រាជធានីភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខក្នុងផលិតកម្មហង្សមាសឱក សុគន្ធកញ្ញា បានថតរូប Pre wedding ហើយ វាជាការបង្ហាញថាអាពាហ៍ពិពាហ៍រវាងនាង និងអគ្គនាយករងស្ថានីយទូរទស្សន៍ហង្សមាសនឹងឈានចូលមកដល់នាពេល ឆាប់ៗខាងមុខនេះ ។
បើទោះបីជាមកដល់ពេលនេះឱក សុគន្ធ មិនបានបញ្ចេញពេលវេលាជាក់លាក់ណាមួយពីថ្ងៃរៀបអាពាហ៍ពិពាហ៍របស់នាងនៅពេលណាក៏ដោយ ប៉ុន្តែជា រឿយៗនាង និងគូរដណ្តឹងតែងតែបង្ហាញភាពផ្អែមល្ហែមជាបន្តបន្ទាប់ ជាពិសេសពេលទៅដំណើរកម្សាន្តនៅក្រៅប្រទេសម្តងៗ។ ការចូលរោងការរបស់ឱក សុគន្ធ ទំនងជានឹងអាចកើតឡើង ឆាប់ៗនេះ បន្ទាប់ពីរូបភាពនៃការថត Pre wedding ត្រូវបានគេទម្លាយតាមហ្វេសប៊ុកនាពេល ថ្មីៗនេះ ។
ផេកហ្វេសប៊ុកដែលឈ្មោះRHM FAMILY បានបង្ហោះរូបភាពមួយសន្លឹកបង្ហាញពីឱក សុគន្ធកញ្ញា និងអនាគតស្វាមីដែលជាប្អូនថៅកែផលិតកម្មហង្សមាស បានគ្រងឈុតបុរាណបែបអាពាហ៍ពិពាហ៍ នៅក្នុងបរិវេណប្រាសាទមួយក្នុងខេត្តសៀមរាប ។ ជាមួយរូបថតមួយសន្លឹកនេះ ផេក នោះបានភ្ជាប់ឃ្លាមួយបញ្ជាក់យ៉ាងច្បាស់ថា «កញ្ញាឱក សុគន្ធកញ្ញា ថត Pre Wedding Idol ជិតចូលរោងការហើយ»។
ឱក សុគន្ធកញ្ញា នៅមិនទាន់ចេញមុខបកស្រាយយ៉ាងណានោះឡើយ ប៉ុន្តែហ្វេសប៊ុកផ្លូវការរបស់នាងគេឃើញនាងបង្ហោះសារថា «សួស្ដីមិត្តភក្តិ បងប្អូនទាំងអស់គ្នា…! ថ្ងៃនេះមានរូបបែកធ្លាយ ពីរូបភាព Pre-Wedding អាពាហ៍ពិពាហ៍របស់នាងខ្ញុំ តើបងប្អូនជឿដែរ ឬទេ…? បើបងប្អូនចង់ដឹងការណ៍ពិតរូបថត Preweddings ជាផ្លូវការបស់នាងខ្ញុំ សូម Share Status នេះឲ្យបានចំនួន168k Share ខ្ញុំនឹងបង្ហាញរូបភាព Pre-Wedding ជាផ្លូវការរបស់នាងខ្ញុំជូនបងប្អូនទាំងអស់គ្នា…»។
តារាចម្រៀងឱក សុគន្ធកញ្ញា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយលោកអឹុង សុខលី ជាអគ្គនាយករងទូរទស្សន៍ហង្សមាស និងជាអ្នកគ្រប់គ្រងផលិតកម្មហង្សមាស កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ៕
ចែករំលែកព័តមាននេះ