អា​មេ​រិ​ក​ងាក​ទៅ​រក​ជប៉ុន​មាន​បំណង​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ស៊ីជម្រៅ​ជាមួយ​គ្នា


រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​៖ ភ្នាក់ងារ​សារព័ត៌មាន Bloomberg បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ កន្លង​មក​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ ថា​រដ្ឋាភិបាល​របស់​លោក​នឹង​ជំរុញ​ឲ្យ​មានការ​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ស៊ីជម្រៅ​ជាមួយនឹង​ប្រទេស​ជប៉ុន​ដែល​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការ​ព្យាយាម​បើក​ទូលាយ​ទីផ្សារ​កសិកម្ម​របស់​ប្រទេស​ជប៉ុន​បន្ថែម​ទៀត ។

លោក​ប្រធានាធិបតី ត្រាំ បាន​បង្ហាញ​ពី​ភាព​មិន​ពេញចិត្ត​ទៅ​នឹង​ពន្ធ​ជប៉ុន​លើ​សាច់​គោ និង​ជ្រូក​បង្ហាញ​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​មាន​គោល​ជំហរ​រឹង​មាំ​ជាង​មុន​ក្នុង​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​ជប៉ុន​ដែល​នឹង​ចាប់ផ្តើម​ក្នុង​ពេល​ខ្លី​ខាង​មុខ ។

រដ្ឋាភិបាល​ជប៉ុន​បាន​និយាយ​ថា ការ​ចរចា​ខាង​មុខ​នេះ​នឹង​ផ្តោត​សំខាន់​លើ​បញ្ហា​ពន្ធ​។ ផ្ទុយ​មក​វិញ រដ្ឋាភិបាល​អា​មេ​រិ​ក​ចង់​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​ស៊ីជម្រៅ​ជាង​នេះ​ដែល​ផ្តោត​លើ​វិស័យ​សេវាកម្ម​និង​បញ្ហា​អត្រា​ប្តូរ​ប្រាក់​ផង​ដែរ​។

យោង​តាម​របាយការណ៍​សេដ្ឋកិច្ច​របស់​ប្រធានាធិបតី​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​អា​មេ​រិ​ក​មាន​គម្រោង​ចូលរួម​ការ​ចរចា​លើ​ពាណិជ្ជកម្ម​សេរី​ជាមួយនឹង​ជប៉ុន​។

លោក​ប្រធានាធិបតី​ត្រាំ​បាន​ឲ្យ​ដឹង​ថា​សហរដ្ឋអាមេរិក​នឹង​ទាមទារ​ការ​បើក​ទូលាយ​ទីផ្សារ​កសិកម្ម​ជប៉ុន​បន្ថែម​ទៀត​ក្នុង​កំឡុង​ពេល​ចរចា​នេះ​។

របាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ថា «​ដៃគូ​អន្តរជាតិ​ជា​ច្រើន​ដូច​ជា​អូស្ត្រាលី បង់ពន្ធ​ឲ្យ​ទៅ​ជប៉ុន​ទាប​ជាង​យ៉ាង​ខ្លាំង ដូច្នេះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​ជប៉ុន​អាច​ផ្តល់​ភាព​យុត្តិធម៌​ដល់​ក្រុមហ៊ុននាំចេញ​អា​មេ​រិ​ក​»។

លោក Robert Lighthizer ដែល​ជា​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​កបាន​និយាយ​កាលពី​ខែ​មុន​ថា​រដ្ឋាភិបាល​ទាំង​ពីរ​នឹង​ចាប់ផ្តើម​ការ​ចរចា​ពាណិជ្ជកម្ម​នៅ​ខែ​មិ​នា ប៉ុន្តែ​ពួក​គេ​ប្រហែលជា​មិន​អាច​ចាប់ផ្តើម​មុន​ខែមេសា ឬ​ឧសភា​ទេ​ព្រោះ​សហរដ្ឋអាមេរិក​កំពុង​តែ​ផ្តោត​សំខាន់​លើ​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​ចិន​។

យោង​ទៅ​តាម​ទិន្នន័យ​រដ្ឋាភិបាល​ជប៉ុន​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចូល​សាច់​គោ​ពី​អូស្ត្រាលី កា​ណា​ដា ម៉ិ​ក​ស៊ិ​ក និង​នូ​វែ​ល​សេ​ឡង់​ដែល​ជា​សមាជិក​កិច្ចព្រមព្រៀង​ស៊ីជម្រៅ​និង​ដំណើរការ​ទៅ​មុខ​នៃ​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​ប៉ា​ស៊ី​ហ្វិ​កបាន​កើនឡើង​ច្រើន​ជាង ៥០%​ទៅ​ទៀត​កាលពី​ខែមករា​។

ក្រៅពី​កសិកម្ម​ហើយ របាយការណ៍​ខាងលើ​បាន​បង្ហាញ​ថា​រដ្ឋាភិបាល​នឹង​ជំរុញ​ដល់​ប្រទេស​ជប៉ុន​និង​ប្រទេស​ចិន​ឲ្យ​បង្កើន​ការ​ទិញ​ហ្គា​ស​ពី​សហរដ្ឋអាមេរិក​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ