្គិសនី រោងចក្រ​ក​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ( សូ​ឡា ) , ប្រភព​អគ្គិសនី​ពី​រោងចក្រ​ជីវម៉ាស់​, ប្រេង​ខ្មៅ និង​ប្រភព​នាំ​ចូល​ពី​ប្រទេស​ជិតខាង​មួយ​ចំនួន​តូច​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ